ប្រទេស អូស្រ្តាលី (Australia) នឹងពិចារណារឹតបណ្តឹងច្បាប់ស្តីពីព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គល បន្ទាប់ពីមានរឿងអាស្រូវអំពីការលួចស្តាប់ទូរស័ព្ទ ដែលបានផ្ទុះឡើងនៅក្នុងប្រទេស អង់គ្លេស និងដែលបានធ្វើឱ្យសារព័ត៌មាន នូស៍ ឃព របស់លោក រូពើត ម៉ឺដក (Rupert Murdoch) ស្ថិតក្នុងភាពវឹកវរ។ រដ្ឋាភិបាលក្រុង កង់ប៊ែរ៉ា (Canberra) បាននិយាយកាលពីថ្ងៃព្រហស្បត៍ថា ការផ្លាស់ប្តូរទាំងឡាយដែលត្រូវបានស្នើឡើង នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋអូស្រ្តាលី មានសិទ្ធិប្តឹងការរំលោភធ្ងន់ធ្ងរទៅលើព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គល។ ចំណុចនេះមិនត្រូវបានធានា នៅក្រោមច្បាប់បច្ចុប្បន្ននេះទេ។ គណបក្ស គ្រីនស៍ ផាតធី (Greens Party) របស់ អូស្រ្តាលី បានស្នើសុំឱ្យមានការស៊ើបអង្កេតជាផ្លូវការមួយលើក្រុមហ៊ុន ក៏ដូចជាបញ្ហាទូលំទូលាយជាងនេះ គឺភាពជាម្ចាស់កម្មសិទ្ធិនៃបណ្តាញព័ត៌មាន។
ប្រទេស អូស្រ្តាលី គឺជាកន្លែងនៃការចាប់ផ្តើមអ្វីៗគ្រប់បែបយ៉ាងកាលពីជាង ៥០ ឆ្នាំមុន សម្រាប់លោក រូពើត ម៉ឺដកហ៍ (Rupert Murdoch) ដែលបានកើតនៅក្នុងទីក្រុង ម៉ែលប័ន (Melbourne) ដែលមានសារព័ត៌មានតែមួយប៉ុណ្ណោះ។ ក្រុមហ៊ុនរបស់លោក ដែលមានឈ្មោះជាភាសាអង់គ្លេសថា ញ៉ូស៍ លីមីតធីត (News Limited) បានក្លាយទៅជាអង្គការសារព័ត៌មានដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសនេះ ដែលគ្រប់គ្រង៧០ភាគរយនៃឧស្សាហកម្មសារព័ត៌មាន និងមានភាគហ៊ុនដ៏ធំនៅក្នុងបណ្តាញទូរទស្សន៍និងអ៊ីនធឺណែត។ ប៉ុន្តែ អាណាចក្ររបស់លោកម៉ឺដកហ៍ នៅក្នុងប្រទេស អូស្រ្តាលី កំពុងត្រូវបានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ដែលមិនធ្លាប់មានពីមុនមក ខណៈពេលដែលរឿងអាស្រូវ នៅចម្ងាយពាក់កណ្តាលពិភពលោក ក្នុងប្រទេស អង់គ្លេស កំពុងរីកកាន់តែធំឡើង។
សំណួរដ៏ធំនៅក្នុងប្រទេស អូស្រ្តាលីគឺថា តើការលួចស្តាប់ទូរស័ព្ទអាចកើតមានឡើងនៅទីនេះបានដែរឬទេ? មានអ្នកដែលគិតថា ក្រុមអ្នកកាសែតឬក្រុមអ្នកស៊ើបការណ៍ឯកជន ប្រហែលជាបានលួចស្តាប់សារជាសម្លេងរបស់ពួកគេ។
ម៉ែឃើល ហ្គាវែនដា (Michael Gawenda) គឺជាអតីតបណ្ណាធិការមួយរូបនៃកាសែត ដែលមានឈ្មោះជាភាសាអង់គ្លេសថា អេច (Age newspaper) នៅក្នុងទីក្រុង ម៉ែលប័ន (Melbourne) និងជានាយកមួយរូបនៃមជ្ឈមណ្ឌលសម្រាប់សារព័ត៌មានវិទ្យាជាន់ខ្ពស់ នៃសាកលវិទ្យាល័យ ម៉ែលប័ន (Melbourne University’s Centre for Advanced Journalism)។
«ខ្ញុំនឹងមានការភ្ញាក់ផ្អើល ប្រសិនបើមានករណីជាក់លាក់ណាមួយនៅក្នុងប្រទេស អូស្រ្តាលី ដែលកម្មវិធីព័ត៌មានបច្ចុប្បន្នរបស់ទូរទស្សន៍ឬកាសែត មិនប្រើអ្នកស៊ើបការណ៍ឯកជន ឲ្យធ្វើកិច្ចការប្រហាក់ប្រហែលគ្នានេះទេ។ ខ្ញុំនឹងមានការភ្ញាក់ផ្អើល ប្រសិនបើមិនមានករណីបែបនេះកើតឡើងទេ»។
បញ្ហានេះកំពុងគ្របដណ្តប់ទៅលើការពិភាក្សាគ្នា នៅក្នុងកម្មវិធីព័ត៌មានរបស់ទូរទស្សន៍ជាស្រេចទៅហើយ។
ភ្ញៀវទី១៖ «ប៉ុន្តែ មិនមានភស្តុតាងណាដែលបង្ហាញថា មានអ្វីខុសឆ្គងនៅក្នុងក្រុមហ៊ុនសារព័ត៌មាន ញ៉ូស៍ លីមីតធីត នៅក្នុងប្រទេស អូស្រ្តាលី នោះទេ»។
ភ្ញៀវទី២៖ «គេប្រហែលជាមិនអាចរកឃើញទេថា នឹងមានអ្វីមិនសមរម្យ ដែលបានកើតឡើងនៅទីនេះ ដោយសារតែហេតុផលថា មិនមានការប្រកួតប្រជែងទេនៅទីនេះ។ ហើយគឺពិតជាការប្រកួតប្រជែងនោះឯងហើយ ដោយគ្មានការសង្ស័យទេ ដែលបានធ្វើឱ្យមានរឿងនេះកើតឡើង នៅក្នុងប្រទេស អង់គ្លេស»។
ក្រុមរបស់លោក រូពើត ម៉ឺដកហ៍ នៅក្នុងប្រទេស អូស្រ្តាលី កំពុងព្យាយាមយ៉ាងខ្លាំងក្លា ដើម្បីដាក់ខ្លួនឯងឱ្យនៅឆ្ងាយពីការចោទប្រកាន់អំពីការលួចស្តាប់ទូរស័ព្ទ នៅក្នុងក្រុមហ៊ុនមេរបស់ខ្លួន។ ក្រុមអ្នកដឹកនាំជាន់ខ្ពស់បានចង្អុលទៅកាន់វប្បធម៌ខុសគ្នា រវាងសារព័ត៌មាន អូស្រ្តាលី និង អង់គ្លេស។
នាយកប្រតិបត្តិរបស់សារព័ត៌មាន ញ៉ូស៍ លីមីតធីត លោក ចន ហាទីហ្គាន (John Hartigan) និយាយថា ឧស្សាហកម្មសារព័ត៌មាននៅទីនេះ មិនសូវសាហាវ ដូចសារព័ត៌មាននៅក្នុងប្រទេស អង់គ្លេស ទេ។
«ពួកគេហៅសារព័ត៌មានជាច្រើន ថាជាសារព័ត៌មាននិយាយបំផ្លើសប្រកបដោយរូបភាពច្រើន នៅក្នុងចក្រភពអង់គ្លេស។ ពួកគេគឺជាក្រុមសារព័ត៌មានដែលគឃ្លើនណាស់។ អ្នកដឹងទេ សារព័ត៌មានទាំងនោះគឺពិតជានិយាយបំផ្លើសណាស់។ សារព័ត៌មានទាំងនោះនិយាយអំពីជីវិតរបស់ប្រជាពលរដ្ឋ ជីវិតឯកជន ហើយអត្តចរិតមួយចំនួនដែលបានសម្តែងចេញមក គឺពិតជាត្រូវបានដឹកនាំដោយតម្រូវការ នៃការចង់ផ្សាយព័ត៌មានឲ្យបានមុនគេ។ ខ្ញុំសូមអះអាងយ៉ាងខ្លាំងក្លាថា យើងមិនមានអាកប្បកិរិយាបែបនោះ នៅក្នុងប្រទេសអូស្រ្តាលីទេ»។
រឿងអាស្រូវនេះបានបង្កើតឱ្យមានការជជែកវែកញែកទូលំទូលាយជាងមុនមួយនៅទីនេះ អំពីភាពជាម្ចាស់កម្មសិទ្ធិនៃសារព័ត៌មាននិងបទបញ្ញត្តិ។
គណបក្ស គ្រីនស៍ ផាតធី (Greens Party) របស់ អូស្រ្តាលី កំពុងចោទសួរអំពីការគ្របដណ្តប់របស់ក្រុមហ៊ុនសារព័ត៌មាន ញ៉ូស៍ លីមីតធីត ទៅលើឧស្សាហកម្មសារព័ត៌មានក្នុងស្រុក និងចង់ឱ្យមានការស៊ើបអង្កេតជាផ្លូវការមួយ ទៅលើប្រតិបត្តិការទាំងឡាយរបស់ក្រុមហ៊ុននេះ។ ព្រឹទ្ធសមាជិក បប ប្រោន (Bob Brown) មេដឹកនាំគណបក្សនេះ មានប្រសាសន៍ថា អំណាចច្រើនពេក ស្ថិតនៅក្នុងកណ្តាប់ដៃរបស់មនុស្សតែមួយក្តាប់តូច។
«យើងមានកម្មសិទ្ធិសារព័ត៌មានប្រមូលផ្តុំនៅក្នុងកណ្តាប់ដៃនៃមនុស្សតិចពេក បើប្រៀបធៀបទៅនិងប្រទេសប្រជាធិបតេយ្យស្រដៀងគ្នានិងយើង។ នេះមានន័យថា ពីរភាគបីនៃសារព័ត៌មាននៅក្នុងក្រុងធំៗ និងពីរភាគបីនៃសារព័ត៌មាននៅតាមជនបទ ជាកម្មសិទ្ធិរបស់អាណាចក្រ ម៉ឺដកហ៍។ ហើយករណីនេះមិនអនុញ្ញាតឱ្យមានពហុភាពនៃគំនិត ដែលមានប្រយោជន៍សម្រាប់លទ្ធិប្រជាធិបតេយ្យទំនើបមួយនោះទេ»។
អ្នកយកព័ត៌មាន៖ «តើអ្នកមានការសង្ស័យណាមួយទេថា ទូរស័ព្ទរបស់អ្នកឬទូរស័ព្ទរបស់មិត្តភក្តិអ្នក ត្រូវបានគេលួចស្តាប់ ឬសារទូរស័ព្ទរបស់ពួកគេ ត្រូវអ្នកកាសែតនៅក្នុងប្រទេស អូស្រ្តាលី លួចចូលមើល?»
បប ប្រោន៖ «អត់ទេ ខ្ញុំមិនមានភស្តុតាងណាមួយទេ ប៉ុន្តែអ្នកកាសែតដ៏មានបទពិសោធន៍មួយរូបបានប្រាប់ខ្ញុំ ដោយមិនជាយូរប៉ុន្មានទេនៅក្នុងរង្វង់ប្រមាណជាប៉ុន្មានថ្ងៃមុននេះថា អ្នកដឹងទេ អ្នកគឺពិតជាមនុស្សមិនសូវគិតវែងឆ្ងាយទេ បើសិនជាអ្នកមិនគិតថា រឿងនេះអាចកើតឡើងបាន។ ប៉ុន្តែ វាពិតជារឿងដ៏គួរឱ្យរន្ធត់ណាស់ បើសិនជាយើងគិតថា យើងគួរតែព្រួយបារម្ភអំពីរឿងនេះ»។
ខណៈពេលដែលបទបញ្ញត្តិតឹងរឹងជាងមុនមួយទៅលើសារព័ត៌មាន អូស្រ្តាលី ប្រហែលជាមិនអាចធ្វើទៅបាន រដ្ឋាភិបាលកំពុងពិចារណាអំពីការពង្រឹងច្បាប់ព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គល ដើម្បីអនុញ្ញាតឱ្យបុគ្គលទាំងឡាយមានសិទ្ធិប្តឹង។ រដ្ឋាភិបាលក្រុងកង់ប៊ែរ៉ា (Canberra) ក៏បានចោទប្រកាន់សារព័ត៌មាន ញ៉ូស៍ លីមីតធីត (News Limited) ថាមានភាពលម្អៀងនយោបាយដែរ។ ក្រុមរដ្ឋមន្រ្តីនិយាយថា បណ្តាញព័ត៌មាន ម៉ឺដកហ៍ (Murdoch) ធ្វើការសងសឹកប្រឆាំងទៅនឹងរដ្ឋាភិបាលដែលរេចេញពីនយោបាយផ្លូវកណ្តាលទៅខាងឆ្វេង ខណៈពេលដែលបណ្ណាធិការរបស់សារព័ត៌មានញ៉ូស៍ លីមីតធីត និយាយថា ពួកគេគ្រាន់តែដាក់ក្រុមអ្នកនយោបាយឱ្យមានការទទួលខុសត្រូវតែប៉ុណ្ណោះ។
លោកស្រីនាយករដ្ឋមន្រ្តី អូស្រ្តាលី ជូលីយ៉ា ហ្គីលឡាដ (Julia Gillard) មានប្រសាសន៍ថា ដោយមកពីមានរឿងអាស្រូវនៃការលួចស្តាប់ទូរស័ព្ទនេះ ក្រុមហ៊ុននឹងត្រូវតែឆ្លើយទៅនឹងសំណួរស៊ើបអង្កេតមួយចំនួន។
«ខ្ញុំគិតថា ប្រជាពលរដ្ឋ អូស្រ្តាលី មានកង្វល់ដោយសាររឿងទាំងនេះ។ ខ្ញុំគិតថា ពួកគេមានការរំខាន ដោយបានឃើញរបាយការណ៍ទាំងឡាយ នៅក្នុងប្រទេស អង់គ្លេស និងប្រភេទនៃរឿងរ៉ាវទាំងឡាយ ដែលបានកើតឡើងជាមួយនឹងការលួចស្តាប់ទូរស័ព្ទ និងរឿងរ៉ាវប្រហាក់ប្រហែលគ្នាដទៃទៀត។ ហើយខ្ញុំគិតថា នេះពិតជាមានន័យថា ប្រជាពលរដ្ឋ អូស្រ្តាលី នៅទីនេះ សម្លឹងមើលទៅសារព័ត៌មាន ញ៉ូស៍ លីមីតធីត (News Limited) ហើយពួកគេប្រហែលជាមានសំណួរពិបាកៗមួយចំនួន ដែលពួកគេចង់បានចម្លើយ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សារព័ត៌មាន ញ៉ូស៍ លីមីតធីត បាននិយាយថា ចំណាប់អារម្មណ៍របស់លោកស្រីនាយករដ្ឋមន្រ្តី មិនមានយុត្តិកម្មទេ ហើយបានបញ្ជាក់ម្តងទៀតថា «វាពិតជាមិនមានការទាក់ទងដាច់ខាត» រវាងព្រឹត្តការណ៍នៅក្នុងប្រទេស អង់គ្លេស និងសារព័ត៌មាន ញ៉ូស៍ លីមីតធីត នៅក្នុងប្រទេសអូស្រ្តាលី។ ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុននេះប្រហែលជាប្រឈមមុខនឹងសំណួរបន្ថែមទៀត នៅពេលដែលសភា អូស្រ្តាលី ចាប់ផ្តើមចូលធ្វើការវិញនៅខែក្រោយ៕
ប្រែសម្រួលដោយ ឌី ខាំបូលី