ភរិយារបស់សកម្មជនបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អះអាងថាស្វាមីរបស់ពួកគេត្រូវចាប់ខ្លួន ដោយអយុត្តិធម៌ ហើយពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលជួបស្វាមីក្នុងពន្ធនាគារនោះទេ។
បើតាមមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ សកម្មជនបក្សថ្នាក់ក្រោម សរុបយ៉ាងតិច១០នាក់ ត្រូវចាប់ខ្លួន ដោយមិនដឹងការចោទប្រកាន់ច្បាស់លាស់ ក្នុងការបង្រ្កាបនយោបាយមួយ ខណៈថ្នាក់ដឹកនាំគណបក្សនេះដែលកំពុងស្ថិតនៅក្រៅប្រទេស ប្រកាសចូលប្រទេសកម្ពុជាវិញ។
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ សកម្មជនបក្សប្រឆាំង២នាក់នៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបានចាប់ខ្លួន រួចបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ។ សកម្មជនបក្សប្រឆាំងទាំងពីរ មានលោក អ៊ុំ យ៉េត ជាអតីតក្រុមប្រឹក្សាក្រុងសួងនៃខេត្តត្បូងឃ្មុំ និងលោក លាភ សុខផេង អតីតមេឃុំមេមត់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើយោងតាមភរិយារបស់លោក អ៊ុំ យ៉េត គឺអ្នកស្រី ងួន ផល្លា អាយុ៦១ឆ្នាំ រស់នៅក្នុងខេត្តត្បូងឃ្មុំ។
អ្នកស្រី ងួន ផលា្ល មានប្រសាសន៍នៅថ្ងៃច័ន្ទនេះថារហូតមកដល់ពេលនេះ អ្នកស្រីមិនមានព័ត៌មានច្បាស់លាស់ថាតើស្វាមីត្រូវបានចោទប្រកាន់ពីបទអ្វី និងបានប្រព្រឹត្តអ្វីខុសនោះទេ ខណៈអ្នកស្រីមិនទាន់ត្រូវបានអនុញ្ញាតឲ្យជួបស្វាមីក្នុងពន្ធនាគារ ដោយសារអាជ្ញាធរប្រាប់ថាបារម្ភខ្លាចការឆ្លងជំងឺកូវីដ១៩។
អ្នកស្រីយល់ថាការចាប់ខ្លួនស្វាមីជាអំពើអយុត្តិធម៌សម្រាប់ស្វាមីដែលអ្នកស្រីអះអាងថាគ្រាន់តែជាអ្នកចម្ការម្នាក់ដែលមិនបានធ្វើនយោបាយអ្វីទេ ក្រោយគណបក្សសង្រ្គោះជាតិត្រូវបានរំលាយចោល។
អ្នកស្រីប្រាប់VOAថា៖ «ការចាប់ខ្លួនរបស់គ្រួសារខ្ញុំហ្នឹង គឺអយុត្តិធម៌ជាទីបំផុត។ សម្រាប់ខ្ញុំ គឺទទួលយកមិនបានទេ ព្រោះគាត់អត់មានធ្វើអីខុស។ គាត់កំពុងតែទៅស្រោចដំណាំនៅចម្ការសោះ ទៅចាប់គាត់ដោយអត់មានដីកា»។
ពីដំបូងឡើយ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ជាពិសេសលោកស្រី មូរ សុខហួរ អនុប្រធានម្នាក់នៃគណបក្សប្រឆាំងនេះ បានប្រកាសថាអ្នកស្រីនឹងមកកម្ពុជានៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ប៉ុន្តែគម្រោងនេះត្រូវលើកពេលទៅថ្ងៃទី១៥ ខែមករាវិញ ក្រោមហេតុផលថាដោយសារក្រុមហ៊ុនអាកាសចរណ៍ដែលត្រូវជិះ ផ្អាកជើងហោះហើរ។
ចំណែកលោក គៀត ភ្លី អាយុ៤៨ឆ្នាំ ដែលជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិក្នុងសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ហើយសហការីរបស់លោកម្នាក់ទៀត គឺលោក ធួក ធឿយ ដែលជាសកម្មជនម្នាក់ដែរ ក៏ត្រូវបានចាប់ខ្លួន។ នេះបើតាមភរិយារបស់លោក គៀត ភ្លី គឺអ្នកស្រី ពៅ ធាវី អាយុ៤០ឆ្នាំ ដែលមានកូន៣នាក់។ អ្នកស្រីថាពួកគេទាំងពីរឡើងមកភ្នំពេញ ដើម្បីលើកទឹកចិត្តសកម្មជនផ្សេងទៀត ដែលត្រូវឡើងតុលាការ។
អ្នកស្រីបន្តថាពួកគេទាំងពីរត្រូវបានបញ្ជូនពីភ្នំពេញទៅឃុំខ្លួនក្នុងខេត្តឧត្តរមានជ័យវិញ។ អ្នកស្រីមិនទាន់ត្រូវបានអនុញ្ញាតឲ្យជួបស្វាមីនោះទេ ដោយសារអ្នកស្រីត្រូវបានប្រាប់ថាបារម្ភខ្លាចជំងឺកូវីដ១៩។
អ្នកស្រីប្រាប់VOAនៅថ្ងៃច័ន្ទនេះថា៖ «ខ្ញុំទៅសុំជួបគាត់ម្តងដែរ។ ខ្ញុំមិនដឹងថាគេឲ្យទៅជួប គេត្រូវការ តម្រូវអីខ្លះ? ខ្ញុំមិនដឹង។ ខ្ញុំទៅតែខ្លួន គេអត់ឲ្យជួប»។
អ្នកស្រីចាត់ទុកការចាប់ខ្លួនស្វាមីរបស់អ្នកស្រីជារឿងអយុត្តិធម៌មួយ ក្រោយលោកត្រូវបានឃ្លាំមើលជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរក្នុងសង្កាត់។ អ្នកស្រីក៏មិនទាន់ដឹងថាស្វាមីត្រូវចោទប្រកាន់ពីបទអ្វីនោះទេ។ ប៉ុន្តែអាជ្ញាធរគ្រាន់តែប្រាប់អ្នកស្រីថាស្វាមីត្រូវបានចាប់ខ្លួនហើយ។
អ្នកស្រីដែលជាកសិករម្នាក់មានប្រសាសន៍ថា៖ «វាអយុត្តិធម៌សម្រាប់ខ្ញុំណាស់។ វាអត់យុត្តិធម៌ទេសម្រាប់ខ្ញុំ។ ប្តីខ្ញុំគាត់មានជំងឺប្រចាំកាយនៅក្នុងខ្លួនផង។ ចាប់ខ្លួនរបស់ប្តីខ្ញុំ ជារឿងនយោបាយ។ វាអយុត្តិធម៌សម្រាប់ប្តីខ្ញុំណាស់»។
ចំណែកអ្នកស្រី កុល សាត អាយុ៣៥ឆ្នាំ ជាភរិយារបស់លោក គង់ ម៉ាស់ ដែលត្រូវបានចាប់ខ្លួន មានប្រសាសន៍ថាស្វាមីរបស់អ្នកស្រីដែលជាសកម្មជនបក្សប្រឆាំងម្នាក់ក្នុងខេត្តស្វាយរៀង ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ពេលលោកកំពុងតែពិសាកាហ្វេនៅចាក់អង្រែក្រោម រាជធានីភ្នំពេញ។
អ្នកស្រីបន្តថាស្វាមីត្រូវបានចាប់ខ្លួនដោយចោទពីបទ«រួមគំនិតក្បត់» ដែលអ្នកស្រីថាជារឿងអយុត្តិធម៌មួយ។ អ្នកស្រីថាស្វាមីរបស់អ្នកស្រីធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ហើយទើបត្រូវបានដោះលែងកាលពីខែសីហា ឆ្នាំ២០២០។
អ្នកស្រីមានប្រសាសន៍ថា៖ «ដូចថាគាត់នៅតែបន្តនយោបាយ ឆន្ទៈរបស់គាត់។ អញ្ចឹងខ្ញុំបានត្រៀមចិត្តរួចរាល់ហើយ ដឹងថាមុនក្រោយ ប្រហែលជាអញ្ចឹង ប៉ុន្តែធ្វើម៉េច ជាឆន្ទៈរបស់គាត់។ តែខ្ញុំសង្ឃឹម ខ្ញុំជឿជាក់ថាបន្តិចទៀតថ្នាក់ដឹកនាំ គេនឹងត្រូវរ៉ូវគ្នា គាត់នឹងបានរួចចេញមកវិញ»។
ក្រោយចេញពីពន្ធនាគារកាលពីខែសីហា ឆ្នាំ២០២០ លោក គង់ ម៉ាស់ បន្តភាពសកម្មរបស់លោក ដោយការបង្ហោះសារលើហ្វេសប៊ុករបស់លោក។
កាលពីថ្ងៃទី២៧ ខែធ្នូ លោកបានបង្ហោះសារថា៖ «សូមស្វាគមន៍ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិវិលមកស្រុកកំណើតយើងវិញ!»។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលVOAទទួលបាន លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យចាប់ខ្លួនលោក គង់ ម៉ាស់ រួចឃុំខ្លួនក្នុងពន្ធនាគារព្រៃស ដោយចោទពីបទ«រួមគំនិតក្បត់»។
លោក អេង ឆៃអ៊ាង អនុប្រធានមួយរូបទៀតនៃគណបក្សសង្រ្គោះជាតិ ប្រាប់VOAនៅថ្ងៃច័ន្ទនេះថារហូតមកដល់ពេលនេះ សកម្មជនបក្សប្រឆាំងយ៉ាងតិច១០នាក់ ត្រូវចាប់ខ្លួន។ លោកហៅការចាប់ខ្លួននេះ ជា«ការបង្រ្កាបនយោបាយ» មុនពេលការវិលត្រឡប់របស់លោកស្រី មូរ សុខហួរ និងថ្នាក់ដឹកនាំ។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យសកម្មជនទាំងនោះ មានប្រសាសន៍ថាចាប់តាំងពីខែវិច្ឆិកាដល់ថ្ងៃទី៣១ ខែធ្នូ យ៉ាងតិចសកម្មជនគណបក្សសង្រ្គោះជាតិ១០នាក់ ត្រូវបានចាប់ខ្លួន និងឃុំខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ«រួមគំនិតក្បត់» «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និង«ប្រមាថព្រះមហាក្សត្រ»។ លោកមេធាវីចាត់ទុកការចាប់ខ្លួននេះ មិនស្របតាមច្បាប់ ដោយសារពួកគេគ្រាន់តែបញ្ចេញមតិតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «ពួកគាត់ទាំងអស់នេះជាប្រជាពលរដ្ឋហើយពួកគាត់ទាំងអស់ហ្នឹង គាត់អាចប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការបញ្ចេញគំនិត ក៏ដូចជាសិទ្ធិក្នុងការជួបប្រជុំដែលសិទ្ធិទាំងអស់នេះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថាការចាប់ខ្លួនទាំងនោះ គឺធ្វើឡើងតាមដីការបស់តុលាការ ដោយលោករុញឲ្យទៅសួរខាងតុលាការវិញ។
លោកមានប្រសាសន៍ថា៖ «ប្អូនសួរមក ប្អូនត្រូវយល់។ ពាក្យថាអនុវត្តតាមដីការបស់តុលាការ ក្នុងដីកាតុលាការ គឺគេមានកំណត់ថាពីបទករណីអីហើយ…អញ្ចឹងក្នុងនាមជាសមត្ថកិច្ច គឺយើងអនុវត្ត មិនមែនថាយើងចេះតែអនុវត្តទេ»។
VOAមិនទាន់អាចសុំការឆ្លើយតបពីលោក គុជ គឹមឡុង អ្នកនាំពាក្យរបស់តុលាការរាជធានីភ្នំពេញបានទេនៅថ្ងៃច័ន្ទនេះ។
សកម្មជនបក្សប្រឆាំងរាប់សិបនាក់ត្រូវបានចាប់ខ្លួនកាលពីកន្លងទៅ ពាក់ព័ន្ធនឹងការចោទប្រកាន់ថាគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី ដែលបានប្រកាសកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ សកម្មជនខ្លះទៀតក៏កំពុងប្រឈមនឹងការចោទប្រកាន់របស់តុលាការ ដោយរង់ចាំការកាត់ទោស និងប្រកាសសាលក្រម៕