ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​​នាំ​មុខ​របស់​លោក Biden ថយ​ចុះ​ ខណៈ​អ្នក​បោះឆ្នោត​យល់​ថា​លោក​ Trump ​សក្តិសម​ជាង​សម្រាប់​ឆ្លើយ​តប​​បញ្ហា​សេដ្ឋកិច្ច​និង​វិបត្តិ​កូវីដ


រូបឯកសារ៖ លោកប្រធានាធិបតីអាមេរិក Donald Trump (ស្តាំ) និងលោក Joe Biden អតីតអនុប្រធានាធិបតីអាមេរិក។
រូបឯកសារ៖ លោកប្រធានាធិបតីអាមេរិក Donald Trump (ស្តាំ) និងលោក Joe Biden អតីតអនុប្រធានាធិបតីអាមេរិក។

ការ​នាំ​មុខ​ខាង​ប្រជាប្រិយភាពរបស់​លោក Joe Biden ទៅ​លើ​លោក​ប្រធានាធិបតី​ Donald Trump បាន​ថយ​ចុះ​ក្នុង​ប៉ុន្មាន​សប្តាហ៍​នេះ ខណៈលោក Biden ដែល​ត្រូវ​គេ​សន្មត​ថា​ នឹង​ក្លាយ​ជាបេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ ​មាន​ការ​លំបាក​ក្នុង​ការ​បង្ហាញ​មុខ​ចំពោះ​អ្នក​បោះឆ្នោតក្នុង​អំឡុង​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ១៩។ នេះ​បើ​តាម​ការ​ស្ទង់មតិ​មួយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters និង​ក្រុមហ៊ុន Ipsos ដែល​បាន​ចេញ​កាល​ពី​ថ្ងៃអង្គារ។

ការ​ស្ទង់​មតិ​ដែល​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ បង្ហាញ​ថា ៤៣%​ នៃ​អ្នក​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​និយាយ​ថា ពួក​គេ​នឹង​គាំទ្រ​លោក Biden នៅ​ក្នុង​ការ​បោះឆ្នោតយក​តំណែង​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ នៅ​ខែ​វិច្ឆិកា​ខាង​មុខ ខណៈ​ដែល​ ៤១%​ និយាយ​ថា ​ពួក​គេ​នឹង​បោះឆ្នោត​ឲ្យ​លោក​ Trump។ លទ្ធផល​នេះ​រួម​បង្ហាញ​ថា​ បេក្ខជន​ទាំង​ពីរ​មាន​ប្រជាប្រិយភាព​ប្រហាក់ប្រហែល​គ្នា។

ការ​ស្ទង់​មតិ​កាល​ចុង​ខែ​មេសា បាន​បង្ហាញ​ថា លោក Biden ពេល​នោះ​បាន​នាំ​មុខ​លោក​ ត្រាំ​ ដល់​ ៨​ ពិន្ទុ។ អតីត​អនុប្រធានាធិបតី​រូប​នេះ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​យុទ្ធនាការ​ឃោសនា​របស់​លោក​ពី​គេហដ្ឋាន​នៅ​រដ្ឋ Delaware ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក ដើម្បី​សម្រប​នឹង​វិធានការ​រក្សា​គម្លាត​ពី​គ្នា​ក្នុង​សង្គម ដើម្បី​ទប់​ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ដែល​មក​ទល់​នឹង​ពេល​នេះ​បាន​សម្លាប់​មនុស្ស​ជាង ​៧០.០០០​ នាក់ ​នៅ​សហរដ្ឋ​អាមេរិក​និង​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង ​៣០​ លាន​នាក់​ បាត់បង់​ការងារ។ ថ្មីៗ​នេះ​លោក Biden ក៏​ត្រូរ​រង​ការ​ចោទ​ប្រកាន់​ថា​ពីអតីត​អ្នក​ជំនួយការ​ម្នាក់ថា​ លោក​បាន​បៀតបៀន​ផ្លូវ​ភេទ​លើរូប​នាង​ កាល​ពី​ឆ្នាំ​ ១៩៩៣។

ផ្ទុយ​ពី​លោក Biden លោក​ប្រធានាធិបតី​ ត្រាំ​ បាន​ចេញ​មុខ​ដឹកនាំ​ការ​ឆ្លើយ​តប​របស់​អាមេរិក​ ទៅ​នឹង​ការ​រាតត្បាត​ជាសាកល​នៃ​ជំងឺ​កូវីដ១៩​នេះ ដោយ​លោក​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​មក​ដល់​ពេល​ថ្មីៗ​នេះ។

ការ​ស្ទង់​មតិ​ចុង​ក្រោយ​នេះ ​បង្ហាញ​ថា ៤៥%​ នៃ​ពលរដ្ឋ​អាមេរិកាំង​យល់ថា ​លោក ​ត្រាំ​ សក្តិសម​ជាង​ក្នុង​ការ​បង្កើត​ការងារ ខណៈ ​៣២%​ យល់​ថា​ លោក​ Biden សក្តិ​សម​ជាង។ ហើយ ៣៧%​ យល់ថា​ លោក​ ត្រាំ​ អាច​ដឹកនាំ​វិធានការ​ឆ្លើយតប​ទៅនឹង​កូវីដ១៩​ ​បាន​ល្អ​ជាង​លោក​ Biden ខណៈដែល​ពលរដ្ឋ​ ៣៥%​ យល់ថា​ លោក​ Biden ប្រសើរ​ជាង​លោក ​ត្រាំ ​ក្នុង​រឿង​នេះ៕

XS
SM
MD
LG