ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមអ្នកនិយម​កំណែទម្រង់​សង្ឃឹម​ឈ្នះ​ច្រើន​​​ក្នុង​ការ​បោះឆ្នោត​នៅ​អ៊ីរ៉ង់


មន្រ្តី​ត្រួតពិនិត្យ​ការ​បោះឆ្នោត​រាប់​សន្លឹក​ឆ្នោត​ បន្ទាប់​ពី​ការ​បិទ​មណ្ឌល​បោះឆ្នោត​នៅ​ក្រុង​តេរ៉ង់ ប្រទេសអ៊ីរ៉ង់។
មន្រ្តី​ត្រួតពិនិត្យ​ការ​បោះឆ្នោត​រាប់​សន្លឹក​ឆ្នោត​ បន្ទាប់​ពី​ការ​បិទ​មណ្ឌល​បោះឆ្នោត​នៅ​ក្រុង​តេរ៉ង់ ប្រទេសអ៊ីរ៉ង់។

ក្រុម​អ្នក​និយម​កំណែទម្រង់​ហាក់ដូចជា​បាន​ចំណេញ​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ប្រទេស​អ៊ីរ៉ង់​ដោយ​លទ្ធផល​ដំបូងៗ​កាល​ពី​ថ្ងៃអាទិត្យ​បានបង្ហាញ​ថា​ ក្រុម​អ្នកនិយម​កំណែទម្រង់​ដែល​គាំទ្រ​ដល់​ការ​ទាក់ទង​ជាមួយ​ពួក​បស្ចឹម​ប្រទេស​នឹង​ឈ្នះ​អាសនៈទាំងអស់​៣០​នៅ​ក្នុង​ក្រុង​តេរ៉ង់។​

គេរំពឹង​ថា​នឹង​ដឹង​លទ្ធផល​ចុង​ក្រោយ​បង្អស់​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​សុក្រនៅ​ថ្ងៃ​ច័ន្ទនេះ។​

លោកប្រធានាធិបតី​អ៊ីរ៉ង់​ Hassan Rouhani និង​លោកអតីតប្រធានាធិបតី Akbar Hashemi Rafsanjani ក៏​នាំ​មុខ​គេ​នៅ​ក្នុង​ការប្រកួតប្រជែង​ដើម្បី​សមាជិកភាព​នៅ​ក្នុង​សន្និបាត​ក្រុម​អ្នកជំនាញ​ការ​ដែរ។​ អង្គការ​មាន​ឥទ្ធិពល​នេះ​ឃ្លាំ​មើល​ការងារ​របស់​មេដឹកនាំ​កំពូល Ayatollah Ali Khamenei ដែលជា​អ្នកសម្រេច​ចុងក្រោយ​បង្អស់​អំពី​គោលនយោបាយ​ការបរទេស​នៃ​ប្រទេស​អ៊ីរ៉ង់​ និង​អាច​ជ្រើសរើស​មេដឹកនាំ​កំពូល​លើក​ក្រោយ​ផងដែរ។​

លទ្ធផល​មិន​ទាន់​ចប់​សព្វគ្រប់​បង្ហាញ​ថា​ ក្រុម​អ្នកនិយម​ជ្រុល​ទទួល​បរាជ័យ​ច្រើន​ក្រាស់ក្រែល​នៅ​ក្នុង​អង្គការ​នីតិ​បញ្ញត្តិ​មានកៅអី២៩០​ ដែល​គេ​ស្គាល់​ដែរ​ថា​ជា​សភា​ពិគ្រោះ​យោបល់​ឥស្លាម។​

កាលពី​ថ្ងៃ​សៅរ៍​បណ្តាញ​ផ្សាយ​ព័ត៌មាន​ជាផ្លូវការ​នៃ​ប្រទេស​អ៊ីរ៉ង់បាន​ដក​ស្រង់​ពាក្យ​សម្តី​លោក​ Rouhani ដែល​បានមាន​ប្រសាសន៍​ថា​ ការ​បោះឆ្នោត​នេះ​បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាលនូវ​ការ​គួរ​ជឿទុកចិត្តបាន​ច្រើនជាង​មុន​ និង​ឥទ្ធិពល​ច្រើន​ជាង​មុន​ផង​ដែរ។

ទីភ្នាក់ងារព័ត៌មាន​ផ្លូវការ​ IRNA ​នៃ​ប្រទេសអ៊ីរ៉ង់បាន​ដក​ស្រង់​ពាក្យ​សម្តី​លោក Rouhani ដែល​បាន​មាន​ប្រសាសន៍​ថា «ការ​ប្រកួត​ប្រជែង​គ្នាបាន​ចប់ហើយ។​ដល់ពេល​ត្រូវបើក​ជំពូក​ថ្មី​មួយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេសអ៊ីរ៉ង់ដោយ​ផ្អែក​លើ​សមត្ថភាព​ក្នុង​ប្រទេស​និង​ឱកាស​អន្តរជាតិ»៕

XS
SM
MD
LG