ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Pompeo ធ្វើ​ទស្សនកិច្ច​កន្លែង​​តាំង​លំនៅ​របស់​អ៊ីស្រាអែល​នៅ ​West Bank


លោក​ Mike Pompeo រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅតំបន់ Mount Bental ក្បែរព្រំដែនអ៊ីស្រាអែលនិងស៊ីរី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក​ Mike Pompeo រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅតំបន់ Mount Bental ក្បែរព្រំដែនអ៊ីស្រាអែលនិងស៊ីរី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Mike Pompeo​ បាន​ធ្វើ​ទស្សនកិច្ចនៅ​កន្លែងតាំងលំនៅ​របស់​អ៊ីស្រាអែល​នៅ​តំបន់​ West Bank​ ដែល​អ៊ីស្រាអែល​កាន់កាប់ ហើយ​នេះ​ជា​ទស្សនកិច្ច​លើក​ដំបូង​ដោយ​មន្រ្តី​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពីលោក​បាន​ប្រកាស​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​ ដើម្បី​បញ្ឈប់​ចលនា​ដឹកនាំ​ដោយ​ប៉ាឡេស្ទីន​ ដែល​ធ្វើ​ពហិការ​ប្រឆាំង​អ៊ីស្រាអែល​ជា​អន្តរជាតិ។

មន្ត្រី​ក្រសួង​ការ​បរទេស​ម្នាក់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន ​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​អម​ដំណើរ​លោក ​Pompeo ​ថា ​អ្នក​ការទូត​កំពូល​របស់​សហរដ្ឋ​អាមេរិក​នេះ​បាន​ទៅ​កន្លែង​ផលិត​ស្រា​ Psagot​នៅ​ខាង​ក្រៅ​ក្រុង​ហ្ស៊េរុយសាឡិម ​(Jerusalem)។

​លោក ​Pompeo​ ក៏បាន​និយាយ​ផង​ដែរ​ថា​ លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ ​Golan Heights​ ជា​តំបន់​ដែល​អ៊ីស្រាអែល​កាន់កាប់​ ដោយ​ដណ្តើម​ពី​ប្រទេស​ស៊ីរី​ក្នុង​សង្គ្រាម​ឆ្នាំ​ ១៩៦៧។​

លោក​ Pompeo​ បាន​និយាយ​ថា៖ ​«ការ​ទទួល​ស្គាល់​យ៉ាង​សាមញ្ញ​ថា តំបន់​នេះ​ជា​ផ្នែក​មួយ​របស់​អ៊ីស្រាអែល​ផង​ដែរ​នោះ ​គឺ​ជា​ការ​សម្រេច​ចិត្ត​មួយ​ដែល​លោក​ប្រធានាធិបតី​ Trump​ បាន​ធ្វើ​ហើយ​ដែល​មាន​សារៈ​សំខាន់​ជា​ប្រវត្តិសាស្ត្រ ​និង​គ្រាន់ជា​ការ​ទទួល​ស្គាល់​ការណ៍​ពិត»។​

អ៊ីស្រាអែល​បាន​សាងសង់​កន្លែង​តាំង​ទីលំនៅ​ជាច្រើន​នៅ​តំបន់​ West Ban k​ជាទឹក​ដី​ដែល​ប្រជាជន​ប៉ាឡេស្ទីន​ចង់​បានជា​ផុ្នែក​នៃរដ្ឋ​របស់​ពួក​គេ​នា​ពេល​អនាគត។​ សហគមន៍​អន្តរជាតិ​ភាគច្រើន​ចាត់ទុក​ការ​តាំង​ទីលំនៅ​ទាំង​នោះ​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ ​និង​ជា​ឧបសគ្គ​ក្នុង​ការ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន។​

ការ​បញ្ចូល​តំបន់​ Golan Heights ​ជា​ដែនដី​របស់​អ៊ីស្រាអែល ​ក៏​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ដែរ។ ​លោក ​Trump បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ទទួល​ស្គាល់​អធិបតេយ្យភាព​របស់​អ៊ីស្រាអែល​លើទឹក​ដី​នេះ​ កាលពី​ឆ្នាំ​មុន៕

XS
SM
MD
LG