ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Blinken ជួបពិភាក្សាជាមួយលោក ហ៊ុន សែន និងកិច្ចប្រជុំសន្ទនានានា

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅព្រឹកថ្ងៃព្រហស្បតិ៍ បានចូលជួបសំណេះសំណាលជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅវិមានសន្តិភាព ខណៈសហរដ្ឋអាមេរិកនិងបណ្តាប្រទេសធំៗដែលជាដៃគូរបស់អាស៊ាន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំដៃគូសន្ទនានានានៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

លោក Blinken ក៏បានជួបពិភាក្សាជាមួយប្រទេសជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដូចជាឥណ្ឌានិង សហភាពអឺរ៉ុបជាដើម។ ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះក៏បានចូលរួមក្នុងពិធីបង្ហាញផលិតផលកសិកម្មកម្ពុជាដែលត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ USAID ដែលនៅទីនោះ លោក Blinken បានប្រកាសអំពី​គម្រោងថ្មីមួយ Harvest Three នៃកម្មវិធីសន្តិសុខស្បៀងអាហារនៅកម្ពុជា ដើម្បីជួយឲ្យកម្ពុជាអាចនាំចេញផលិតផលកសិកម្មរបស់ខ្លួនដូចជាត្រី និងគ្រាប់ធញ្ញជាតិទៅកាន់ទីផ្សារអន្តរជាតិ។

ក្រៅពីកិច្ចប្រជុំផ្លូវការនានា លោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ក៏បានជួបពិភាក្សាជាមួយក្រុមយុវជន YSEALI ប្រចាំកម្ពុជា ដោយលោកបានចាត់ទុកគម្រោង YSEALI ដែលផ្តោតលើភាពជាអ្នកដឹកនាំរបស់យុវជននៅតំបន់អាស៊ីអាគ្នេយ៍ថាជាកិច្ចប្រឹងប្រែងមួយដែលលោក «យកចិត្តទុកដាក់និងគាំទ្រ»។
នៅថ្ងៃសុក្រស្អែកនេះ លោក Anotony Bliken នឹងចូលរួមកិច្ចប្រជុំអាស៊ីខាងកើត ជាមួយនឹងប្រមុខការទូតជាន់ខ្ពស់មកពីប្រទេសផ្សេងៗទៀតដូចជា ចិន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង សហភាពអឺរ៉ុប រុស្ស៊ីជាដើម។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះជាផ្នែកមួយនៃកិច្ចប្រជុំកំពូលនានាដែលត្រូវបានរៀបចំឡើងដោយកម្ពុជា ដែលជាប្រធានប្តូរវេនអាស៊ាន៕


XS
SM
MD
LG