បទសម្ភាសន៍ VOA៖ អាហារូបករណ៍ Fulbright ផ្តល់ចំណេះដឹងនិងបទពិសោធន៍សំខាន់ៗដល់និស្សិតកម្ពុជា
នៅកម្ពុជា គេឃើញមានអាហារូបករណ៍ជាច្រើនប្រភេទផ្សេងៗគ្នា ដែលផ្តល់ឱកាសឲ្យសិស្សនិស្សិតទាំងពីរភេទទៅសិក្សានៅក្រៅប្រទេសដើម្បីអភិវឌ្ឍចំណេះដឹង។ ហើយកាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ កម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ឬហៅកាត់ថា Fulbright ទើបត្រូវបានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦ ដោយគ្រោងបិទការទទួលពាក្យនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ នេះ។ កញ្ញា ជឺ រចនា អតីតនិស្សិតដែលទទួលបានអាហារូបករណ៍ Fulbright និងបានសិក្សាជំនាញសុខភាពសាធារណៈផ្តោតលើបញ្ហាផ្លូវចិត្តនិងអាកប្បកិរិយានៅសាកលវិទ្យាល័យ Washington University in Saint Louis បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មានឲ្យវីអូអេថា អាហារូបករណ៍ Fulbright ផ្តល់ឲ្យកញ្ញានូវចំណេះដឹង និងបទពិសោធន៍សំខាន់ៗដែលជួយគាំទ្រដល់ការបំពេញការងារបច្ចុប្បន្នរបស់កញ្ញា៕