ជាង៣០ឆ្នាំមកហើយ លោកស្រីស្វាយ ស៊ីមន អ្នកធ្វើការសង្គមម្នាក់នៅភ្នំពេញ រស់នៅជាមួយ និងថែទាំកូនស្រី និងចៅប្រុសដែលជាជនពិការសតិបញ្ញា។ លោកស្រីបានទទួលរងការរិះគន់ជាច្រើនដែលធ្វើឲ្យជីវិតរបស់លោកស្រីពោរពេញដោយភាពឯកា។
លោកស្រីបានថ្លែងថា៖ «មនុស្សដែលមានកាយសម្បទាមាំមួនតែងតែមើលរំលងពីការលំបាកពេញមួយជីវិតរបស់ជនពិការ ជាពិសេសជនពិការសតិបញ្ញារស់នៅជាមួយ»។
លោកស្រីបន្តថា៖ «នៅពេលដែលខ្ញុំចូលរួមពិធីជប់លៀងនានា គេតែងតែប្រាប់ឲ្យខ្ញុំយកកូនរបស់ខ្ញុំទៅអង្គុយកន្លែងផ្សេងតែម្នាក់ឯង នេះគឺជារឿងដ៏ឈឺចាប់មួយសម្រាប់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ»។
លើសពីនេះទៅទៀត លោកស្រីស៊ីមនបានប្រាប់ថា លោកស្រីមិនអាចទុកឱ្យកូនស្រី ឬចៅប្រុសនៅម្នាក់ឯងដោយគ្នានលោកស្រីឡើយ ហើយក៏គ្មានសាលាណាដែលអាចឲ្យលោកស្រីបញ្ជូនកូនរបស់លោកស្រីទៅរៀនបានដែរ ព្រោះគេតែងតែហៅនាងថា «មីឆ្កួត»។
រឿងរបស់លោកស្រីមិនមែនជារឿងអ្វីប្លែកឡើយនៅក្នុងប្រទេសកម្ពុជាដែលមានការអត់ឱននិងយោគយល់តិចតួចនៅឡើយចំពោះជនពិការ ហើយការជ្រោមជ្រែងពីសំណាក់ស្ថាប័នសាធារណៈក៏នៅមានកម្រិតទាបផងដែរ។
នៅក្នុងប្រទេសកម្ពុជា ជនពិការនៅតែមានការលំបាកក្នុងការស្វែងរកការងារ និងទទួលការអប់រំ ហើយភាគច្រើនពួកគេរស់នៅក្នុងភាពក្រីក្រ បើទោះបីជាមានការបង្កើតច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ហើយច្បាប់នេះត្រូវបានអនុម័តអស់រយៈពេលប្រាំមួយឆ្នាំមកហើយក៏ដោយ។
ច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការនេះបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដើម្បីការពារសិទ្ធិរបស់ជនពិការ និងកាត់បន្ថយការរើសអើងទៅលើពួកគេ ហើយការពារសិទ្ធិពួកគេក្នុងការទទួលបានការអប់រំ និងទទួលបានអាហារូបករណ៍ ប៉ុន្តែពួកគេនៅតែជួបប្រទះឧបសគ្គជាច្រើន។
នៅក្នុងការធ្វើសន្និសីទកាសែតអបអរសាទរខួបលើកទី៦នៃការបង្កើតច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ នៅអង្គការជនពិការកម្ពុជា លោកងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា បានលើកឡើងថា៖ «ការរើសអើង កង្វះខាតនៃការទទួលសេវាអប់រំ និងឱកាសការងាររបស់ជនពិការនៅតែជាបញ្ហាប្រឈម»។
លោកបន្តថា៖ «យើងត្រូវការឲ្យមានការចូលរួមពីសំណាក់គ្រួសារ និងសង្គមទាំងមូលដើម្បីអនុវត្តច្បាប់នេះប្រកបដោយប្រសិទ្ធភាព»។
លោកផុន ត្រែន អាយុ៤៥ឆ្នាំ ដែលបានបាត់បង់ជើងឆ្វេងនៅក្នុងសង្គ្រាម បានបង្ខំចិត្តដើរសុំទានសម្រាប់ជីវភាពប្រចាំថ្ងៃ។ លោកត្រែន ដែលសព្វថ្ងៃមានកូនពីរនាក់ តែងតែចំណាយពេល១២ម៉ោងក្នុងមួយថ្ងៃ ដើរសុំទានគេនៅក្បែរតំបន់ទេសចរណ៍ ដោយសង្ឃឹមថា សុំបានប្រាក់ខ្លះពីជនបរទេស។
អង្គុយនៅលើរទេះរុញក្បែរព្រះបរមរាជវាំង លោកបានបន្តថា៖ «ខ្ញុំបានឮពីច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការនេះដែរ ប៉ុន្តែខ្ញុំមិនបានទទួលផលប្រយោជន៍ណាមួយពីវាទេ។ រាល់ថ្ងៃ បើគ្មានការខិតខំប្រឹងប្រែងរបស់ខ្ញុំដើម្បីចិញ្ចឹមជីវិតនោះទេ នោះខ្ញុំនឹងមិនរស់ឡើយ»។
លោកតូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច បានថ្លែងថា៖ «ក្រសួងកំពុងធ្វើការងារដើម្បីផ្តល់សេវានានាសម្រាប់ជនពិការ ក្នុងនោះមានទាំងការបង្កើតជា«ក្រុមប្រឹក្សាសកម្មភាពជនពិការ»ដើម្បីជួយ និងដោះស្រាយបញ្ហារបស់ជនពិការ»។
លោកបានបន្តទៀតថា៖ «កន្លងមក រដ្ឋាភិបាលក៏បានចេញអនុក្រឹត្យមួយគឺផ្ដល់របបសម្រាប់ជនពិការក្រីក្រនៅតាមសហគមន៍ ដោយជនពិការម្នាក់ៗអាចទទួលបានចន្លោះពី៥ដុល្លារទៅ១០ដុល្លារក្នុងមួយខែ ប៉ុន្តែយើងកំពុងសិក្សាថា ជនពិការបែបណាដែលសាកសម្យក្នុងការទទួលយកថវិកានេះ ពីព្រោះយើងមិនអាចផ្ដល់របបនេះទៅដល់ជនពិការទាំងអស់បានឡើយ»។
លោកបានបន្ថែមទៀតថា៖ «ច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការនេះបានជួយដល់ជនពិការច្រើនរួចមកហើយ ដូចជាការសង់ច្រកជម្រាល ការធ្វើចំណតជនពិការដើម្បីផ្ដល់ភាពងាយស្រួលដល់ជនពិការនៅក្នុងការធ្វើដំណើរ...... ប៉ុន្តែធម្មតាទេ ជនពិការខ្លះគិតថា ទាល់តែគាត់ទទួលបានលុយ ទើបគាត់គិតថា គាត់ទទួលបានផលប្រយោជន៍»។
ពួកគេមើលមិនឃើញថា ផ្លូវជម្រាល ឬសេវ៉ាសម្រាប់ជនពិការនានា ផ្តល់អត្ថប្រយោជន៍ដល់ពួកគេទេ៕