ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ថា អាមេរិក​ប្រុងប្រៀប​អន្តរាគមន៍​ខាង​យោ​ធា​នៅ​​វ៉េណេស៊ុយអេឡា


រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ថ្លែង​អំឡុងពេល​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រសួង​ការបរទេស​ ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ចន្ទ ទី២២ ឆ្នាំ​២០១៩។ 
រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ថ្លែង​អំឡុងពេល​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រសួង​ការបរទេស​ ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ចន្ទ ទី២២ ឆ្នាំ​២០១៩។ 

អ្នក​ការទូត​កំពូល​​អាមេរិករូប​នោះ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ Fox Bussiness Network ​ថា៖ «ចំណាត់​ការ​ខាង​យោ​ធា​អាច​​កើត​មាន ​ប្រសិនបើ​នេះ​ជា​​អ្វី​ដែល​ត្រូវ​តម្រូវ។ នេះ​ជា​អ្វី​ដែល​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​នោះ»។

រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo និយាយ​ថា សហរដ្ឋ​អាមេរិក ​ប្រុង​ប្រៀប​ធ្វើ​អន្តរាគមន៍​ខាង​យោធា ​ដើម្បី​ទប់ស្កាត់​ភាព​ចលាចល​ដែល​បន្ត​មាន​ឡើង​ក្នុង​ប្រទេសវ៉េណេស៊ុយអេឡា។

អ្នក​ការទូត​កំពូលអាមេរិករូប​នោះ​ បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ Fox Bussiness Network ​ថា៖ «ចំណាត់​ការ​ខាង​យោ​ធា​អាចកើត​មាន ​ប្រសិនបើ​នេះ​ជាអ្វី​ដែល​ត្រូវ​តម្រូវ។ នេះ​ជា​អ្វី​ដែល​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​នោះ»។

ទោះ​យ៉ាង​ណាក៏ដោយ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Pompeo បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា សហរដ្ឋ​អាមេរិក ​ចង់​បាន​អន្តរកាល​នៃការ​ផ្ទេរ​អំណាច​ដោយសន្តិវិធី​ក្នុង​រដ្ឋ​ធានី​ការ៉ាកាស​ ពី​ប្រធានាធិបតី​សង្គម​និយម​លោក Nicolas Maduro ទៅ​លោក Juan Guaido ប្រធានា​ធិបតី​អន្តរកាល ​ដែល​ប្រកាស​ខ្លួនឯង​ដែល​ត្រូវបាន​ទទួល​ស្គាល់​ដោយ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ប្រហែល ​៥០ ​ផ្សេង​ទៀត​ជា ​មេដឹកនាំ​ស្របច្បាប់​របស់​ប្រទេស​នៅ​តំបន់​អាមេរិក​ខាង​ត្បូង​នេះ។

​ការ​ផ្តល់​សញ្ញា​របស់​លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ Pompeo ​ថា ​សហរដ្ឋ​អាមេរិក ​អាច​បញ្ជូន​កងទ័ព​ទៅ​កាន់​ប្រទេស​វ៉េណេស៊ុយអេឡា​នោះ ​បាន​ធ្វើ​ឲ្យ​មានការ​ស្តី​បន្ទោស​ភ្លាម​ៗ​មកពី​ប្រទេស​រុស្ស៊ី​ ដែល​ជា​អ្នក​គាំទ្រ​ប្រធានា​ធិបតី​ Maduro យ៉ាង​ខ្លាំង​នោះ។

រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ និយាយ​ថា លោក​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី Sergei Lavrov ​បាន​ព្រមាន​លោក Pompeo តាម​ទូរស័ព្ទ​ថា វិធានការ​គឃ្លើនដោយ​សហរដ្ឋ​អាមេរិកក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា អាច​ធ្វើ​ឲ្យ​មាន​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ង​បំផុត។​ អ្នកការទូត​រុស្ស៊ី​រូប​នេះ​បាន​រិះគន់​អ្វី​ដែល​លោក​បាន​និយាយ​ថា ​ជាការ​ជ្រៀត​ជ្រែក​របស់​សហរដ្ឋ​អាមេរិក​ ក្នុងកិច្ច​ការ​ផ្ទៃក្នុង​របស់​វ៉េណេស៊ុយ​អេ​ឡា ដោយ​លោក​បាន​ហៅ​ថា ជាការ​រំលោភយ៉ាងធ្ងន់​ធ្ងរ​ដល់​ច្បាប់​អន្តរជាតិ៕

XS
SM
MD
LG