ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន សម្តែង​ការសោកស្តាយ​និង​ចូលរួម​មរណទុក្ខ​ចំពោះ​មរណកាល ប្រធានាធិបតី​វៀតណាម


រូបឯកសារ៖ ​ប្រធានាធិបតី​វៀតណាម​ លោក ត្រាន់ ដាយក្វាង ​(Tran Dai Quang)​ ថតនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៨។
រូបឯកសារ៖ ​ប្រធានាធិបតី​វៀតណាម​ លោក ត្រាន់ ដាយក្វាង ​(Tran Dai Quang)​ ថតនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៨។

​ប្រធានាធិបតី​វៀតណាម លោក ត្រាន់ ដាយក្វាង ​(Tran Dai Quang)​ បានទទួលមរណភាព​ក្នុង​អាយុ ​៦១ ឆ្នាំ ​ដោយ​សារជំងឺ​ធ្ងន់ធ្ងរ។​

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​នៃ​ប្រទេស​កម្ពុជា បាន​សម្តែងការ​សោកស្តាយ​នឹង​រំលែក​ទុក្ខសោក ចំពោះ​មរណកាល​របស់​ប្រធានាធិបតី​វៀតណាម​ លោក ត្រាន់ ដាយក្វាង ​(Tran Dai Quang)​ ក្នុង​អាយុ ​៦១ ឆ្នាំ ​ដោយ​សារជំងឺ​ធ្ងន់ធ្ងរ។​ លោក បាន​បញ្ជូន​លិខិត​របស់​លោក​ ទៅ​កាន់នាយក​រដ្ឋមន្ត្រី​វៀតណាម​ លោក​ ង្វៀង សួងហ្វ៊ុក​ នៃ​ប្រទេស​វៀតណាម។

យោង​តាម​លិខិត​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទៅ​កាន់​សមភាគី​វៀតណាម របស់​លោក​ លោក ​ហ៊ុន សែន បាន​ហៅ​លោក​ប្រធានាធិបតី​វៀតណាម ថា​ជា‍​«មេដឹកនាំ​ដ៏​អស្ចារ្យ​និង​គួរ​ឱ្យ​សរសើរ‍»។ លោក បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា៖

«មរណកាល​របស់​ឯកឧត្តម​ ត្រាន់ ​ដាយក្វាង គឺ​ជា​ការបាត់បង់​ដ៏​ធំធេង​នៃ​មេដឹកនាំ​ដ៏​អស្ចារ្យ និង​គួរ​ឱ្យ​សរសើរ​របស់​ប្រទេស​ និង​ប្រជាជន​វៀតណាម ​និង​ជា​មិត្ត​ល្អ​របស់​ប្រទេស​កម្ពុជា។​ នៅ​ក្នុង​ពេល​ដ៏​សោកសៅ​នេះ ​ការឧទ្ទិស​បួងសួង ​របស់​ខ្ញុំ​គឺ​ស្ថិត​នៅ ជាប់​ជានិច្ច​ជាមួយ​នឹង​ឯកឧត្តម​និង​ប្រជាជន ​វៀតណាម​ទាំងអស់»។

ក្នុង​លិខិត​ដដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់​បន្ថែម​តាម​ខ្លឹមសារ​ដើម​ថា៖

«ក្នុង​នាម​រាជរដ្ឋា​ភិបាល​និង​ប្រជាជន​កម្ពុជា ​ខ្ញុំសូម​សម្តែង​សមាន​ចិត្តនិង​ចូលរួម រំលែក​ទុក្ខសោក​យ៉ាងក្រៀម​ក្រំ​បំផុត​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ក៏​ដូចជា​ជូន​ចំពោះ​ក្រុម​គ្រួសារ​សព​ និង​ចំពោះ​ការបាត់បង់ មនុស្ស​ជា​ទីស្រឡាញ់​នេះ‍»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​ថា ប្រធានាធិបតី​វៀតណាម​លោក​ Tran Dai Quang អតីត​ប្រធាន​សន្តិសុខ​ផ្ទៃ​ក្នុង​ បាន​ក្លាយ​ជា​មេដឹកនាំ​ដ៏​ល្បីល្បាញ​បំផុត​មួយ​នៅ​ក្នុង ប្រទេស​ដែល​ប្រកាន់​របប​កុម្មុយនិស្ត​នេះ។

មុន​ការតែងតាំង​លោក​ជា​ប្រធានាធិបតី​ នៅ​ខែ​មេសា​ឆ្នាំ ​២០១៦ ​លោក​ក្វាង បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​ដឹកនាំ​អង្គការ​មួយ​ដែល​មាន​អំណាច​ទូលំ​ទូលាយ​ ដែល​ទទួល​ខុស​ត្រូវ​ក្នុងការ​ប្រមូល​ព័ត៌មាន​និង​ការគំរាមកំហែង​សន្តិសុខ ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ចំពោះ​គណបក្ស​កុម្មុយនិស្ត​វៀតណាម។

លោក ​សុខ ទូច ​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ បាន​ថ្លែង​ថា ​សារ​រំលែក​ទុក្ខ​នេះ​គឺ មាន​ទិដ្ឋភាព​បី ​ទាក់ទង​នឹង​មិត្តភាព​ សហគមន៍​អាស៊ាន​ និង​រដ្ឋ​ជា​អ្នក​ជិតខាង។

«ទី១ ​ជា​អតីត​មិត្តភក្តិ​ ដែល​ធ្វើការ​តស៊ូ​រួមគ្នា​កាលពី​សម័យ​សង្ក្រាម​ត្រជាក់ ​ហើយ​ទី២ យើង​ដឹង​ហើយ​ថា​ កម្ពុជា ​វៀតណាម​ហ្នឹង​ ជា​សមាជិក​សមាគម​អាស៊ាន ​ស្ថិត​នៅ​ក្នុង សហគមន៍​តែមួយ​ ដែល​ការ​រំលែកទុក្ខ​ចំពោះ​ការ​ស្លាប់​ហ្នឹង​វា​ជា​កាតព្វកិច្ច​របស់​ប្រទេស ​ដែល​ជា​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​ហើយ​ទី៣​ ខ្ញុំ​យល់​ថា គឺ​ជា​អ្នក ជិត​ខាង ​ដែល​ធ្លាប់​មាន​ភាពជូចត់​ជាមួយ​គ្នា​ដែល​ត្រូវ​ធ្វើ​លិខិត​រំលែក​ទុក្ខ​នេះ‍»។

​ទោះជា​ប្រធានាធិបតី​វៀតណាម​លោក ​Tran Dai Quang​ បានទទួល​មរណភាព ​កាលពី​ថ្ងៃសុក្រ​បន្ទាប់​ពី​មាន​ជំងឺ​ធ្ងន់ធ្ងរ​ក្តី​ តែ​មន្ត្រី​វៀតណាម​ជាច្រើន​មិន​បាន​ផ្តល់​អត្ថាធិប្បាយ​អំពី​ការស្លាប់​នោះ​ទេ។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​ប្រទេស​វៀតណាម​កុម្មុយនិស្ត​បាន​រាយការណ៍​ថា លោក Quang​ បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​យោធា​នៅ​រដ្ឋធានី​ហាណូយ ប៉ុន្តែ​ក៏​មិន​បាន បញ្ជាក់​លម្អិត​ដែរ។

លោក Quang ត្រូវ​បាន​គេ​មើល​ឃើញ​ជា​សាធារណៈ​កាលពី​ថ្ងៃពុធ​នៅ​ឯ​កិច្ចប្រជុំ​ សមាជិក ​អចិន្ត្រៃ​នៃ​ការិយាល័យ​គោលនយោបាយ​នៃ​បក្សកុម្មុយនិស្ត និង​ការទទួល ភ្ញៀវ​មួយ​សម្រាប់​គណៈប្រតិភូចិន។

លោក​បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស្វាគមន៍​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ របស់​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​ពេល​ដែល​លោកត្រាំ បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម ​កាលពី​ឆ្នាំ​មុន៕

XS
SM
MD
LG