លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ ស្នើរដ្ឋមន្ត្រីក្រសួងចំនួន២ ប្រាប់ទៅតុលាការឲ្យទម្លាក់ចោលបណ្ដឹងដែលមិនគួរចាត់ការ ពាក់ព័ន្ធនឹងក្រុមមេដឹកនាំសហជីព ដោយលោកទទួលស្គាល់ថា បណ្ដឹងនៅតុលាការធ្វើឲ្យប៉ះពាល់ដល់លំហសេរីភាពរបស់កម្មករ និងសហជីព។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតក្នុងខេត្តតាកែវ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រីថ្លែងថា លោកបានទទួលព័ត៌មានថា ប្រធានសហជីពមួយចំនួន កំពុងជាប់បណ្ដឹងនៅតុលាការ ដែលលោកថា ការជាប់បណ្ដឹងនេះ ធ្វើឲ្យពួកគេមានគំនាបក្នុងការបំពេញការងាររបស់ពួកគេ។
លោកបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌យ៉ាងដូច្នេះថា៖ «រឿងណាដែលគួរចាត់ការក៏ចាត់ការឲ្យវាស្រូតទៅ។ រឿងណាដែលវាមិនចាត់ការ អាចគេហៅថាលើកលែងការចោទប្រកាន់ ឬគេហៅតម្កល់ទុកមិនចាត់ការ។ អញ្ចឹងទេឲ្យវាចប់រឿងទៅ ដើម្បីឲ្យសហជីពទាំងនោះកុំឲ្យមានអារម្មណ៍ថា អញធ្វើការរាល់ថ្ងៃដូចជាចំណាប់ខ្មាំង តែអញធ្វើមិនស្រួលគេយកអញទៅកាត់ទោស។ អាហ្នឹងក៏ដូចជាអត់ស្រួលដែរ អារម្មណ៍គេអារម្មណ៍យើង។ អញ្ចឹងសង្ឃឹមថា នេះក៏ជាការបើកចំហសេរីភាពរបស់សហជីពមួយដែរ»។
លោកនាយករដ្ឋមន្ត្រីដែលបានចំណាយថវិកាជាតិរាប់លានដុល្លារក្នុងពេលចុះជួបកម្មករ បន្ថែមថា សហជីពដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ត្រូវចាត់ការដោយច្បាប់។ យ៉ាងណាក្តីលោកបានលើកយកករណីនៃការលើកលែងការចោទប្រកាន់លើលោក មឿន តុលា ប្រធានអង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ ដែលជាអង្គការការពារសិទ្ធិពលករ ថាមានការស្វាគមន៍ ដូច្នេះលោកថា គួរមានការដោះស្រាយករណីសហជីពផ្សេងទៀតឲ្យបានលឿន។
លោកមានប្រសាសន៍ថា៖
«យើងត្រូវយកច្បាប់ធ្វើជាគោល។ អញ្ចឹងទេកាលពីមុនឮថាដូចជាលោក មឿន តុលា អញ្ចឹង ជាប់បណ្ដឹងមួយទៅ រួចហើយគ្រាន់តែ លើកលែងការចោទប្រកាន់ចំពោះលោក មឿន តុលា មួយ ឃើញគេនាំគ្នាស្វាគមន៍។ បើអញ្ចឹង ខ្ញុំក៏នឹកដល់រឿងថា ដូចជាមាន អាត់ ធន់ ក៏មាន យ៉ាង សុភ័ណ្ឌ ក៏មាន។ ឥលូវហ្នឹងពិនិត្យមើល អាណាដែលវាត្រូវកាត់ កាត់ឲ្យវាស្រូតទៅ។ អាណាដែលមិនត្រូវកាត់ លែងលែងការចោទប្រកាន់ ឬក៏តុលាការគេតម្កល់មិនចាត់ការ»។
ក្រុមសហជីពធំៗ និងសកម្មៗមួយចំនួនដែលតែងទាមទារសិទ្ធិសម្រាប់កម្មករ កំពុងរងបណ្ដឹងម្នាក់ៗជាច្រើនករណី ពាក់ព័ន្ធនឹងការដឹកនាំកម្មករឲ្យចេញធ្វើការតវ៉ាទាមទារសិទ្ធិផ្សេងៗ។ ក្នុងនោះមានដូចជាអ្នកស្រី យ៉ាង សុភ័ណ្ឌ លោក អាត់ ធន់ លោក ប៉ាវ ស៊ីណា និងលោក រ៉ុង ឈុន ជាដើម។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា (CATU) ដែលអះអាងថាកំពុងជាប់បណ្ដឹងចំនួន៨ ប្រាប់ VOA នារសៀលថ្ងៃពុធថា អ្នកស្រីសារទរចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ខណៈការជាប់បណ្ដឹងនៅតុលាការ តែងធ្វើឲ្យអ្នកស្រីរងសម្ពាធ មិនអាចបំពេញការងារបានពេញលេញ។
អ្នកស្រីបញ្ជាក់ដោយលើកជាឧទាហរណ៍នៃការរងសម្ពាធពីបណ្ដឹងតុលាការក្នុងការចរចារប្រាក់ឈ្នួលនាពេលកន្លងមកថា៖
«ធម្មតាតែយើងអង្គុយតុចរចាបានន័យថាសមាសភាពរបស់យើងស្មើគ្នា យើងមានសិទ្ធិជជែកវែកញែកត្រឹមត្រូវ។ ចុះបើករណីរបស់ខ្ញុំនេះ គេភ្ជង់ក ខ្ញុំហើយហ្នឹង ហើយខ្ញុំដើរតួនាទីក្នុងការជជែកគ្នារឿងប្រាក់ឈ្នួលរបស់កម្មករហ្នឹង។ អញ្ចឹងកន្លែងហ្នឹងមួយខ្ញុំមើលឃើញថាវាអត់ស្មើភាពគ្នា។ បានន័យថាគេភ្ជង់កខ្ញុំហើយ អញ្ចឹងបានជាប្រាក់ឈ្នួលរាល់ដងគេចង់ដំឡើងប៉ុន្មាន ស្រេចតែចិត្ត ចង់ធ្វើអីបានស្រេចតែចិត្ត ដោយសារគេមើលឃើញថាសហជីពធ្វើអីអត់កើត។ សហជីពទៅធ្វើកូដកម្ម ដឹកនាំកម្មករយ៉ាងម៉េច អីយ៉ាងម៉េច និយាយទៅវាមានសម្ពាធ»។
អ្នកស្រីបន្ថែមថា ការបិទ ឬបើកចំហសេរីភាពរបស់ក្រុមសហជីពនាពេលកន្លងមក តែងផ្លាស់ប្ដូរទៅតាមស្ថានភាពនយោបាយ ដែលអ្នកស្រីថា អ្នកនយោបាយគួរបើកចំហសេរីភាពជាទូទៅ ដើម្បីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។
ចំណែកលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលជាប់បណ្ដឹងនៅតុលាការប្រមាណជា៧ បានសម្ដែងការសាទរចំពោះការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ដោយលោកថា រូបលោកនិងក្រុមការងាររងការចោទប្រកាន់ទាំងអយុត្តិធម៌ និងមិនមានការស៊ើបអង្កេតច្បាស់លាស់។
ទោះយ៉ាងណាលោកថា ការណ៍នេះមិនអាចចាត់ទុកថាសេរីភាពរបស់សហជីពត្រូវបានបើកទូលាយនៅឡើយ។
លោកបានលើកឡើងពីការយល់ឃើញពាក់ព័ន្ធនឹងការបើកចំហសេរីភាពសម្រាប់សហជីព និងសង្គមស៊ីវិលជាបន្តបន្ទាប់ថា៖
«ប្រហែលជាគាត់ឃើញអំពីបញ្ហាកន្លងមក ដែលវាមានសម្ពាធ ហើយគាត់ចង់ដោះស្រាយបញ្ហាហ្នឹង ចង់ឲ្យស្ថានការណ៍ហ្នឹងប្រសើរឡើងវិញ។ហើយខ្ញុំគិតថាវាអាចមានរឿងរ៉ាវផ្សេងជាច្រើនទៀត គ្រាន់តែថាយើងមិនដឹងច្បាស់នៅពីក្រោយនៃការលើកឡើង។ ប៉ុន្តែទោះបីជាយ៉ាងណាខ្ញុំគិតថាវាជារឿងមួយល្អ ដែលជំរុញឲ្យមានការដោះស្រាយបញ្ហាហ្នឹង ព្រោះពួកយើងភាគច្រើនរងការចោទប្រកាន់ទាំងអយុត្តិធម៌ច្រើនណាស់»។
ការបញ្ជាឲ្យទម្លាក់ចោល និងលើកលែងការចោទប្រកាន់លើបណ្ដឹងរបស់ក្រុមមេដឹកនាំសហជីពនេះ ធ្វើឡើងក្រោយបន្តិចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល។ ចំណែកក្រសួងមហាផ្ទៃ ក៏បានជូនដំណឹងឲ្យអង្គការមិនមែនរដ្ឋាភិបាលដែលស្របច្បាប់ទាំងអស់ រាយការណ៍ទៅខ្លួន ប្រសិនបើមានការរឹតត្បិតការធ្វើសកម្មភាពជួបជុំណាមួយនៅតាមមូលដ្ឋាន ជាបន្តបន្ទាប់។
ការណ៍ទាំងនេះ ត្រូវបានគេមើលឃើញថា រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អស់រយៈពេលជាង៣ទសវត្សមកហើយនោះ កំពុងព្យាយាមបន្ធូរបន្ថយកម្ដៅនយោបាយ ខណៈកម្ពុជាកំពុងរងការរិះគន់យ៉ាងខ្លាំងពីស្ថាប័ន និងប្រទេសលទ្ធិប្រជាធិបតេយ្យធំៗមួយចំនួន ក្រោយការបោះឆ្នោតថ្នាក់ជាតិមួយដែលមិនមានការចូលរួមពីគណបក្សប្រឆាំង និងការដែលកម្ពុជាកំពុងត្រូវបានដឹកនាំដោយរដ្ឋាភិបាលឯកបក្ស។
ការព្យាយាមបើកលំហសេរីភាពនៅកម្ពុជានេះ ធ្វើឡើងស្របពេលដែលអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស កំពុងធ្វើទស្សនកិច្ចនៅកម្ពុជា ស្របពេលដែលស្ថាប័នអន្តរជាតិធំៗមួយចំនួន បានរិះគន់ជាបន្តបន្ទាប់ថា រដ្ឋាភិបាលកម្ពុជា កំពុងធ្វើឲ្យខូចខាតលទ្ធិប្រជាធិបតេយ្យ តាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ ការចាប់ខ្លួនប្រធានគណបក្សនេះដាក់ពន្ធនាគារ ការរឹតត្បិតលើសារព័ត៌មានឯករាជ្យ និងការបង្ក្រាបលើសង្គមស៊ីវិលតាមរយៈការហាមឃាត់ការជួបជុំ ព្រមទាំងការបិទស្ថាប័នដែលធ្វើការជំរុញលទ្ធិប្រជាធិបតេយ្យជាដើម។
សហភាពអឺរ៉ុបនៅដើមខែតុលានេះ បានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជាថា ប្រទេសកម្ពុជានឹងបាត់បង់ឋានៈអនុគ្រោះពន្ធសម្រាប់នាំទំនិញចូលទីផ្សាររបស់សហគមន៍អឺរ៉ុប ដោយសារតែការរំលោភសិទ្ធិមនុស្ស។ សហភាពអឺរ៉ុប ក៏បានទុកពេលឲ្យកម្ពុជារយៈពេល១២ខែ ដើម្បីស្តាស្ថានភាពប្រជាធិបតេយ្យឡើងវិញ មុននឹងសម្រេចដកពន្ធអនុគ្រោះ ដែលផ្ដល់ផលចំណេញឲ្យកម្ពុជាប្រមាណជា៧០០លានដុល្លារក្នុងមួយឆ្នាំៗ។
ទោះបីជាជំរុញឲ្យមានការលើកលែង និងទម្លាក់ចោលការចោទប្រកាន់លើក្រុមមេដឹកនាំសហជីព លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរថា នឹងមិនមានការលើកលែងទោសណាមួយដល់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនោះទេ។
លោកបន្ថែមថា លោក កឹម សុខា មិនទាន់ត្រូវបានតុលាការកាត់ទោស ហើយសាលក្រមមិនទាន់ចូលស្ថាពរ ដូច្នេះលោកថា ករណីរបស់លោក កឹម សុខា មិនអាចស្នើព្រះមហាក្សត្រព្រះរាជទានលើកលែងទោសបានទេ។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃចន្ទកន្លងទៅនេះថា លោក កឹម សុខា នឹងត្រូវបានរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដោះលែងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសខួបទី២០ នៃនយោបាយឈ្នះៗរបស់លោក ហ៊ុន សែន។ លោក សម រង្ស៊ី ថា ការលើកលែងនោះ នឹងធ្វើឡើងក្រោមសម្ពាធអន្តរជាតិ៕