របាយការណ៍ថ្មីមួយរបស់សាកលវិទ្យាល័យ Brown ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី ៨ ខែកញ្ញា បានបញ្ជាក់ថា សង្គ្រាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងភេរវកម្មនៅលើពិភពលោកបានធ្វើឱ្យមនុស្សរហូតដល់ ៥៩ លាននាក់ខ្ចាត់ព្រាត់ពីផ្ទះសម្បែងចាប់តាំងពីឆ្នាំ ២០០១ មក។
ការសិក្សាស្រាវជ្រាវនេះត្រូវបានបោះពុម្ពផ្សាយដោយ «កម្មវិធីផលវិបាកនៃសង្គ្រាម» របស់សាកលវិទ្យាល័យ Brown នៅក្នុងរដ្ឋ Rhode Island។ របាយការណ៍ស្រាវជ្រាវនេះមានចំណងជើងថា៖ «ការបង្កើតជនភៀសខ្លួន៖ ការខ្ចាត់ព្រាត់ពីផ្ទះសម្បែងដោយសារសង្គ្រាមរបស់សហរដ្ឋអាមេរិកក្រោយព្រឹត្តិការណ៍ថ្ងៃទី ១១ កញ្ញា ២០០១ (Creating Refugees: Displacement Caused by the United States Post-9/11 Wars)»។
ការសិក្សាស្រាវជ្រាវនេះបានបញ្ជាក់ថា មនុស្សរវាងពី ៣៧ លាន ទៅ ៥៩ លាននាក់ក្នុងប្រទេសចំនួន ៨ ក្នុងទ្វីបអាហ្វ្រិក ទ្វីបអាស៊ី និងភូមិភាគមជ្ឈិមបូព៌ា «បានគេចចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងសង្គ្រាមឃោរឃៅបំផុតចំនួន ៨ ដែលកងយោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារ ឬបានចូលប្រឡូកចាប់តាំងពីឆ្នាំ ២០០១ មក» ដែលជាពេលដែលពួកភេរវជន al-Qaida បានវាយប្រហារសហរដ្ឋអាមេរិក។
តួលេខនៅក្នុងរបាយការណ៍នេះបានបង្ហាញថា ចំនួនមនុស្សខ្ចាត់ព្រាត់ពីផ្ទះសម្បែងបានកើនឡើងខ្លាំងពីចំនួន ២១ លាននាក់កាលពីឆ្នាំ ២០១៩។
ភាគច្រើននៃជនខ្ចាត់ព្រាត់ពីផ្ទះសម្បែងទាំងនេះ មកពីប្រទេសអ៊ីរ៉ាក់ ដោយមានចំនួនយ៉ាងតិច ៩ លាន ២ សែននាក់។ ប្រទេសស៊ីរីមានចំនួនជនខ្ចាត់ព្រាត់ច្រើនលំដាប់ទីពីរដោយមានយ៉ាងហោចណាស់ ៧ លាន ១ សែននាក់។ ប្រទេសអាហ្វហ្គានីស្ថានមានលំដាប់ទីបី ដោយមានចំនួនយ៉ាងតិច ៥ លាន ៣ សែននាក់។
អ្នកនិពន្ធនៃការសិក្សាស្រាវជ្រាវនេះបាននិយាយថា ការប៉ាន់ប្រមាណនេះបានមកពីការរាប់ចំនួនជនភៀសខ្លួន ជនស្វែងរកសិទ្ធិជ្រកកោនដើម្បីឱ្យមានការការពារជាជនភៀសខ្លួន និងជនខ្ចាត់ព្រាត់ក្នុងប្រទេស នៅក្នុងប្រទេសចំនួន ៨ ដែលសហរដ្ឋអាមេរិកបានផ្ដោតខ្លាំងបំផុតនៅក្នុងសង្គ្រាមក្រោយ ព្រឹត្តិការណ៍ថ្ងៃទី ១១ កញ្ញា ២០០១។ ប្រទេសទាំង ៨ នោះគឺប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ប៉ាគីស្ថាន យេមែន សូម៉ាលី ហ្វីលីពីន លីប៊ី និងស៊ីរី។
របាយការណ៍នេះបានលើកឡើងថា ជនខ្ចាត់ព្រាត់ពីផ្ទះសម្បែងចំនួន ៣៧ លាននាក់ «ស្ទើរស្មើនឹងចំនួនប្រជារាស្ត្រក្នុងប្រទេសកាណាដា» ហើយ «មានច្រើនជាងជនខ្ចាត់ព្រាត់ពីផ្ទះសម្បែងដោយសង្គ្រាមណាមួយ ឬក៏គ្រោះមហន្តរាយណាមួយ ចាប់តាំងពីយ៉ាងហោចណាស់ដើមសតវត្សទី ២០ មក លើកលែងតែករណីសង្គ្រាមលោកលើកទីពីរតែប៉ុណ្ណោះ»។
អ្នកនិពន្ធនៃការសិក្សាស្រាវជ្រាវនេះបានកត់សម្គាល់ថា៖ «យើងមិនបាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ឬសហរដ្ឋអាមេរិកក្នុងឋានៈជាប្រទេសមួយ ជាអ្នកទទួលខុសត្រូវតែម្នាក់គត់ចំពោះការខ្ចាត់ព្រាត់ពីផ្ទះសម្បែងទាំងនេះនោះទេ។ មូលហេតុដែលនាំឱ្យមានការខ្ចាត់ព្រាត់ពីផ្ទះសម្បែងទាំងនេះមិនមែនជាការងាយស្រួលទេ គឺវាតែងជាប់ទាក់ទិនជាមួយនឹងក្រុមយុទ្ធជនច្រើនក្រុមនិងតួអង្គមានឥទ្ធិពលផ្សេងទៀត ប្រវត្តិសាស្ត្ររាប់សតវត្ស និងកម្លាំងនយោបាយ សេដ្ឋកិច្ច និងសង្គមទ្រង់ទ្រាយធំផ្សេងៗ»។
សេចក្តីរាយការណ៍នេះបានកត់សម្គាល់ផងដែរថា៖ «ទោះបីជាក្នុងករណីងាយៗបំផុតក៏ដោយ ក៏ស្ថានភាពដែលមានស្រាប់នៃភាពទីទាល់ក្រ ការប្រែប្រួលខាងបរិស្ថាន សង្គ្រាមកាលពីមុន និងទម្រង់ផ្សេងទៀតនៃអំពើហិង្សា គឺជាកត្តាកំណត់ដែលថានរណាជាជនខ្ចាត់ព្រាត់ពីផ្ទះសម្បែង ហើយនរណាមិនមែនជាជនបែបនេះ»។
ការសិក្សាស្រាវជ្រាវបែបនេះមិនរួមបញ្ចូល «មនុស្សរាប់លាននាក់ទៀតដែលខ្ចាត់ព្រាត់ពីផ្ទះសម្បែងដោយសារសង្គ្រាមផ្សេងទៀតនៅក្រោយព្រឹត្តិការណ៍ថ្ងៃទី ១១ កញ្ញា ២០០១ នោះទេ ដែលនៅក្នុងសង្គ្រាមទាំងនោះ កងកម្លាំងសហរដ្ឋអាមេរិកបានប្រឡូកនៅក្នុងសកម្មភាព «ប្រឆាំងភេរវកម្ម» នៅក្នុងវិធីដែលមានកម្រិតប៉ុន្តែមានលក្ខណៈគួរឲ្យកត់សម្គាល់។
សង្គ្រាមផ្សេងទៀតទាំងនោះមាននៅក្នុងប្រទេសបួគីណាហ្វាសូ ប្រទេសកាមេរ៉ូន សាធារណរដ្ឋអាហ្វ្រិកកណ្តាល ប្រទេសឆាដ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប្រទេសម៉ាលី ប្រទេសនីហ្សេ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសទុយនេស៊ី៕