អ្នកស្រី សាត ផា ដែលជាសកម្មជនដីធ្លីមួយរូបនៃតំបន់បឹងកក់ ត្រូវបានភ្នាក់ងារស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួនបីនាក់ មកទារប្រាក់ដល់ផ្ទះកាលពីចុងខែមេសា ដោយសារតែអ្នកស្រីយឺតពេលបង់ប្រាក់កម្ចីអស់រយៈពេល ១ សប្តាហ៍ហើយ។
អ្នកស្រី សាត ផា គឺជាកូនបំណុលម្នាក់ដែលជំពាក់ប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដូចពលរដ្ឋជាច្រើននាក់នៅទូទាំងប្រទេសដែរ។ សកម្មជនសហគមន៍រូបនេះបានខ្ចីប្រាក់ចំនួន ៧.០០០ ដុល្លារ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាយម៍ ហើយទើបតែបង់បានមួយខែប៉ុណ្ណោះ។
របររបស់អ្នកស្រី សាត ផា ជាអ្នកចាក់ថ្នាំសត្វ ត្រូវបានបាត់បង់តាំងពីចុងខែមីនា នៅពេលដែលកម្ពុជារកឃើញករណីឆ្លងវីរុសនេះជាបន្តបន្ទាប់លើទេសចរបរទេស ដែលបានចូលមកកំសាន្តនៅកម្ពុជា។ ដោយសារតែការព្រួយបារម្ភពីជំងឺកូវីដ១៩ មិនមានអតិថិជនណាត្រូវការសេវានេះទៀតទេ។ ការណ៍នេះនាំឲ្យអ្នកស្រីគ្មានចំណូល និងខ្វះខាតថវិកាសម្រាប់ទទួលទានប្រចាំថ្ងៃ។
ប្រទេសកម្ពុជាមានអ្នកជំងឺកូវីដ១៩ ចំនួន ១២៤ នាក់ប៉ុណ្ណោះ ប៉ុន្តែដោយសារចំនួនអ្នកឆ្លងនៅក្នុងតំបន់និងពិភពលោកនៅបន្តកើនឡើងនាំ ការណ៍នេះបណ្តាលឲ្យសកម្មភាពពាណិជ្ជកម្មមួយចំនួនត្រូវអាក់ខាន។
រហូតមកដល់ចុងខែឧសភានេះ មានរយៈពេលជាងមួយខែហើយដែលអ្នកស្រីនៅតែមិនអាចរកប្រាក់បង់រំលោះបំណុល។
អ្នកស្រី សាត ផា បានបញ្ជាក់ប្រាប់វីអូអេថា៖ «ពួកខ្ញុំនៅទូទាំងប្រទេសហ្នឹង គឺមិនមែនពិបាកតែខ្ញុំមួយទេ គឺពិបាកនៅទូទាំងប្រទេសហ្មង។ អ្នកខ្លះធនាគារតេទៅឲ្យប្រចាំរបស់ លក់របស់យកលុយមកសង។ អ្នកខ្លះយំក៏មានដែរ គឺទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ ពិបាកមែនទែន»។
កូនអ្នកស្រីដែលធ្វើការនៅតាមហាងលក់អាហារក្នុងក្រុងព្រះសីហនុ ក៏ត្រូវផ្អាកការងារមួយរយៈដែរ។
អ្នកស្រី ច្រាយ នីម ដែលជាសកម្មជនសហគមន៍ម្នាក់ទៀត ក៏បានជំពាក់ប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀត ចំនួនជាង ៥.០០០ ដុល្លារ។ អ្នកស្រីក៏ធ្លាប់ត្រូវបុគ្គលិកគ្រឹះស្ថាននោះមកទារប្រាក់ដល់ផ្ទះផងដែរ។
អ្នកស្រី ច្រាយ នីម បានបញ្ជាក់ប្រាប់វីអូអេថា៖ «ខ្ញុំជំពាក់លុយគេក្នុងអំឡុងកូវីដ ខ្ញុំរាងខ្វះខាតក្នុងអំឡុងខែ៤ ដោយសារលក់ដូរមិនដាច់។ ក្នុងអំឡុងខែ៤ខ្ញុំលើសថ្ងៃ ខ្ញុំចាំសន្សំលុយគ្រប់ឲ្យគេនៅខ្វះតិចតួច វាលើសថ្ងៃពីរបីថ្ងៃ។ គេមកដល់ផ្ទះ គេមកសំឡឹងទ្រព្យសម្បត្តិហើយខ្ញុំ ខ្ញុំក៏សូមអង្វរគេថា ខ្ញុំអត់មានលុយ ចាំខ្ចីលុយគេគ្រប់សងថ្លៃធនាគារទុកពេលឲ្យខ្ញុំបន្តិច»។
របរបោកគក់ខោអាវ និងលក់បន្លែរបស់អ្នកស្រី ច្រាយ នីម ក៏បានអាក់ខានមួយរយៈដែរ។
អ្នកស្រីបានបន្ថែមថា ការចរចាជាមួយនឹងម្ចាស់បំណុលមានការផ្លាស់ប្តូរ ដោយម្តងអនុគ្រោះចំនួនបីខែ និងក្រោយមកមិនបានលើកលែងវិញ ដោយមិនបានប្រាប់ឲ្យដឹងជាមុន រហូតដល់ហួសថ្ងៃកំណត់បង់ប្រាក់ ទើបភ្នាក់ងារទូរស័ព្ទមកទារប្រាក់។
អ្នកស្រីច្រាយ នីមបានបន្ថែមថា៖ «អ្វីដែលខ្ញុំខឹងឈឺចាប់មានន័យថា ក្នុងអំឡុងកូវីដ វាហាក់បីដូចជាវាបង្ហាញរឿងធនាគារមិនមានចិត្តមេត្តា។ រីឯធនាគារជាតិក៏បានចេញសេចក្តីប្រកាសថា សុំទៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ កុំឲ្យគំរាមប្រជាពលរដ្ឋក្នុងអំឡុងកូវីដ ប៉ុន្តែយើងឃើញជាក់ស្តែង វាអត់»។
អង្គការសិទ្ធិមនុស្សលីកាដូ បានរកឃើញថា ពលរដ្ឋកម្ពុជាជាង ២,៥ លាននាក់ ជាប់ជំពាក់កម្ចីខ្នាតតូច ហើយត្រូវរងគ្រោះបន្ថែមទៀត ដោយសារវិបត្តិជំងឺកូវីដ១៩។
គណបក្សសង្គ្រោះជាតិបានអំពាវនាវ កាលពីថ្ងៃច័ន្ទនេះ ឲ្យអាជ្ញាធរកម្ពុជាពន្យារពេលសងបំណុលរបស់ប្រជាពលរដ្ឋខ្មែរដែលបានជំពាក់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានអំពាវនាវឲ្យធនាគារ និងមីក្រូហិរញ្ញវត្ថុយកចិត្តទុកដាក់ «ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់និងអនុគ្រោះ» ហើយលោកក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ឲ្យទប់ស្កាត់សកម្មភាពណាមួយ «ដែលមានចេតនាបំពុលបរិយាកាស និងញុះញង់បង្កជាបញ្ហាសង្គម និងអស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា»។
លោក ជូ សីហា នាយកសាខាខណ្ឌឫស្សីកែវ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាយម៍ ដែលអ្នកស្រី សាត ផា ជំពាក់អះអាងថា គ្រឹះស្ថានធ្វើតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ លោកបានបន្ថែមថា មានអតិថិជនមួយចំនួនកំពុងតែដាក់ពាក្យស្នើសុំ និងអ្នកខ្លះទៀតនៅបង់បន្ត។
«យើងមានវិធីសាស្ត្រច្រើនក្នុងការជជែកក្នុងការផ្តល់ជម្រើសដល់អតិថិជន ស្របទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន ពីព្រោះផលប៉ះពាល់ពីកូវីដ១៩ វាអត់ដូចគ្នា វាមានសណ្ឋាន និងលក្ខណៈខុសៗគ្នា»។
លោក សីហា ពន្យល់ថា ជម្រើសដែលគ្រឹះស្ថានលោកមានច្រើន ក្នុងនោះមានការពន្យារពេលសង និងការពន្ធូរបន្ថយ ដោយបង់តែការប្រាក់។ គិតត្រឹមដំណាច់ខែមេសា មានអតិថិជនជាង ២០ នាក់ ដែលត្រូវជា ១០ ភាគរយនៃអតិថិជនរបស់សាខានេះ ស្នើចរចាលក្ខខណ្ឌបង់ប្រាក់ ដោយពួកគេភាគច្រើន បាត់បង់ចំណូលដែលបានមកពីវិស័យរោងចក្រ និងទេសចរណ៍។
សម្រាប់ករណីអ្នកស្រី សាត ផា លោក ជូ សីហា អះអាងថា អ្នកស្រីត្រូវបង់ប្រាក់កម្ចីប្រចាំខែនៅថ្ងៃទី២០ ខែមេសា ហើយបុគ្គលិកចុះទៅផ្ទាល់ដើម្បីប្រមូលព័ត៌មាន នៅថ្ងៃទី២៧ ខែមេសា។
លោកបន្ថែមថា៖ «បន្ទាប់ពីចុះទៅខាងបុគ្គលិកបានរាយការណ៍មកខាងសាខាថា អតិថិជនពិតជាអត់លុយមែន។ យើងចុះជួបគឺដើម្បីប្រមូលព័ត៌មានពីបញ្ហាទាំងអស់ហ្នឹង។ អីចឹងបានជាថ្ងៃទី២៩ នាយកសាខាចុះទៅសម្របសម្រួលពេល ដែលបានព័ត៌មានថាពិតជាប៉ះពាល់មែន យើងផ្តល់ជាជម្រើសដោះស្រាយឲ្យគាត់។ ប៉ុន្តែរាប់ពីថ្ងៃទី២៧ហ្នឹងរហូតមក គឺមិនមានបុគ្គលិកណាបង្ខំឲ្យពួកគាត់បង់លុយទេ»។
នៅក្នុងពេលចុះទារបំណុល កាលពីចុងខែមេសា បុគ្គលិកម្នាក់នៃគ្រឹះស្ថានបានផ្តល់យោបល់ឱ្យអ្នកស្រីយកកាតគ្រីម៉ូតូដាក់បញ្ចាំ ដើម្បីបានប្រាក់បង់រំលស់ការប្រាក់មួយរយៈសិន។ នេះបើតាមរូបភាពវីអូអេដែលបានចែកផ្សាយនៅតាមបណ្តាញសង្គម។ ប៉ុន្តែត្រូវបានអ្នកស្រីបដិសេធដោយស្នើសុំឲ្យពន្យារពេលសងមួយរយៈ រហូតដល់ស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើង។
លោកជូ សីហា បានបញ្ជាក់បន្ថែមថា៖ «រាប់ពីថ្ងៃទី២៩ ដែលយើងជួបគាត់ពេលហ្នុងមកដល់ថ្ងៃទី២៧ ខែ៥នេះ យើងស្ថិតនៅក្នុងដំណាក់កាលដំណោះស្រាយជាមួយនឹងគាត់ ដោយសន្តិវិធី ហើយរាប់ពីថ្ងៃទី២៨មក មិនមានបុគ្គលិកណារបស់ស្ថាប័នដែលចុះទៅជួបគាត់ដើម្បីទារបំណុលអីទេ។ យើងមានតែកោះហៅគាត់ឲ្យដោះស្រាយសន្តិវិធី។ នៅក្នុងដំណាក់កាលនេះ យើងកំពុងតែដោះស្រាយជាមួយនឹងគាត់ហើយ»។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាយម៍ ទុកពេលឲ្យជំពាក់ចំនួន ៦ ខែ ប៉ុន្តែបានបន្ថែមទឹកប្រាក់ចំនួន ៦០០ ដុល្លារពីលើប្រាក់ដែលបានជំពាក់រួចហើយ។ នេះបើតាមឯកសារដែលវីអូអេបានឃើញ។ ប៉ុន្តែមិនត្រូវបានភាគីកូនបំណុលព្រមទទួលយកទេ។
អ្នកស្រី សាត ផា បានបញ្ជាក់ថា៖ «សុំអត់បង់ការប្រាក់មួយរយៈសិន ខ្ញុំថាបើសិនដំណើរការកូនចៅខ្ញុំធ្វើការ ៦ ខែ ខ្ញុំនឹងបង់ឲ្យគាត់វិញតាមក្រដាសដែលចេញមកឲ្យខ្ញុំ»។
របាយការណ៍នានាឲ្យដឹងថា ពលរដ្ឋកម្ពុជាជំពាក់ប្រាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងទឹកប្រាក់ចំនួនជាង ៨ ពាន់លានដុល្លារ៕