នៅព្រឹកថ្ងៃពុធនេះ សពរបស់ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកអ្នកស្រី Ruth Bader Ginsburg ត្រូវបានដាក់ក្នុងមឈូសកិត្តិយសដែលមានគ្របដោយទង់ជាតិសហរដ្ឋអាមេរិក និងត្រូវបាននាំមកតម្កល់នៅអគារតុលាការកំពូលសហរដ្ឋអាមេរិកនៅវេលាម៉ោង ៩:៣០នាទីព្រឹក ស្ថិតក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ មឈូសរបស់អ្នកស្រីត្រូវបានដាក់ក្នុងវិមានតុលាការកំពូល ដើម្បីឲ្យចៅក្រមនិងសហការីឯទៀតប្រចាំតុលាការបានគោរពវិញ្ញាណក្ខន្ធរបស់អ្នកស្រី។ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធលក្ខណៈឯកជនមួយក្នុងវិមានអគារតុលាការកំពូល លោក John Roberts ប្រធានចៅក្រមតុលាការកំពូល បានថ្លែងថា៖ «អ្នកស្រីចៅក្រម Ginsburg គឺជាមនុស្សរឹងមាំ ក្លាហាន ជាអ្នកតស៊ូ និងជាអ្នកមានជ័យជម្នះ» ហើយអ្នកស្រីក៏ជា «មនុស្សដែលយកចិត្តទុកដាក់ខ្ពស់ ប្រុងប្រយ័ត្ន អត់ឱន និងស្មោះត្រង់។ នៅក្នុងសាលសវនាការ និងក្នុងបន្ទប់ប្រជុំរបស់យើង អ្នកស្រីមានសំឡេងទន់ ប៉ុន្តែពេលអ្នកស្រីនិយាយ មនុស្សស្តាប់អ្នកស្រី»។ នេះបើយោងតាមសារព័ត៌មាន AP។ មនុស្សរាប់ពាន់នាក់ ត្រូវបានគេរំពឹងថា នឹងមកគោរពសពរបស់អ្នកស្រី Ginsburg ដែលត្រូវបានដាក់នៅមុខអគារតុលាការកំពូលសហរដ្ឋអាមេរិក រយៈពេល ២ ថ្ងៃ ដើម្បីឲ្យសាធារណជនទូទៅបានគោរពវិញ្ញាណក្ខន្ធរបស់អ្នកស្រី។ ជាអ្នកតស៊ូមតិនាំមុខគេដើម្បីសិទ្ធិអំណាចស្មើភាពដល់ស្ត្រីអាមេរិកក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ចៅក្រមតុលាការកំពូលអ្នកស្រី Ruth Bader Ginsburg បានទទួលមរណភាពកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយសារជំងឺមហារីកលំពែង៕
កម្រងរូបភាព៖ សពរបស់ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកអ្នកស្រី Ruth Bader Ginsburg ត្រូវបានតម្កល់នៅតុលាការកំពូល

១
មន្ត្រីប៉ូលិសប្រចាំតុលាការកំពូលសហរដ្ឋអាមេរិកលើកមឈូសរបស់ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកអ្នកស្រី Ruth Bader Ginsburg ដែលមានគ្របទង់ជាតិសហរដ្ឋអាមេរិក ចូលក្នុងវិមានតុលាការកំពូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

២
ប្រធានចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកលោក John Roberts ថ្លែងនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធរបស់ចៅក្រមតុលាការកំពូលអ្នកស្រី Ruth Bader Ginsburg នៅតុលាការកំពូលសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

៣
មឈូសរបស់ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកអ្នកស្រី Ruth Bader Ginsburg ដែលមានគ្របទង់ជាតិសហរដ្ឋអាមេរិក ត្រូវបានដាក់បង្ហាញនៅមុខអគារតុលាការកំពូលសហរដ្ឋអាមេរិក រយៈពេល ២ ថ្ងៃដើម្បីឲ្យសាធារណជនអាចគោរពវិញ្ញាណក្ខន្ធរបស់អ្នកស្រី នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

៤
មឈូសរបស់ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកអ្នកស្រី Ruth Bader Ginsburg ដែលមានគ្របទង់ជាតិសហរដ្ឋអាមេរិក ត្រូវបានដាក់បង្ហាញនៅមុខអគារតុលាការកំពូលសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

៥
ពលរដ្ឋតម្រង់ជួរគោរពវិញ្ញាណក្ខន្ធចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកអ្នកស្រី Ruth Bader Ginsburg ខណៈមឈូសរបស់អ្នកស្រី Ginsburg ត្រូវបានដាក់បង្ហាញនៅមុខអគារតុលាការកំពូលសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០។

៦
ស្ត្រីម្នាក់ជូតទឹកភ្នែកពេលចូលរួមគោរពវិញ្ញាណក្ខន្ធរបស់ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកអ្នកស្រី Ruth Bader Ginsburg ខណៈមឈូសរបស់អ្នកស្រី Ginsburg ត្រូវបានដាក់បង្ហាញនៅមុខអគារតុលាការកំពូលសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០។

៧
មឈូសរបស់ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកអ្នកស្រី Ruth Bader Ginsburg ដែលមានគ្របទង់ជាតិសហរដ្ឋអាមេរិក បានមកដល់អគារតុលាការកំពូលសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។