ការព្យាយាមរបស់គណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកក្នុងការដកលោកប្រធានាធិបតី Donald Trump ចេញពីតំណែងចំពោះការចោទប្រកាន់ថាលោកបានបំពានអំណាចខ្លួនឯងនិងរារាំងដល់រដ្ឋសភាក្នុងការស៊ើបអង្កេត បានបរាជ័យនៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីដើមខែនេះ ហើយបច្ចុប្បន្ននេះលោកប្រធានាធិបតីកាន់តែមានប្រជាប្រិយភាពខ្លាំងក្លាជាងមុន។ ក៏ប៉ុន្តែអ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យនៅតែបន្តរិះគន់លោក Trump ចំពោះអ្វីដែលអ្នកស្រីនិយាយថា គឺជា«ការអះអាងជាសាធារណៈនូវរឿងមិនពិត»។
អស់រយៈពេលជាងបីឆ្នាំមកហើយ ដែលសមាជិករដ្ឋសភាខ្លះជឿថា គ្មានអ្នកនយោបាយណាម្នាក់មានជំនាញតតាំងនឹងលោកប្រធានាធិបតី Trump បាន ជាងប្រធានរដ្ឋសភា អ្នកស្រី Nancy Pelosi នោះទេ។
ប៉ុន្តែបន្ទាប់ពីបរាជ័យក្នុងការដកលោកប្រធានាធិបតីចេញពីតំណែង អ្នកស្រី Pelosi ត្រូវធ្វើការសម្រេចចិត្តមួយ ដោយសារតែគណបក្សរបស់អ្នកស្រីត្រូវព្យាយាមយកឈ្នះលោក Trump នៅក្នុងការបោះឆ្នោតប្រជែងយកតំណែងប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះ។
មេដឹកនាំគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភា លោក Mitch McConnell បានថ្លែងថា៖ «ខ្ញុំគិតថា អ្នកអាចសន្និដ្ឋានបានថា យើងបានឈ្នះ ហើយពួកគេបានចាញ់»។
អ្នកស្រី Pelosi នៅតែអាចបន្តបង្ហាញជំហរប្រឆាំងនឹងលោកប្រធានាធិបតីជាសាធារណៈបាន ដូចជានៅពេលដែលអ្នកស្រីបានហែកក្រដាសច្បាប់ចម្លងនៃសុន្ទរកថារបស់លោកTrump នៅពេលដែលលោកថ្លែងសុន្ទរកថាប្រចាំឆ្នាំទៅកាន់សភាជាដើម។
អ្នកស្រី Heather Hurlburt នៃអង្គការ New America Foundation ថ្លែងថា៖ «មូលហេតុដែលធ្វើឲ្យគេកាន់តែចាប់អារម្មណ៍នឹងស្ថានភាពនេះគឺថា វាបង្ហាញពីជំហររបស់គណបក្សនយោបាយទាំងពីរក្នុងពេលបច្ចុប្បន្ននេះ មិនមែនស្ថានភាពនេះបានផ្លាស់ប្ដូរអ្វីនោះទេ»។
វិធីសាស្ត្រនេះនឹងធ្វើឲ្យសមាជិកគណបក្សសាធារណរដ្ឋខឹងសម្បារ ហើយអាចធ្វើឲ្យអ្នកបោះឆ្នោតមិនពេញចិត្តនឹងគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតឆ្នាំនេះ។
លោក Matt Dallek នៃសាកលវិទ្យាល័យ George Washington ថ្លែងថា៖ «សមាជិកគណបក្សប្រជាធិបតេយ្យដឹងថា សមាជិកគណបក្សសាធារណរដ្ឋនឹងមិនបោះឆ្នោតដើម្បីចោទប្រកាន់ដកលោកប្រធានាធិបតីពីតំណែងទេ ដើម្បីរារាំងមិនឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។ ដូច្នេះតើអ្វីគឺជាគោលបំណងពិតប្រាកដ? ខ្ញុំគិតថា ពួកគេដឹងថា វានឹងអាចបំផ្លាញផ្នែកនយោបាយ»។
បើទោះជាពួកគេមិនអាចចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីម្ដងទៀតក៏ដោយ ក៏អ្នកតំណាងរាស្ត្រនៅតែប្ដេជ្ញាបន្ដតាមចាប់កំហុសលោកប្រធានាធិបតី។
លោក Jerry Nadler ប្រធានគណៈកម្មាធិការនីតិកម្មនៃរដ្ឋសភា បាននិយាយថា៖ «ការកោះហៅសាក្សីនៅតែជាជម្រើសមួយរបស់យើង»។
ការរង់ចាំសេចក្ដីសម្រេចរបស់តុលាការពាក់ព័ន្ធនឹងក្រុមសម្ព័ន្ធមិត្តរបស់លោក Trump មួយចំនួន ដូចជា លោក Roger Stone ដែលជាទីប្រឹក្សាយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកកាលពីឆ្នាំ២០១៦ ទំនងជានឹងអាចធ្វើឲ្យភាពតានតឹងនយោបាយនៅតែខ្ពស់ដដែល។
អ្នកស្រី Pelosi មានប្រសាសន៍ថា៖ «នេះគឺជាការបំពានអំណាច ដោយសារតែលោកប្រធានាធិបតីព្យាយាមជ្រៀតជ្រែកមន្ត្រីអនុវត្តច្បាប់សហព័ន្ធដើម្បីផលប្រយោជន៍នយោបាយរបស់លោក។ លោកប្រធានាធិបតីនៅតែអីចឹង។ លោកគិតថា លោកនៅពីលើច្បាប់ លោកមិនគោរពច្បាប់ទេ ប៉ុន្តែតើមានសមាជិកគណបក្សសាធារណរដ្ឋរូបណាដែលហ៊ាននិយាយអំពីការបំពាននីតិរដ្ឋយ៉ាងធ្ងន់ធ្ងររបស់លោកប្រធានាធិបតីនេះ»?
សមាជិកគណបក្សសាធារណរដ្ឋមិនហ៊ាននិយាយរិះគន់លោកប្រធានាធិបតីក្នុងឆ្នាំបោះឆ្នោតទេ ហើយពួកគេក៏នឹងមិនជួយដល់គំនិតផ្តួចផ្ដើមគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាដែលគ្រប់គ្រងដោយលោក Mitch McConnell ដែលជាមេដឹកនាំសំឡេងភាគច្រើនខាងគណបក្សសាធារណរដ្ឋនោះដែរ។
អ្នកស្រី Pelosi និយាយថា៖ «លោក Trump ប្រៀបដូចជាខ្មោច ហើយព្រឹទ្ធសភាប្រៀបដូចជាផ្នូរខ្មោចដែលលាក់បាំងការពិត»។
ការណ៍នេះធ្វើឲ្យអ្នកស្រី Pelosi មានជម្រើសមួយ គឺត្រូវប្រឈមមុខជាមួយនឹងលោក Trump បើទោះជាមានហានិភ័យនយោបាយក៏ដោយ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា