រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិក Ashton Carter បានសន្យាផ្តល់ទឹកប្រាក់ ១៨លានដុល្លារអាមេរិក ដើម្បីជួយដល់វៀតណាមក្នុងការទិញនាវាល្បាតដែនសមុទ្រជាច្រើនគ្រឿង ក្នុងបំណងពង្រឹងសមត្ថភាពវិស័យកងទ័ពជើងទឹករបស់ខ្លួន។
លោក Carter កំពុងស្ថិតនៅក្នុងប្រទេសកុំម្មុយនីសវៀតណាម ដើម្បីពង្រីក ចំណងទាក់ទងផ្នែកយោធា។ មួយផ្នែកនៃកិច្ចខិតខំប្រឹងប្រែងនោះ លោក Carter និងសមភាគីវៀតណាមបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ អំពីចក្ខុវិស័យនៅថ្ងៃច័ន្ទនេះ ដើម្បីជាមគ្គុទេសន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ រឿងនោះរាប់បញ្ចូលទាំងជំនួយរបស់ស.រ.អា ចំពោះវៀតណាមក្នុងការត្រៀមខ្លួនចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពអ.ស.ប.ផងដែរ។
ក្នុងពេលចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកចំនួន១១ថ្ងៃទៅកាន់តំបន់អាស៊ី ប៉ាស៊ីហ្វ៊ិក លោក Carter បានអំពាវនាវឲ្យមានការបញ្ឈប់សកម្មភាពទាមទារទឹកដីជាកម្មសិទ្ធិ ពីប្រទេសទាំងអស់នៅសមុទ្រចិនខាងត្បូងនោះ។ លោកថ្លែងថាស.រ.អា. ប្រឆាំងនឹងការប្រើប្រាស់កម្លាំងយោធា ហើយនិងការបង្កើតភាពតានតឹងក្នុងតំបន់។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនកសាងសំណង់ក្នុងដែនសមុទ្រចិនខាងត្បូង ហើយចិនជាប្រទេសដែលកំពុងសាងសង់ដែនកោះក្នុងសមុទ្រចិនខាងត្បូងដ៏ធំផងដែរ៕