Hello VOA៖ គុណភាពនៃការអភិវឌ្ឍនិងអភិបាលកិច្ចគួរជាអាទិភាពសម្រាប់រដ្ឋាភិបាលអាណត្តិថ្មី
ខណៈការបោះឆ្នោតជាតិអាណត្តិទី ៧ បានបញ្ចប់ទៅ កិច្ចការឆ្លើយតបនឹងតម្រូវការនិងក្តីរំពឹងចង់បានរបស់ប្រជាពលរដ្ឋនឹងនៅតែជាបន្ទុករបស់រដ្ឋាភិបាលអាណត្តិថ្មី ជាពិសេសលើកិច្ចការអភិបាលកិច្ចរបស់ខ្លួនទាំងនៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន។ នៅក្នុងកម្មវិធី Hello VOA ស្តីអំពីអភិបាលកិច្ចល្អ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានកត់សម្គាល់ថា ស្របពេលដែលទិដ្ឋភាពនៃភាពរីកចម្រើនដូចជាហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈប្រើប្រាស់ទំនើប កំពុងរីកសាយភាយនៅទូទាំងប្រទេសនោះ គុណភាពនៃការអភិវឌ្ឍដែលផ្តោតលើការដោះស្រាយបញ្ហាបំណុល និងការបង្កើនប្រាក់ចំណូលរបស់ពលរដ្ឋ នៅតែជាបញ្ហាចម្បងរបស់រដ្ឋាភិបាល ខណៈអំពើពុករលួយជាលក្ខណៈប្រព័ន្ធនៅតែជាកត្តារារាំងរដ្ឋាភិបាលក្នុងការពង្រឹងអភិបាលកិច្ចរបស់ខ្លួនឱ្យបានប្រសើរឡើង។ លោកថ្លែងថា៖ «និន្នាការនៃកង្វះអភិបាលកិច្ចល្អ និយាយឱ្យចំទៅគឺអំពើពុករលួយហ្នឹង រឹតតែចាក់ស្រេះជាប្រព័ន្ធថែមទៅទៀត ដោយសារវិស័យឯកជននិងអ្នកកាន់អំណាចកាន់តែជិតស្និទ្ធគ្នាឡើង រហូតដល់មានការភ្ជាប់សាច់ឈាមជាគ្រួសារជាមួយនឹងគ្នាទៅទៀត។ ដូច្នេះរចនាសម្ព័ន្ធជាខ្សែនេះគឺពិបាកនឹងដោះណាស់»៕ (ទែន សុខស្រីនិត, Hello VOA, រដ្ឋអ៊ីលីណយ, ២៤ កក្កដា ២០២៣)