លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នកជំនាញច្បាប់ថៃដែលមានពិសោធន៍ នៅអង្គការសហប្រជាជាតិ លើកិច្ចការសិទ្ធិមនុស្សនៅកូរ៉េខាងជើង និងស៊ីរី ត្រូវបានតែងតាំងផ្លូវការជាអ្នករាយការណ៍ពិសេស អ.ស.ប. ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ចាប់ផ្ដើមអាណត្តិការងារពីថ្ងៃទី ១ ខែឧសភាទៅ សាស្ត្រាចារ្យ Muntarbhorn នឹងជាអ្នកជំនាញ អ.ស.ប.ទី ៧ ហើយដែលទទួលបន្ទុកឃ្លាំមើលរាយការណ៍លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោកស្រី Nazhat Shameem Khan ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. បានប្រកាសឧទ្ទេសនាមសាស្ត្រាចារ្យ Muntarbhorn ក្នុងបញ្ជីជាមួយនឹងអ្នកជំនាញការ ៥ នាក់ផ្សេង ជាបេក្ខភាពដាក់ជូនសម័យប្រជុំពេញអង្គលើកទី ៤៦ នៃក្រុមប្រឹក្សាបោះឆ្នោតយល់ព្រមតែងតាំង។
សម័យប្រជុំពេញអង្គលើកទី៤៦នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. បានអនុម័តយល់ព្រមលើការតែងតាំងសាស្ត្រាចារ្យ Muntarbhorn និងអ្នកជំនាញការទាំង ៥ ផ្សេងទៀត សម្រាប់តំណែងដែលនៅទំនេរទាំងអស់ កាលពីថ្ងៃពុធ។
លោកស្រី Nazhat Shameem Khan បានឡើងថ្លែងថា៖
«ខ្ញុំសូមអំពាវនាវដល់ភាគីរដ្ឋនិងភាគីពាក់ព័ន្ធទាំងអស់ឱ្យធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងអ្នកស្ថិតក្នុងអណ្ណត្តិទើបតែងតាំងថ្មីទាំងនេះ ក្នុងការអនុវត្តអាណត្តិការងារចំពោះមុខរបស់ពួកគេ»។
ឯកអគ្គរាជទូតកម្ពុជាលោក អាន សុខខឿន តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំទីក្រុងហ្សឺណែវ បានឡើងថ្លែងភ្លាមៗ ក្រោយការតែងតាំងសាស្ត្រាចារ្យ Muntarbhorn ថា ការបន្តទទួលយកប្រេសិតសិទ្ធិមនុស្ស អ.ស.ប. ជា «ការប្ដេជ្ញាចិត្តយ៉ាងមុតមាំ» របស់ទីក្រុងភ្នំពេញលើបញ្ហាសិទ្ធិមនុស្ស។
«ខណៈដែលបង្ហាញអំពីកិច្ចសហប្រតិបត្តិការជាថ្មីនឹងអ្នករាយការណ៍ថ្មី សាស្ត្រាចារ្យ Vitit Muntarbhorn រដ្ឋាភិបាលកម្ពុជាសង្ឃឹមជឿជាក់ថា អ្នកបន្តអាណត្តិថ្មីរូបនេះនឹងបំពេញមុខងារ ដោយប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងទៅនឹង «ក្រមប្រតិបត្តិ» និង «សេចក្ដីណែនាំទូទៅនៃនីតិវិធីពិសេស» ដែលគូសបញ្ជាក់អំពីសារៈសំខាន់នៃការកសាងអង្គហេតុ ផ្អែកទៅលើព័ត៌មានប្រកបដោយសត្យានុម័តិភាពនិងជឿទុកចិត្តបាន ដែលដកស្រង់ពីប្រភពត្រឹមត្រូវ និងក៏ដូចជាមានការអង្កេតពិចារណាលើច្បាប់ប្រទេសម្ចាស់ស្រុកនិងធម្មនុញ្ញអង្គការសហប្រជាជាតិ»។
លោកសាស្ត្រាចារ្យ Muntarbhorn នឹងត្រូវជំនួសលោកស្រីសាស្ត្រាចារ្យ Rhona Smith ដែលកាន់តួនាទីជាប្រេសិតពិសេសនេះ តាំងតែពីឆ្នាំ ២០១៥ មក ហើយលោកស្រីក៏ត្រូវបានរិះគន់ដោយរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ ជាការប្រតិកម្មនឹងក្តីបារម្ភរបស់លោកស្រីលើបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងកំណត់ផ្សាយមួយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោកស្រីសាស្ត្រាចារ្យ Rhona Smith បានកោតសរសើរលោក Muntarbhorn ថា៖
«ខ្ញុំមានកិត្តិយសដែលបានជួបលោកជាច្រើនលើក ជាច្រើនឆ្នាំកន្លងមកនេះ ហើយយើងនឹងពិភាក្សាអំពីការប្រគល់អាណត្តិនៅប៉ុន្មានសប្តាហ៍ខាងមុខ។ លោកគឺជាបុគ្គលដែលមានពិសោធន៍ខ្ពស់ ក្នុងតួនាទីជាមេធាវីអន្តរជាតិ ជាអតីតអ្នករាយការណ៍ពិសេស អ.ស.ប. និងជាបញ្ញវន្តលើកិច្ចការអាស៊ីអាគ្នេយ៍»។
លោកសាស្ត្រាចារ្យ Muntarbhorn ធ្លាប់ជាអ្នករាយការណ៍ពិសេសលើស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកូរ៉េខាងជើង ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១០។ ក្នុងគ្រាផ្សេងទៀត លោកធ្វើការផ្នែកសិទ្ធិមនុស្សជាមួយ អ.ស.ប. លើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា សិទ្ធិកុមារ ករណីឧក្រិដ្ឋកម្មនៅស៊ីរី។
លោកសាស្ត្រាចារ្យ Muntarbhorn ត្រូវបានគេស្គាល់ថាជាអ្នកតស៊ូមតិលើបញ្ហាសិទ្ធិយូរឆ្នាំមកហើយ។
អំឡុងវិបត្តិកូវីដ១៩ លោក Muntarbhorn បានបញ្ចេញមតិឱ្យមានការគាំទ្រគិតគូរដល់សិទ្ធិសេរីភាពប្រជាជនខណៈបណ្ដារដ្ឋាភិបាលនានាទូទាំងសកលលោក បានអនុវត្តវិធានការបិទខ្ទប់ រឹតត្បិតសកម្មភាពនានា ដើម្បីទប់ស្កាត់ជំងឺឆ្លង។
ក្នុងសំណេរកាលពីពេលថ្មីៗនេះ សាស្ត្រាចារ្យ Muntarbhorn បានស្នើឱ្យមានការរក្សាការពារជាផ្លូវការអាសនៈនៅអង្គមហាសន្និបាតអង្គការសហប្រជាជាតិ ជូនរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតភូមាដែលត្រូវបានទម្លាក់ដោយរដ្ឋប្រហារយោធា។
លោកបានបដិសេធមិនផ្ដល់បទសម្ភាសន៍ដល់ VOA នោះទេ នៅពេលត្រូវបានទាក់ទងនាថ្ងៃព្រហស្បតិ៍នេះ តែលោកថា លោកនឹងធ្វើអត្ថាធិប្បាយពីតំណែងថ្មី ពេលចាប់ផ្ដើមការងារពីថ្ងៃទី ១ ខែឧសភា តទៅ។
អ្នកតាមដានធ្លាប់ព្យាករណ៍ថា កាលៈទេសៈនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបច្ចុប្បន្ននឹងជាវិញ្ញាសាប្រឈមដ៏ «លំបាក» សម្រាប់លោក Muntarbhorn ខណៈរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានរិះគន់អំពីការបង្ក្រាបនយោបាយតាមផ្លូវតុលាការលើអ្នកជំទាស់៕