កម្ពុជាបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមជាសា្ថពរដោយបង្កើតបានប្រវត្តិសាស្ត្រថ្មី
កម្ពុជាដែលជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ប្រារព្ធពិធីបិទបញ្ចប់ជាស្ថាពរនៃព្រឹត្តិការណ៍ប្រកួតកីឡាក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដោយមានការសម្តែងដ៏មានទស្សនីយភាពនិងការចូលរួមទស្សនាអបអរសាទរដោយផ្ទាល់ពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅល្ងាចថ្ងៃពុធ ទី ១៧ ខែឧសភា ឆ្នាំ ២០២៣នេះ។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះជាលើកដំបូងក្នុងរយៈពេល ៦៤ ឆ្នាំមកនេះ។ កីឡាករនិងកីឡាការិនីតំណាងឱ្យកម្ពុជា ក៏បានបង្កើតជាប្រវត្តិសាស្ត្រថ្មីមួយដល់កម្ពុជាផងដែរ ដោយបានប្រកួតឈ្នះបានមេដាយសរុបចំនួន ២៨២ ដោយដណ្តើមបានមេដាយមាសចំនួន ៨១ ហើយស្ថិតក្នុងលេខរៀងទី ៤ ក្នុងនាមជាប្រទេសដែលឈ្នះបានមេដាយមាសច្រើន បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីឈរក្នុងលេខរៀងទី ៣ ដែលឈ្នះបានមេដាយមាសចំនួន ៨៧ ថៃក្នុងលេខរៀងទី ២ ដែលឈ្នះបានមេដាយមាសចំនួន ១០៨ និងវៀតណាមក្នុងលេខរៀងទី ១ នាំមុខគេ ដែលឈ្នះបានមេដាយមាសដល់ទៅ ១៣៦៕










