អភិបាលក្រុងមួយរបស់ហ្វីលីពីន ដែលឈ្មោះរបស់លោកត្រូវបានលោកប្រធានាធិបតី Rodrigo Duterte ប្រកាសជាសាធារណៈថាមានជាប់ពាក់ព័ន្ធនៅក្នុងការជួញដូរគ្រឿងញៀនខុសច្បាប់នោះ ត្រូវបានបាញ់សម្លាប់នៅក្នុងការបាញ់ប្រយុទ្ធជាមួយនឹងប៉ូលិសនៅថ្ងៃសុក្រនេះ។
អភិបាលក្រុង Datu Saui Ampatuan លោក Samsudin Dimaukom និងមនុស្សចំនួន៩នាក់ផ្សេងទៀតត្រូវបានបាញ់សម្លាប់ដោយប៉ូលិសនៅក្នុងការបាញ់ប្រហារទៅវិញទៅមកមួយ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានឲ្យដឹងថា អង្គរក្សរបស់លោកអភិបាលក្រុង បានផ្តើមការបាញ់ប្រហារទៅកាន់ប៉ូលិសនៅឯកន្លែងត្រួតពិនិត្យសន្តិសុខមួយនៅក្នុងទីក្រុង Makilalala នៅក្នុងខេត្ត North Cotabato។
ស្នងការប៉ូលិសក្នុងតំបន់លោក Romeo Galgo Jr. បានថ្លែងថា៖ «វាគឺជាប្រតិបត្តិការប្រឆាំងគ្រឿងញៀនស្របច្បាប់មួយ ប៉ុន្តែក្រុមរបស់លោកអភិបាលក្រុងបានបើកការបាញ់ប្រហារមកលើក្រុមប៉ូលិសរបស់យើង»។
លោក Duterte បានឈ្នះការបោះឆ្នោតធ្វើជាប្រធានាធិបតីកាលពីដើមឆ្នាំ២០១៦នេះ ដែលលោកផ្តោតសំខាន់ទៅលើពាក្យសន្យារបស់លោកក្នុងការកម្ចាត់អ្នកជួញដូរនិងឧក្រិដ្ឋកម្មគ្រឿងញៀន។
ប៉ូលិស និងក្រុមការពារសណ្តាប់ធ្នាប់សង្គមរបស់ហ្វីលីពីនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៨០០នាក់ ពីបទប្រើប្រាស់ និងជួញដូរគ្រឿងញៀន ចាប់តាំងពីលោកប្រធានាធិបតី Duterte ចូលកាន់តំណែងកាលពីចុងខែមិថុនាមក៕