នៅព្រឹកថ្ងៃសៅរ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើដំណើរមកដល់រាជធានីភ្នំពេញនៃប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក ដែលជាផ្នែកមួយនៃកិច្ចប្រជុំសំខាន់ៗផ្សេងទៀត ក្នុងព្រឹត្តិការណ៍ជំនួបកំពូលអាស៊ានលើកទី ៤០ និង ៤១។
លោកប្រធានាធិបតី Biden ត្រូវបានរាយការណ៍ថានឹងលើកឡើងពីបញ្ហាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ដែលស្ថិតក្នុងរបៀបវារៈរបស់លោកក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ដែលជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ ២០២២ នេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន លោក Biden នឹងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាឥតងាករេរបស់សហរដ្ឋអាមេរិកទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងមជ្ឈភាពអាស៊ានកសាងនូវភាពជោគជ័យដែលបានមកពីកិច្ចប្រជុំពិសេសជាប្រវត្តិសាស្រ្តរវាងអាមេរិកនិងអាស៊ាននៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីខែឧសភាកន្លងទៅ។
លោក Biden គឺជាប្រធានាធិបតីអាមេរិកកំពុងកាន់តំណែងទី ២ ដែលធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងពេលកម្ពុជាកាន់តួនាទីជាប្រធានអាស៊ានប្តូរវេន។ កាលពីឆ្នាំ ២០១២ លោក Barack Obama ដែលជាប្រធានាធិបតីកាន់តំណែងនាពេលនោះ បានធ្វើដំណើរទៅកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំថ្នាក់តំបន់និងសកលលោកនេះ។
គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ លោកប្រធានាធិបតី Joe Biden នឹងជួបពិភាក្សាក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន អំពីសារៈសំខាន់នៃអព្យាក្រឹតភាពរបស់អាស៊ាន និងសណ្តាប់ធ្នាប់ក្នុងតំបន់ ដែលផ្អែកតាមរដ្ឋធម្មនុញ្ញអាស៊ាន។ បន្ទាប់មក លោក Biden នឹងចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដោយលោកអាចនឹងត្រូវគេរំពឹងថា នឹងធ្វើសេចក្តីថ្លែងការណ៍មួយ។ ក្រៅពីនេះ លោកក៏នឹងជួបពិភាក្សាក្នុងជំនួបត្រីភាគីជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន និងលោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូងផងដែរ៕