ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថា រដ្ឋាភិបាល​របស់​លោក​នឹង​ព្យាយាម​រក្សា​លំនឹង​តម្លៃ​​ទំនិញ​ក្នុង​ទីផ្សារ


រូបឯកសារ៖ សកម្មភាព​លក់​ដូរ​នៅ​ផ្សារ​ច្រាំង​ចំរេះ​ (ផ្សារ​គីឡូលេខ​​៧)​ នៅ​ម៉ោង​៥​រសៀល​ ថ្ងៃ​អាទិត្យ​ ទី១២​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ នៅ​ក្នុង​ខណ្ឌ​ឫស្សី​កែវ​ ភ្នំ​ពេញ។ (VOA)
រូបឯកសារ៖ សកម្មភាព​លក់​ដូរ​នៅ​ផ្សារ​ច្រាំង​ចំរេះ​ (ផ្សារ​គីឡូលេខ​​៧)​ នៅ​ម៉ោង​៥​រសៀល​ ថ្ងៃ​អាទិត្យ​ ទី១២​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ នៅ​ក្នុង​ខណ្ឌ​ឫស្សី​កែវ​ ភ្នំ​ពេញ។ (VOA)

ថ្លែង​ទៅ​កាន់​កម្មករ-កម្មការិនី​ក្នុង​ខេត្ត​តាកែវ​ ​នៅ​ថ្ងៃពុធ​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​​លើក​ឡើង​ថា​ ​ការ​ដំឡើង​ប្រាក់​ខែ​ជា​ទូទៅ​​នឹង​អាច​ក្លាយ​ជា​ការ​ឡើង​ប្រាក់​ខែ​ពិត​ប្រាកដ​ ​លុះត្រាតែ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​មិន​ឡើង​ថ្លៃ។

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​ជំរុញ​ឲ្យ​មាន​ការ​រក្សា​លំនឹង​តម្លៃ​ទំនិញ​លើ​ទីផ្សារដើម្បី​ធានា​ថា​ ​រាល់​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​កម្មករ​-កម្មការិនី​ ​មន្រ្តីរាជការ​ ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​គឺ​ជា​ការ​ដំឡើងប្រាក់​ខែ​ពិត​ប្រាកដ។​

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ធ្វើ​ឡើង​ខណៈ​ដែល​តែង​មាន​ការ​ត្អូញ​ត្អែរ​ថា​ ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ស្ទើរ​គ្រប់​មុខ​តែង​ឡើង​ថ្លៃ ​រាល់​ពេល​ដែល​មាន​ការ​ប្រកាស​ដំឡើងប្រាក់​បៀវត្សរ៍។​

ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ-កម្មការិនី​ក្នុង​ខេត្ត​តាកែវ​ ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែនថ្លែង​ថា​ ​ការ​ដំឡើងប្រាក់​ខែ​ជា​បន្ត​បន្ទាប់ដល់​កម្មករ-កម្មការិ​នី ​មន្រ្តី​រាជការ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​តែធ្វើ​ឡើង​ទន្ទឹម​នឹង​ការ​ដែល​តម្លៃ​ទំនិញ​លើ​ទីផ្សារ​មិន​មាន​ការ​កើន​ឡើង។​ ​លោក​បន្ថែម​ថា ​ការ​ដំឡើង​ប្រាក់​ខែ​ជា​ទូទៅនឹង​អាច​ក្លាយ​ជា​ការ​ឡើង​ប្រាក់​ខែ​ពិត​ប្រាកដ​ ​លុះត្រា​តែ​តម្លៃទំនិញ​លើ​ទី​ផ្សារ​មិន​ឡើង​ថ្លៃ។​

លោក​បញ្ជាក់​ថា៖​

«ជាមួយ​នឹង​ការ​ដំឡើងបៀវត្សរ៍​ឲ្យ​មន្រ្តី​រាជការ​ ​កងកម្លាំង​ប្រដាប់​អាវុធ​ ​ក៏​ដូចជា​កម្មករ-កម្មារិនី​ ​ក៏​ត្រូវ​ខិតខំ​រក្សា​នូវ​លំនឹង​ទំនិញ​ក្នុង​ទីផ្សារដើម្បី​ធានា​ឲ្យ​កម្លាំងទិញពិត​ប្រាកដ​ដែល​បាន​មក​ពី​ការ​ដំឡើងបៀវត្សរ៍​ឲ្យ​មន្រ្តី​រាជការ​ ​កង​កម្លាំង​ប្រដាប់អាវុធ​ ​ក៏​ដូចជា​កម្មករ-កម្មការិនី​របស់​យើង​ផង​ដែរ»។

យ៉ាង​ណាក្តី​ ​លោក​នាយក​រដ្ឋមន្រ្តី​ដែល​កាន់​អំណាច​ជាង​៣​ទសវត្ស​រូប​នេះ​មិន​បាន​បញ្ជាក់​ថា ​តើ​ការ​រក្សា​លំនឹង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ត្រូវ​ធ្វើ​ឡើង​ដោយ​របៀប​ណា​នោះ​ទេ។​

VOA​ ​មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោកស៊ាង ថៃ​ ​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ទេ ​រហូត​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ។​

ប្រាក់​បៀវត្សរ៍​របស់​មន្រ្តី​រាជការ ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ដំឡើងជា​បន្ត​បន្ទាប់ ​ដែល​ក្នុង​នោះ​មាន​ចន្លោះ​ពី​១​លាន​រៀល​ទៅ​ជិត​១​លាន​២សែន​រៀល​ សម្រាប់​ខែ​មករា​ឆ្នាំ​២០១៩។​

លោក​ មាស នី ​អ្នក​សិក្សា​ពី​ការ​វិវត្ត​សង្គម ​និង​ជា​អ្នក​វិភាគ​ឯករាជ្យ ​លើក​ឡើង​ថា​ យោង​តាម​តម្លៃ​ទំនិញ​លើ​ទីផ្សារ​នៅ​កម្ពុជា ​គេ​ឃើញ​ថា ​ ​ប្រាក់​បៀវត្សរ៍​របស់​មន្រ្តី​រាជការ​ដែល​មាន​ចំនួន​ជាង​១​លាន​រៀល​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ការ​ចំណាយ​ប្រចាំ​ខែ​នៅ​ឡើយ។ ​លោក​បន្ថែម​ថា ​រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ដោយ​ប្រើប្រាស់​ថវិកា​ជាតិ​ក្នុង​ការ​ដំឡើងប្រាក់​បៀវត្សរ៍​ដល់​មន្រ្តី​រាជការជាជាង​ការខំ​ប្រឹង​បង្កើត​ និងពង្រឹង​បក្ខពួក​របស់​ខ្លួន។

លោក​មាស នី​បញ្ជាក់​អំពី​ចំនួន​ប្រាក់​ខែ​ដែល​មន្រ្តី​រាជការអាច​ចំណាយ​បាន​សមរម្យ​ថា៖​

«អាច​ពី​៣០០​រយ​ដុល្លារ​ឡើង​ទៅ​ បាន​ន័យ​ថា​ ​មួយ​ថ្ងៃ​អាច​ត្រូវ​បាន​១០​ដុលា្លរ​ក្នុង​មួយ​ថ្ងៃ។​ ហើយ​អាច​ពី​៣០០​ដុលា្លរ​ឡើង​ទៅ​ ទៅ​ដល់៥០០​អី​ហ្នឹង។​ អាហ្នឹង​អាច​គ្រាន់​ឲ្យ​គ្នា​រស់​បាន​ស្រួល​បន្តិច។​ ប៉ុន្តែ​បើ​ក្រោម​ហ្នឹង​ ដូច​រាល់ថ្ងៃ​កម្មករគ្នា​បាន​ត្រឹម​តែ​១៧០​ឬ​ក៏១៨០ ​ហើយ​មាន​តែ​ធ្វើ​ការលើស​ម៉ោង​អាច​បាន​២០០​អ៊ីចឹង​ទៅ។ ​អ៊ីចឹង​វា​នៅ​ទាប​នៅ​ឡើយ​ទេ​ បើ​ប្រៀបធៀប​ជាមួយ​ការ​ចំណាយ​ជាក់​ស្តែង​ប្រឈម​ទៅ​នឹង​រឿង​ទីផ្សារ»។

ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ-កម្មការិនី​ក្នុង​វិស័យកាត់ដេរ​សំលៀក​បំពាក់​ ​និង​ស្បែក​ជើងកើន​ដល់​ចំនួន​១៨២​ដុល្លារ​ក្នុង​មួយ​ខែ ​ចាប់​ពី​ឆ្នាំ​២០១៩។​

លោកហេង សួរ​ ​អ្នកនាំ​ពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ​ប្រាប់​ ​VOA​ ​ថា​ ​យោង​តាម​លក្ខណៈ​វិទ្យាសាស្រ្ត​ ​និង​សេដ្ឋកិច្ច ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន​ធៀប​នឹង​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ-កម្មការិនី ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​កម្មការ-កម្មកានី​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ការ​ដំឡើងប្រាក់​ឈ្នួល​អប្បបរមា​របស់​យើង​ជា​រៀងរាល់​ដង​នេះគឺ​យើង​តែងតែ​កំណត់​លើស​ពី​អត្រា​អតិផរណា ​ដែល​ជា​ទូទៅ​ អត្រា​អតិផរណា​នេះ​គឺ​ជា​ការ​វាស់​នូវ​កម្រិត​កើន​ឡើង​នៃ​ថ្លៃ​ទំនិញ​នានា​នៅ​ទីផ្សារ ​គិត​ជា​មធ្យម​ភាគ»។​

រាល់​ពេល​ដែល​ប្រាក់​ខែ​កម្មករ-កម្មការិនី​ត្រូវ​បាន​ដំឡើង​ ​គេ​សង្កេត​ឃើញ​ថា​ ​តម្លៃទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​លើ​ទីផ្សារ​ ​ក៏​តែង​ឡើង​ថ្លៃ​ជា​បន្ត​បន្ទាប់។​ ​ការណ៍​នេះ​ធ្វើ​ឲ្យ​កម្មករ​នៅ​តែ​បន្ត​ចាយ​វាយ​ត្បិត​ត្បៀត​ តាម​រយៈ​ការ​បរិភោគ​អាហារ​គ្មាន​ជីវជាតិ​គ្រប់គ្រាន់​ និង​ការ​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​ហួស​ចំណុះ​ ដែល​ជារឿយៗ​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ និង​ស្លាប់​បាត់​បង់​ជីវិត​ជាដើម។

លោក​អាត់ ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​លើក​ឡើង​ថា​ ​ប្រាក់​ខែ​គោល​របស់​កម្មករ​ចំនួន​១៨២​ដុលា្លរមិន​ទាន់​ជា​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​កម្មករ​រស់​នៅ​មាន​ជីវភាព​ធម្មតា​បាន​នៅ​ឡើយ។​ លោក​បន្ត​ថា ​ទន្ទឹម​នឹង​ប្រាក់​ឈ្នួល​មិនទាន់​គ្រប់​សម្រាប់​កម្មករ​ ​ការ​កើន​ឡើង​នូវ​តម្លៃ​ទំនិញ​លើ​ទីផ្សារកាន់​តែ​ជា​បន្ទុក​ធ្វើ​ឲ្យ​កម្មករប្រឈម​នឹង​បញ្ហាក្នុង​ការ​រស់​នៅ។​

លោក​អាត់ ធន់​បន្ថែម​ថា​ ​ការ​ទប់​ស្កាត់​ការ​កើន​ឡើង​នូវ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​អាចធ្វើ​ទៅ​បាន​ ​ប្រសិន​បើ​រដ្ឋាភិបាល​មាន​យន្តការ​ជាក់លាក់។​

លោក​បញ្ជាក់​ថា៖​

«រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​មើល​ក្រុមហ៊ុន​វិនិយោគ ​ឬ​ក៏​ការ​នាំ​ចូល​នូវ​ទំនិញ​សព្វ​សារពើ​គ្រប់​ប្រភេទ​ហ្នឹង ​តើ​វា​នាំចូល​ពី​ខាង​ណា?​ ​ហើយ​មុខ​ទំនិញ​អី​ដែល​ជា​ប្រភព​នៃ​ការ​កើន​ឡើង​នូវ​អតិផរណា​ហ្នឹង? ​អ៊ីចឹង​ត្រូវ​ទប់​អាហ្នឹង​ឲ្យ​បាន។​ ​ក្នុង​ករណី​កន្លែង​ណា​ដែល​ប៉ះពាល់​ជីវិត​កម្មករ​ទូទៅ ​ រដ្ឋ​អាច​ឧបត្ថម្ភ​ធន​ដើម្បី​ទប់​ស្កាត់​អតិផរណា​ហ្នឹង​បាន។​ ​ហើយ​មួយ​ទៀត​ ​ការដំឡើងប្រាក់​បៀវត្សរ៍​នេះ​គឺ​ត្រូវ​តែ​ដំឡើងទៅ​តាម​ចំនួន​ដែល​បំពេញ​តម្រូវការ​រស់នៅ​ចាំបាច់​របស់​កម្មករ ​ព្រោះកាលណា​តែ​ធានា​តម្រូវការ​រស់​នៅ​ចាំបាច់​បាន​ហើយ ​អា​នេះ​អត់​ឡើង​ទៀត ​មាន​ន័យ​ថា ​គាត់​អាច​រស់​បាន»។​

ការ​ទាមទារ​ដំឡើងប្រាក់​ខែ​របស់​កម្មករ-កម្មការិនី​ចាប់​ផ្តើម​កើត​មាន​ជា​បន្ត​បន្ទាប់​តាំង​ពី​មុន​ឆ្នាំ​២០០០​មក​ ​ពោល​គឺ​អំឡុង​គណបក្ស​សម រង្ស៊ី​ដែល​មាន​លោក​សម រង្ស៊ីជា​ប្រធាន​នា​ពេល​នោះ​ ​បាន​ដឹកនាំ​ឲ្យ​មាន​ការ​តវ៉ា​ដើម្បី​ទាមទារ​ការ​ដំឡើង ​ខណៈដែល​ប្រាក់​ខែ​កម្មករ​នា​ពេល​នោះ​ ​មាន​ត្រឹម​តែ​៤០​ដុល្លារ​ប៉ុណ្ណោះ។​

នៅ​មុន​ឆ្នាំ​២០១៣​ ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​រោងចក្រមាន​ចំនួន​១០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ​ប៉ុន្តែ​ប្រាក់​ឈ្នួល​បាន​កើន​ឡើង​ ​បន្ទាប់​ពី​មាន​ការ​ធ្វើ​បាតុកម្ម​ទាំង​ហិង្សា​ និង​អហិង្សាជា​បន្ត​បន្ទាប់។​

កាល​ពី​ដើម​ឆ្នាំ​២០១៤​កន្លង​ទៅ​ ​បាតុកម្ម​អហិង្សា​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួលបានប្រែក្លាយ​ជា​អំពើ​ហិង្សា​មួយ​ក្បែរ​ផ្លូវវេង​ស្រេង ​ពេល​មានការ​បង្ក្រាប​ដោយកម្លាំង​ទ័ព​៩១១ដែល​ជិតដឹត​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន។​ ​ការបង្ក្រាបនា​ពេល​នោះបាន​បណ្ដាល​ឲ្យ​កម្មករ​យ៉ាង​ហោច​ណាស់​៥​នាក់​ស្លាប់​ និងជា​ច្រើន​នាក់​ផ្សេង​ទៀត​រង​របួស ។

ក្រោយការ​ចរចា​នៅ​ឆ្នាំ​២០១៤​ ​និង​២០១៥​ ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​ត្រូវ​បាន​ដំឡើង​មួយ​កម្រិត​ទៀតគឺ​ពី​១២៨​ដុល្លារ​ដល់​១៤០​ដុល្លារ៕

XS
SM
MD
LG