នៅក្នុងការបោះឆ្នោតព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ គណបក្សចំនួន៤បានដាក់ឈ្មោះទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា។ អវត្តមានគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ និងការបាត់បង់អាសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាង៥.០០០របស់គណបក្សនេះនៅទូទាំងប្រទេសនឹងបើកផ្លូវឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈច្រើនលើសលប់ក្នុងចំណោម៦២អាសនៈ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភាខាងមុខ។
សម្រាប់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤នៅឆ្នាំក្រោយនេះ អាសនៈព្រឹទ្ធសភាបានកើនឡើងចំនួន១គឺពី៦១អាសនៈនៅអាណត្តិមុនមក៦២នៅក្នុងអាណត្តិនេះ។ ការបោះឆ្នោតព្រឹទ្ធសភាប្រព្រឹត្តទៅរយៈពេល៦ឆ្នាំម្តង។ កាលពីនីតិកាលទី៣ គណបក្សប្រជាជនកម្ពុជាទទួលបាន៤៦អាសនៈ និងគណបក្សប្រឆាំងគឺគណបក្ស សម រង្ស៊ី ដែលក្រោយមកដូរឈ្មោះមកជាគណបក្សភ្លើងទៀន ទទួលបាន១១អាសនៈ។
បើតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស សមាជិកព្រឹទ្ធសភាចំនួន២រូបត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។ ចំណែកសមាជិកព្រឹទ្ធសភាចំនួន២រូបទៀតត្រូវរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើន។ ចំណែកសមាជិកព្រឹទ្ធសភានៅសល់ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល ដោយមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេសចំនួន១១.៥៧២នាក់ និងតំណាងរាស្ត្រទាំងអស់ចំនួន១២៣រូប។
លោក ទាវ វណ្ណុល សមាជិកព្រឹទ្ធសភាមកពីគណបក្សភ្លើងទៀន ដែលជាសម្ព័ន្ធរបស់គណបក្សសង្រ្គោះជាតិមានប្រសាសន៍ថា ប្រសិនបើគណបក្សសង្រ្គោះជាតិមិនត្រូវបានរំលាយ ហើយមិនមានការបែងចែកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ឲ្យទៅគណបក្សផ្សេង នោះគណបក្សសង្រ្គោះជាតិរំពឹងថា នឹងទទួលបានអាសនៈព្រឹទ្ធសភាចំនួន២៥។ លោកយល់ថា ការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខមិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋនិងមិនគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនោះទេ។
លោក ទាវ វណ្ណុល ក៏បានរិះគន់ថា ព្រឹទ្ធសភាកម្ពុជាមិនមានអំណាចអ្វីនោះទេគឺគ្រាន់តែអនុវត្តការងារទៅតាមរដ្ឋសភាតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖
«ព្រឹទ្ធសភាវាគ្រាន់តែស្ថាប័នមួយប្រថាប់ត្រាឲ្យរដ្ឋសភាតែប៉ុណ្ណឹងទេ ពីព្រោះច្បាប់ទាំងឡាយ ដែលផ្ញើមកព្រឹទ្ធសភា ព្រឹទ្ធសភាមិនអាចនឹងទាត់ចោលបាន១០០ភាគរយទេ គឺព្រឹទ្ធសភាអាចស្នើសុំកែបានម្តង ហើយផ្ញើទៅវិញ»។
លោកយល់ថា គួរតែមានវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីផ្តល់អំណាចដល់ស្ថាប័នព្រឹទ្ធសភា។
បើតាមរដ្ឋធម្មនុញ្ញ ព្រឹទ្ធសភាមានតួនាទីក្នុងការពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់ ដែលរដ្ឋសភាបានអនុម័ត។ ប៉ុន្តែរដ្ឋធម្មនុញ្ញបានអនុញ្ញាតឲ្យរដ្ឋសភាអាចយកច្បាប់ណាមួយ ដែលព្រឹទ្ធសភាបានបដិសេធជាអសារបង់ មកពិនិត្យ ហើយអនុម័ត រួចហើយមិនបាច់ឆ្លងកាត់ស្ថាប័នព្រឹទ្ធសភានោះទេ។
លោក យឿង សុធារ៉ា មន្ត្រីច្បាប់និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល បានប្រាប់ VOA ថា ព្រឹទ្ធសភាកម្ពុជាមិនមានអំណាចណាមួយ មកខ្ទាស់ច្បាប់ដែលសភាអនុម័តមិនឲ្យចេញនោះទេ។ លោកបញ្ជាក់ថា គួរតែមានកំណែទម្រង់ណាមួយដែលអាចឲ្យព្រឹទ្ធសភាមានអំណាចណាមួយ ពិនិត្យគ្នាទៅវិញទៅមករវាងរដ្ឋសភានិងព្រឹទ្ធសភា។
លោកបានថ្លែងប្រាប់ VOA ថា៖
«ព្រឹទ្ធសភាចាំបាច់ត្រូវតែមានអំណាច មិនថា ឲ្យមានអំណាចស្មើនឹងរដ្ឋសភាទេ ប៉ុន្តែយ៉ាងណាស់ក៏មានអំណាច Check and Balance ដែរគឺតុល្យភាពអំណាចគ្នា រវាងសភាជាន់ទាប ហើយនិងសភាជាន់ខ្ពស់»។
លោក សុធារ៉ា យល់ថា គួរតែមានយន្តការណាមួយ ដែលអនុញ្ញាតឲ្យសមាជិករដ្ឋសភា និងព្រឹទ្ធសភាអាចអង្គុយជជែកគ្នាលើច្បាប់ដែលស្ថាប័នទាំងពីរមានមតិប្រឆាំងគ្នា។ លោកមានប្រសាសន៍ថា នេះជាយន្តការមួយដែលធ្វើឡើងនៅចក្រភពអង់គ្លេស។
បើតាមលោក សុធារ៉ា ប្រជាពលរដ្ឋទូទៅមិនចាប់អារម្មណ៍នឹងការបោះឆ្នោតព្រឹទ្ធសភានោះទេ ដោយសារអង្គបោះឆ្នោតគឺជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្រ្តតែប៉ុណ្ណោះ។
អាសនៈព្រឹទ្ធសភាត្រូវបានបែងចែកតាមភូមិភាគចំនួន៨គឺនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទាំងអស់។ ក្នុងនោះ រាជធានីភ្នំពេញមានចំនួន៦អាសនៈ ខេត្តកំពង់ចាម ត្បូងឃ្មុំ ចំនួន៨អាសនៈ ខេត្តកណ្តាល៥អាសនៈ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ប៉ៃលិន មានចំនួន១០អាសនៈ ខេត្តតាកែវ កំពត កែបមានចំនួន៧អាសនៈ ខេត្តព្រៃវែង និងស្វាយរៀងមានចំនួន៧អាសនៈ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងព្រះសីហនុមានចំនួន៩អាសនៈ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មានចំនួន៦អាសនៈ។
លោក ទាវ វណ្ណុល សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង មានប្រសាសន៍ថា គណបក្សមិនមានអំណាចអ្វីទៅតតាំងក្នុងស្ថាប័នព្រឹទ្ធសភានោះទេ ដោយសារគណបក្សមានសមាជិកព្រឹទ្ធសភាតែ១១រូបប៉ុណ្ណោះ។ លោកបន្តថា ច្បាប់់ស្ទើរតែទាំងអស់ នៅពេលរដ្ឋសភាបញ្ជូនមកគឺព្រឹទ្ធសភាឯកភាពទាំងអស់។
លោកមានប្រសាសន៍ថា៖
«តាំងពីខ្ញុំចូលកាន់កាប់តំណែងហ្នឹង គឺច្បាប់សឹងតែ៩៩ភាគរយគឺអត់មានដែលស្នើប្តូរទេ ទោះបីជាខាងគណបក្សប្រឆាំងសុំស្នើឲ្យមានការកែប្រែមួយចំនួន ប៉ុន្តែដោយសារនៅក្នុងអាណត្តិទីបីនេះ គណបក្សភ្លើងទៀនមានតែ១១រូប ដូច្នេះយើងមិនអាចទៅជំទាស់ទេ»។
ច្បាប់ចម្រូងចម្រាសមួយចំនួនដែលរងការរិះគន់ពីសំណាក់សង្គមស៊ីវិលជាតិ និងអន្តរជាតិ ដូចជាច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០១៥ក៏ត្រូវបានព្រឹទ្ធសភាប្រថាប់ត្រាផងដែរ។ ចំណែកចុងក្រោយនេះ វិសោធនកម្មច្បាប់មួយចំនួន រួមមានច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត-ក្រុង ស្រុក-ខណ្ឌ ក៏ត្រូវបានព្រឹទ្ធសភាយល់ព្រម ដោយមិនមានការកែប្រែអ្វីនោះដែរ។ ច្បាប់ទាំងនេះអនុញ្ញាតឲ្យមានការរំលាយគណបក្ស និងបែងចែកអាសនៈទៅឲ្យគណបក្សផ្សេង។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ VOA ថា តួនាទីរបស់ព្រឹទ្ធសភាគឺពិនិត្យ និងឲ្យយោបល់លើទម្រង់ច្បាប់ ថាតើច្បាប់នោះមានធម្មនុញ្ញភាពដែរឬទេ ស្របទៅតាមបច្ចុប្បន្នភាពនៃដំណើរការនយោបាយ ហើយបម្រើផលប្រយោជន៍ដល់សង្គមជាតិដែរឬទេ។ លោកបញ្ជាក់ថា ច្បាប់ដែលរដ្ឋសភាបញ្ជូនមក មិនខុសទាំងស្រុងនោះទេ។
លោកមានប្រសាសន៍ថា៖
«ច្បាប់ដែលគេធ្វើមក វាមិនមែនមាត្រា ឬទម្រង់ ឬគតិច្បាប់ហ្នឹង សុទ្ធតែខុសទាំងស្រុងទេ។ វាខុសនៅលើប្រការណាមួយ ឬទៅលើទម្រង់ណាមួយ ឬមាត្រាណាមួយ។ វាមិនមែនមក ច្បាប់មកខុសទាំងអស់តែហ្មង ហើយឲ្យកែ ឬមិនអនុម័តហ្មង គឺអត់មានទេ»។
លោកបន្តថា ព្រឹទ្ធសភាបានអនុវត្តការងារទៅតាមរដ្ឋធម្មនុញ្ញ និងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា។
លោកបានបញ្ជាក់ថា៖
«សូមឲ្យទាញអារម្មណ៍អូន ឲ្យមកយល់វិញថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមិនមែនឲ្យទៅស្តង់ដារព្រឹទ្ធសភានៃប្រទេសណានោះទេ។ ប្រទេសកម្ពុជា វាមានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អំណាចទៅតាមរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ»។
លោកក៏បានរិះគន់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងថា តែងតែរិះគន់រហូត និងមិនចូលពិភាក្សាលើច្បាប់ដែលរដ្ឋសភាបានបញ្ជូនមកនោះទេ។ លោកបញ្ជាក់ថា៖
«ប្រជាធិបតេយ្យគឺប្រជាធិបតេយ្យនៅក្នុងសភា មិនមែនប្រជាធិបតេយ្យក្រៅសភា ហៅថា ប្រជាធិបតេយ្យហ្នឹងទេ»។
បើតាមលោក ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា ក៏មានតួនាទីក្នុងការផ្សព្វផ្សាយច្បាប់ទៅកាន់ប្រជាពលរដ្ឋ និងសិក្សាបញ្ហានានាដែលប្រជាពលរដ្ឋជួបប្រទះ ហើយយកមកពិភាក្សាជាមួយក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាលផងដែរ។
ស្ថាប័នព្រឹទ្ធសភាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
លោក Sebastian Strangio អ្នកវិភាគនយោបាយកម្ពុជា និងជាអ្នកនិពន្ធសៀវភៅ «ប្រទេសកម្ពុជារបស់លោក ហ៊ុន សែន» (Hun Sen's Cambodia) ប្រាប់ VOA ថា ការបង្កើតព្រឹទ្ធសភាគឺដើម្បីផ្តល់អំណាចដល់លោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាព។ លោកបានរំឭកថា កាលនោះ លោក ជា ស៊ីម ត្រូវបានស្នើឲ្យបោះបង់អំណាចជាប្រធាននៃរដ្ឋសភា ហើយប្រគល់ទៅឲ្យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្រោយមានការបង្កើតសម័្ពន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីដោះស្រាយវិបត្តិនយោបាយ។
លោក Sebastian យល់ថា ព្រឹទ្ធសភាបច្ចុប្បន្នមិនមានតួនាទីសំខាន់អ្វីនោះទេ។
លោកមានប្រសាសន៍ថា៖
«ឥឡូវនេះ ព្រឹទ្ធសភាមិនបានដើរតួនាទីសំខាន់អ្វីនោះទេ ក្នុងការបង្កើតច្បាប់»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា សមាជិកសភា និងព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាមានការឯកភាពគ្នាលើច្បាប់ដែលសភាបានអនុម័ត។
លោកបញ្ជាក់ថា៖
«អីចឹងទេ បានជារាល់ច្បាប់ដែលរដ្ឋសភាបានអនុម័តហើយ យើងព្រឹទ្ធសភាហ្នឹង ក៏អនុម័តដូចតែគ្នា។ យើងមិនមានបក្សប្រឆាំងបក្សនៅក្នុងបក្សតែមួយទេ។ អាហ្នឹងអត់មានទេ»។
លោក សុខ ឥសាន មានប្រសាសន៍ថា ការបង្កើតស្ថាប័នព្រឹទ្ធសភាគឺជាតម្រូវការចាំបាច់មួយសម្រាប់ប្រទេស។
ខណៈគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ ក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សនេះជាង៨០០នាក់បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ពួកគេនឹងក្លាយជាអង្គបោះឆ្នោតព្រឹទ្ធសភាខាងមុខនេះដែរ។
លោក សុខ ឥសាន យល់ថា អ្នកចុះចូលទាំងនោះនឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយសារពួកគេបានចុះចូលដោយស្មោះ។
លោកមានប្រសាសន៍ថា៖
«និយាយរួមទៅ យើងមានសុទិដ្ឋិនិយមច្រើន នៅក្នុងការទទួលលទ្ធផលច្រើន។ មិនពិបាកអីទេ។ ខ្ញុំក៏មិនយល់ថា បងប្អូនមកហើយទៅលាក់គំនួចផ្សេងៗ»៕