ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារព័ត៌មាន​នៅអាមេរិក​ទទួលបាន​រង្វាន់​ Pulitzer Prizes​ ដ៏ល្បី


បុគ្គលិក​សារព័ត៌មាន​ Seattle Times អបអរសារទរ​រង្វាន់​ Pulitzer​ Prizes របស់ខ្លួនថ្ងៃទី២០ ខែមេសា​ឆ្នាំ២០១៥។
បុគ្គលិក​សារព័ត៌មាន​ Seattle Times អបអរសារទរ​រង្វាន់​ Pulitzer​ Prizes របស់ខ្លួនថ្ងៃទី២០ ខែមេសា​ឆ្នាំ២០១៥។

សារព័ត៌មាន​ New​ York​ Times​ បាន​ឈ្នះ​រង្វាន់​ដ៏​មាន​កិត្យានុភាព​ឈ្មោះ​ Pulitzer​ Prizes​ ចំនួន​ ៣​ កាល​ពី​ថ្ងៃ​ចន្ទ​ នៅ​ពេល​ដែល​សារព័ត៌មាន​ The​ Post​ and​ Courier​ នៃ​រដ្ឋ​ South​ Carolina​ បាន​ឈ្នះ​រង្វាន់​ Pulitzer ​ខាង​សេវា​សាធារណៈ​ សម្រាប់​កម្រង​របាយ​ការណ៍​របស់​ខ្លួន​អំពី​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្រ្តី។​

របាយ​ការណ៍​របស់​សារព័ត៌មាន​ The​ Post​ and​ Courier​ បាន​ពិនិត្យ​មើល​មរណភាព​របស់​ស្រ្តី​ចំនួន​៣០០​នាក់​ក្នុង​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ។​ ចៅក្រម​ជា​ច្រើន​រូប​បាន​និយាយ​ថា​ នេះ​ជា​«កម្រង​របាយ​ការណ៍​ដ៏​គួរ​ឲ្យ​ចាប់​ចិត្ត​យ៉ាង​ខ្លាំង​ ដែល​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​រដ្ឋ​ South​ Carolina​ ជា​រដ្ឋ​មាន​ស្រ្តី​ស្លាប់​ច្រើន​ជាង​គេ​ក្នុង​ចំណោម​រដ្ឋ​នៃ​សហភាព​សហព័ន្ធ»។

សារព័ត៌មាន​ New​ York​ Times​ បាន​ឈ្នះ​រង្វាន់​ Pulitzer​ ខាង​របាយ​ការណ៍​ផ្នែក​ស៊ើប​អង្កេត​ស្តី​អំពី​ឥទ្ធពល​របស់​ក្រុម​បញ្ចុះ​បញ្ចូល​រដ្ឋសភា​ និង​ខាង​របាយ​ការណ៍​ផ្នែក​អន្តរជាតិ​ និង​ការ​ថត​រូប​បង្ហាញ​ជា​សាច់​រឿង​ ដែល​លាត​ត្រដាង​ឲ្យ​ឃើញ​រូបភាព​នៃ​ការ​ឆ្លង​រាលដាល​ដ៏​អន្តរាយ​ខ្ទេច​ខ្ទី​នៃ​ជម្ងឺ​ អ៊ីបូឡា​ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ភាគ​ខាង​លិច។​

សារ​ព័ត៌មាន​ Los Angeles Times​ បាន​ឈ្នះ​រង្វាន់​ពីរ​ ខាង​ការ​សរសេរ​អត្ថបទ​ពន្យល់​អំពី​ផល​ប៉ះ​ពាល់​នៃ​ភាព​រាំង​ស្ងួត​នៅ​ក្នុង​រដ្ឋ​ California​ និង​ខាង​ការ​រិះគន់​ទូរទស្សន៍។​

សារព័ត៌មាន​អាមេរិកាំង​មាន​កិត្យានុភាព​ពីរ​ទៀត​គឺ​ The​ Wall​ Street​ Journal​ និង​ The​ Washington​ Post​ បាន​ឈ្នះ​រង្វាន់​ម្នាក់​មួយ។​ The​ Wall​ Street​ Journal​ បាន​ឈ្នះ​រង្វាន់​ខាង​របាយ​ការណ៍​អំពី​ព័ត៌មាន​ដែល​ពី​មុន​ជា​ការ​សម្ងាត់​ ដែល​បាន​ពិនិត្យ​មើល​ប្រព័ន្ធ​សង​ប្រាក់​សម្រាប់​កម្ម​វិធី​ថែទាំ​សុខភាព​សាធារណៈ​ហៅ​ Medicare។​ សារព័ត៌មាន​ The​ Washington​ Post​ បាន​ឈ្នះ​រង្វាន់​ខាង​របាយ​ការណ៍​អំពី​ការ​បិទ​បាំង​ចំណុច​ខ្សោយ​ខាង​ការ​ការ​ពារ​សន្តិសុខ​ ដែល​ជំរុញ​ឲ្យ​មាន​ការផ្លាស់​ប្តូរ​ក្រសួង​ Secret​ Service​ ទាំង​ស្រុង។​

ព័ត៌មាន​ប្រចាំ​ឆ្នាំ​ដ៏​ធំ​បំផុត​មួយ​ក្នុង​ស.រ.អា. គឺ​ការ​បាញ់​បុរស​ឈ្មោះ​ Michael​ Brown​ ដោយ​ភ្នាក់ងារ​ប៉ូលិស​នៅ​ទីក្រុង​ Ferguson​ រដ្ឋ​ Missouri​ និង​បាតុកម្ម​អំពី​រឿង​ប្រកាន់​ពូជសាសន៍​ដែល​ជា​លទ្ធផល​នៃ​ការ​បាញ់​នេះ​ ​ ត្រូវ​បាន​រាយ​ការណ៍​ល្អិត​ល្អន់​ដោយ​សារព័ត៌មាន​ St. Louis​ Post-Dispatch​ ដែល​ធ្វើ​ឲ្យ​សារព័ត៌មាន​នេះ​បាន​ទទួល​រង្វាន់​ Pulitzer​ សម្រាប់​ការ​ថតរូប​អំពី​ព័ត៌មាន​ដែល​កើត​មាន​ឡើង​ជា​បន្ទាន់​ភ្លាមៗ។​

បុគ្គលិក​នៃ​សារព័ត៌មាន​ The​ Seattle​ Times​ បាន​ឈ្នះ​រង្វាន់​សម្រាប់​របាយ​ការណ៍​អំពី​ព្រឹត្តិ​ការណ៍​ដែល​កើត​ឡើង​ភ្លាមៗ​ នៅ​ក្នុង​សេចក្តី​រាយការណ៍​របស់​ខ្លួន​អំពី​ការ​បាក់​ដី​នៅ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន​ ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជា​ច្រើន​នាក់។​

សារព័ត៌មាន​ Bloomberg​ News​ ជា​ជ័យលាភី​ដំបូង​ដែល​បាន​ឈ្នះ​រង្វាន់​សម្រាប់​របាយ​ការណ៍​ពន្យល់​អំពី​ការ​ពិនិត្យ​មើល​ដិតដល់​នូវ​វិធី​ដែល​សាជីវកម្ម​របស់​ស.រ.អា.គេចពី​ការ​បង់​ពន្ធ​អាករ។​

រង្វាន់​សម្រាប់​របាយ​ការណ៍​ក្នុង​តំបន់​បាន​ទៅ​បុគ្គលិក​នៃ​សារព័ត៌មាន​ Daily​ Breeze​ of​ Torrance​ អំពី​ការ​ពិនិត្យ​មើល​អំពើ​ពុករលួយ​នៅ​ក្នុង​វិស័យ​អប់រំ​ក្នុង​ស្រុក​មួយ​នៃរដ្ឋ​ California។​

ក្រៅ​ពី​វិស័យ​សារព័ត៌មាន​ រង្វាន់​ Pulitzer​ ក៏​មាន​ប្រគល់​ទៅ​ឲ្យ​វិស័យ​អក្សរ​សាស្រ្ត​ ប្រវតិ្ត​សាស្រ្ត​ នាដសាស្ត្រ​ និង​ តូរ្យ​តន្រ្តី​ដែរ។​ រង្វាន់​វិស័យ​ប្រលោមលោក​ប្រឌិត​ត្រូវ​បាន​ទៅ​អ្នក​និពន្ធ​ Anthony​ Doerr​ សម្រាប់​សៀវភៅ​ប្រលោម​លោក​ក្រោម​ចំណង​ជើង​ថា​ All​ the​ Light​ We​ Cannot​ See ខណៈ​ដែល​រង្វាន់​សម្រាប់​វិស័យ​សៀវភៅ​ប្រវត្តិរូប​ ត្រូវ​បាន​ទៅ​អ្នក​និពន្ធ​ David​ Kertzer​ សម្រាប់​សៀវភៅ​របស់​លោក​ក្រោម​ចំណង​ជើង​ថា​ The​ Pope​ and​ Mussolini:​ The​ Secret​ History​ of​ Pius XI​ and​ the​ Rise​ of​ Fascism​ in​ Europe។​

រង្វាន់​ប្រចាំ​ឆ្នាំនេះ ដែល​បាន​ចាប់​ផ្តើម​ធ្វើ​តាំង​ពី​ឆ្នាំ​១៩១៧​មកនោះ ​បាន​យក​ឈ្មោះ​តាម​បណ្ណាធិការ​ដ៏​ល្បី​ល្បាញ​គឺ​លោក​ Joseph​ Pulitzer​ ហើយ​បាន​ទទួល​ការ​គ្រប់​គ្រង​ពី​សាកលវិទ្យាល័យ​ Columbia​ University​ នៅ​បូរី​ New York។​ នៅ​ក្នុង​វិស័យ​ទាំង​២០នៃ​រង្វាន់​ Pulitzer​ ជ័យលាភី​មួយៗ​បាន​ទទួល​ប្រាក់​១​ម៉ឺន​ដុល្លារ។​ ជ័យលាភី​សម្រាប់​សេវា​សាធារណៈ​ខាង​វិជ្ជាជីវៈ​សារព័ត៌មាន​បាន​ទទួល​មេដាយ​មាស​មួយ៕

ប្រែ​សម្រួល​ដោយ​ កែរ​ យ៉ាន

XS
SM
MD
LG