ទីក្រុង Chicago រដ្ឋ Illinois គឺជាទីក្រុងមួយដែលមានពលរដ្ឋចម្រុះជាតិសាសន៍រស់នៅច្រើនជាងគេមួយនៅសហរដ្ឋអាមេរិក។ ទីក្រុងដ៏ធំមួយនេះមានភាពល្បីល្បាញខាងស្ថាបត្យកម្ម ដោយគេឃើញមានសំណង់អគារទំនើប ប្លែកភ្នែក និងខ្ពស់ស្កឹមស្កៃជាច្រើននៅអមដងទន្លេដែលហូរកាត់ទីក្រុងមួយនេះ។ នៅក្នុងអំឡុងទសវត្សរ៍ ៨០ ទីក្រុងនេះបានទទួលយកជនភៀសខ្លួនខ្មែរជាច្រើននាក់ ដែលភាគច្រើនពួកគេត្រូវបានដាក់ឱ្យតាំងទីលំនៅក្នុងតំបន់ទីប្រជុំជន Argyle។ រហូតមកដល់ពេលនេះ សហគមន៍ខ្មែរដែលមានសមាជិកប្រមាណ ៧ពាន់នាក់ កំពុងរស់នៅតាមក្រុងនានារបស់រដ្ឋនេះ ហើយកំពុងធ្វើសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្លួន តាមរយៈកិច្ចការរបស់សមាគមខ្មែររដ្ឋអ៊ីល្លីណយ និងសារមន្ទីរនិងអនុសារណដ្ឋានខ្មែរ ភោជនីយដ្ឋានខ្មែរ វត្តអារាម និងកិច្ចការក្នុងសហគមន៍ផ្សេងៗទៀត៕