ទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រាប់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ថា ប្រទេសរុស្ស៊ីនិងកូរ៉េខាងជើងនឹង «ពង្រីកទំនាក់ទំនងទ្វេភាគីដ៏ទូលំទូលាយនិងមានប្រយោជន៍ជាមួយនឹងកិច្ចប្រឹងប្រែងរួម»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍បន្ថែមថា នៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់លោក Kim Jong Un នៅចំទិវារំដោះជាតិរបស់កូរ៉េខាងជើង លោក Putin បានបញ្ជាក់ថា ទំនាក់ទំនងជិតស្និទ្ធគឺជាផលប្រយោជន៍របស់ប្រទេសទាំងពីរនិងជួយពង្រឹងដល់សន្តិសុខនិងស្ថិរភាពនៅឧបទ្វីបកូរ៉េនិងតំបន់អាស៊ីឦសាន្ត។
លោក Kim Jong Un ក៏បានផ្ញើលិខិតមួយច្បាប់ផងដែរទៅកាន់លោក Putin ដោយបានបញ្ជាក់ថា មិត្តភាពរវាងរុស្ស៊ីនិងកូរ៉េខាងជើងត្រូវបានបង្កើតឡើងនៅក្នុងសម័យសង្គ្រាមលោកលើកទីពីរដោយការទទួលបានជ័យជម្នះលើប្រទេសជប៉ុន ដែលនៅពេលនោះប្រទេសជប៉ុនបានត្រួតត្រាឧបទ្វីបកូរ៉េ។
លោក Kim Jong Un បានលើកឡើងនៅក្នុងលិខិតនោះថា «កិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រនិងបែបយុទ្ធវិធី ការគាំទ្រ និងសាមគ្គីភាព» រវាងប្រទេសទាំងពីរតាំងពីពេលនោះមកបានឈានដល់កម្រិតថ្មីមួយ ដែលនោះគឺកិច្ចប្រឹងប្រែងរួមដើម្បីរារាំងការគំរាមកំហែងនិងការបង្កហេតុពីកម្លាំងយោធាសត្រូវ។
លោក Kim Jong Un បានប្រមើលមើលថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងកូរ៉េខាងជើងនឹងរីកចម្រើនផ្អែកលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៩ ដែលនៅពេលនោះ លោកបានជួបជាមួយនឹងលោក Putin៕