ខណៈពិភពលោកកំពុងដឹងឭអំពីសង្គ្រាមដ៏ប្រល័យរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅតំបន់មជ្ឈិមបូព៌ា ការយល់ដឹងអំពីអំពើប្រល័យពូជសាសន៍និងការផ្សះផ្សារផ្លូវចិត្តកាន់តែមានសារៈសំខាន់សម្រាប់សាធារណជនទូទៅនៅសហរដ្ឋអាមេរិក ដែលពោរពេញដោយពលរដ្ឋមកពីគ្រប់ជាតិសាសន៍។
នៅទីក្រុងឈីហ្កាហ្គូ រដ្ឋអ៊ីល្លីណយ សារមន្ទីរនិងអនុសារណដ្ឋានខ្មែរ ដែលត្រូវបានបង្កើតឡើងជិត ២០ឆ្នាំតាំងពីឆ្នាំ ២០០៤ នោះ កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្សព្វផ្សាយអំពីទុក្ខសោក ស្លាកស្នាមដ៏ជូរចត់នៃអំពើប្រល័យពូជសាសន៍ និងបង្កើនការយល់ដឹងអំពីដំណើរផ្សះផ្សារផ្លូវចិត្តតាមរយៈការចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន និងការឧទ្ទិសដល់ជនរងគ្រោះ។
លោក នេន សុខ នាយកផ្នែកទំនាក់ទំនងសហគមន៍ប្រចាំសមាគមខ្មែររដ្ឋអ៊ីល្លីណយ បានប្រាប់វីអូអេថា សារមន្ទីរនិងអនុសារណដ្ឋាននេះ មានសារៈសំខាន់ណាស់សម្រាប់ដំណើរការផ្សះផ្សារផ្លូវចិត្ត និង«ដើម្បីឱ្យក្មេងជំនាន់ក្រោយនិងពិភពលោកដឹងរឿងពិតរបស់យើង»។
សារមន្ទីរនិងអនុសារណដ្ឋានខ្មែរនេះ គឺជាសមាគមខ្មែរនៅសហរដ្ឋអាមេរិកដំបូងគេដែលបានបង្កើតជាសារមន្ទីរនិងអនុសារណដ្ឋានខ្មែរ ដែលមានការដាក់ពិព័រណ៍អចិន្ត្រៃយ៍អំពីប្រវត្តិសារខ្មែរក្រហម និងការសាងសង់ជាបូជនីយដ្ឋានមួយដែលឧទ្ទិសដល់ជនរងគ្រោះនៃរបបប្រល័យពូជសាសន៍។ ទោះបីជាផ្តោតលើប្រវិត្តិសាស្ត្ររបស់ខ្មែរក្រហមនិងអំពីបទពិសោធន៍របស់ជនរងគ្រោះនិងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្តី ក៏សម្រាប់លោក នេន សុខ សារមន្ទីរនេះកំពុងក្លាយជា«កន្លែងរៀនសូត្រ និងអប់រំផ្លូវចិត្ត» ដល់សាធារណជនទូទៅនៅក្នុងតំបន់ក្រុងឈីហ្កាហ្គូ រដ្ឋអ៊ីល្លីណយ និងសហគមន៍ជាច្រើនមកពីរដ្ឋដទៃទៀតទូទាំងសហរដ្ឋអាមេរិក៕