នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ពិធីស្បថចូលកាន់តំណែងរបស់លោក Joe Biden ប្រធានាធិបតីជាប់ឆ្នោត និងអ្នកស្រី Kamala Harris អនុប្រធានាធិបតីជាប់ឆ្នោត នឹងប្រព្រឹត្តធ្វើឡើង នៅពេលថ្ងៃត្រង់នាថ្ងៃពុធ ទី២០ ខែមករា នៅជណ្តើរខាងលិចវិមានសភាសហរដ្ឋអាមេរិក។ ខណៈពេលនេះ ការរៀបចំលម្អនានាក្នុងរដ្ឋធានីវ៉ាស៊ីនតោន កំពុងជិតរួចរាល់ ក្រោមការរឹតបន្តឹងសន្តិសុខដ៏ខ្លាំងក្លា ដោយមានការបិទផ្លូវជាច្រើនក្នុងរដ្ឋធានីនេះ។ ពិធីស្បថចូលកាន់តំណែងរបស់លោក Biden និងអ្នកស្រី Harris នេះ សាធារណជនទូទៅ មិនត្រូវបានអនុញ្ញាតឲ្យចូលរួមអបអរសាទរដូចពិធីមុនៗនោះទេ ដោយសារវិធានការទប់ស្កាត់ជំងឺកូវីដ១៩ និងវិធានការសន្តិសុខ៕