ប្រធានាធិបតីនៃប្រទេសហ្វីលីពីននិងវៀតណាមកំពុងបង្ហាញពីការរួបរួមគ្នាជាងមុន ទាក់ទិននឹងជម្លោះសមុទ្រចិនខាងត្បូង នៅក្រៅកិច្ចប្រជុំកំពូលរវាងមេដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលប្រធានបទនេះមិនត្រូវបានគេរួមបញ្ចូលជាផ្លូវការក្នុងការពិភាក្សាក្នុងកិច្ចប្រជុំនេះទេ។
ប្រទេសទាំងពីរនេះបានបង្កើនទំនាក់ទំនងរបស់ពួកគេដល់កម្រិតដៃគូយុទ្ធសាស្ត្រ ដោយចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃអង្គារម្សិលមិញនេះ។ កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណងពង្រឹងចំណងទាក់ទងរបស់ពួកគេ ក្នុងវិស័យការពារប្រទេស ពាណិជ្ជកម្ម និងសហប្រតិបត្តិការក្នុងដែនសមុទ្រ។
ប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino បានថ្លែងថា លោកស្វាគមន៍ចំពោះការចូលរួមនិងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរវាងយោធារបស់ប្រទេសទាំងពីរ។
«ក្នុងនាមជាអ្នកធ្វើនាវាចរណ៍ ពួកយើងរំពឹងថា នឹងមានការផ្តួចផ្តើមដែលនឹងជួយពង្រឹងសមត្ថភាពរបស់ពួកយើង ដើម្បីឆ្លើយតបឲ្យបានប្រសើរជាងមុនចំពោះបញ្ហាប្រឈមនិងស្ថានការណ៍ក្នុងសមុទ្ររួមរបស់យើង»។
ហ្វីលីពីនរំពឹងថា នឹងមានដំណើរទស្សនកិច្ចប្រកបដោយសុឆន្ទៈរបស់កងទ័ពជើងទឹកវៀតណាមបន្ថែមទៀត ហើយភាគីទាំងពីរក៏មានគម្រោងធ្វើការផ្លាស់ប្តូរឆ្មាំសមុទ្រនិងភ្នាក់ងារនេសាទរបស់ពួកគេទៅវិញទៅមកផងដែរ។
ដៃគូទាំងពីរនេះ ក៏រំពឹងថា នឹងពង្រឹងចំណងផ្នែកសេដ្ឋកិច្ចនិងវប្បធម៌រវាងគ្នាផងដែរ។ ប្រទេសហ្វីលីពីននិងវៀតណាមធ្វើការទាមទារត្រួតគ្នានៅក្នុងសមុទ្រចិនខាងត្បូង ដែលចិនបាននិយាយថា ខ្លួនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបាននៅក្នុងដែនសមុទ្រនោះ។ ប្រទេសព្រុយណេ ម៉ាឡេស៊ី និងកោះតៃវ៉ាន់ ក៏បានប្រជែងក្នុងការទាមទារដែនសមុទ្រដែលសម្បូរទៅដោយធនធាននេះផងដែរ។
ថ្លែងតាមរយៈអ្នកបកប្រែនៅឯវិមានប្រធានាធិបតីហ្វីលីពីន ប្រធានាធិបតីវៀតណាមលោក Truong Tan Sang បាននិយាយថា ប្រទេសរបស់លោកមានក្តីបារម្ភដូចគ្នាក្នុងការស្វែងរកសន្តិភាពនិងស្ថិរភាពនៅក្នុងដែនសមុទ្រ ដែលចិនកំពុងសាងសង់កោះសប្បនិម្មិតដែលមានប្រទេសទាំងបីកំពុងធ្វើការទាមទារនោះ។
«ពួកយើងក៏បានអះអាងជាថ្មីម្តងទៀងអំពីសារៈសំខាន់នៃការធានានូវស្ថិរភាព សន្តិសុខដែនសមុទ្រ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍ និងក្នុងការហោះហើរនៅសមុទ្រចិនខាងត្បូង ក៏ដូចជាការដោះស្រាយជម្លោះដែនសមុទ្រតាមរយៈច្បាប់អន្តរជាតិដែលរួមមានទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រនៅឆ្នាំ១៩៨២ ផងដែរ»។
ដោយផ្អែកទៅលើឯកសារបន្ថែមនៅក្នុងអនុសញ្ញានេះ កាលពីឆ្នាំ២០១៣ ប្រទេសហ្វីលីពីនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងចិន ដោយចោទសួរអំពីការទាមទាររបស់ចិននៅក្នុងដែនសមុទ្រស្ទើរតែទាំងស្រុងនោះ។ ចិនបានច្រានចោលពាក្យបន្តឹងនោះ ហើយមិនបានចូលរួមទេ។ វៀតណាមគឺជាអ្នកសង្កេតការណ៍ដ៏ដិតដល់មួយក្នុងរឿងក្តីនេះ ហើយអ្នកវិភាគបាននិយាយថា វៀតណាមក៏បានពិចារណាយ៉ាងមុតមាំក្នុងការដាក់ពាក្យបណ្តឹងដូចហ្វីលីពីនដែរ។
លោក Richard Heydarian អ្នកវិភាគភូមិសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ De LaSalle នៅទីក្រុងម៉ានីល ថ្លែងថា កំណើននៃការធ្វើសមយុទ្ធរួមរវាងវៀតណាមនិងហ្វីលីពីន ជាសញ្ញាថា វៀតណាមដែលជាប្រទេសកម្មុយនីស្តនោះ កំពុងបង្កើនការប្រឆាំងនឹងសកម្មភាពរបស់ចិនកាន់តែខ្លាំងឡើងហើយ។
«សារនេះគឺពិតជាមានភាពច្បាស់លាស់ថា ប្រទេសជិតខាងរបស់ចិនកំពុងចាប់ផ្តើមបង្កើតនូវសម្ព័ន្ធមិត្តក្រៅផ្លូវការរួមគ្នា»។
កិច្ចប្រជុំទ្វេភាគីធ្វើឡើងមិនយូរប៉ុន្មានក្រោយពេលដំណើរមកដល់ទីក្រុងម៉ានីលរបស់ប្រធានាធិបតីចិនលោក Xi Jinping ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល APEC។ មុនពេលមានកិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំនេះ ចិននិងហ្វីលីពីនបានយល់ព្រមមិនលើកឡើងពីជម្លោះនេះនៅក្នុងកិច្ចប្រជុំនេះនោះទេ ដោយព្រមព្រៀងលើកការពិភាក្សាពីបញ្ហានេះទៅកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងទីក្រុង កូឡាឡាំពួ នៅចុងសប្តាហ៍នេះវិញ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា