វ៉ាស៊ីនតោន — គណបក្សនយោបាយមួយចំនួនកំពុងតែរៀបចំខ្លួន ដើម្បីចូលរួមប្រកួតក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងត្រូវប្រព្រឹត្តទៅនៅពាក់កណ្តាលឆ្នាំ ២០២២ ខណៈពេលដែលគណបក្សនយោបាយខ្លះហាក់នៅស្ទាក់ស្ទើរនៅឡើយ ដោយបារម្ភពីបរិយាកាសនយោបាយ។
ការបោះឆ្នោតលើកនេះ ក៏ប្រៀបដូចជាការធ្វើប្រជាមតិមួយទៀតលើប្រជាប្រិយភាពនៃគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការទាក់ទាញអ្នកគាំទ្រនៅថ្នាក់មូលដ្ឋាន បន្ទាប់ពីបានដណ្តើមយកមកគ្រប់គ្រងស្ទើរតែទាំងស្រុងនូវអំណាចថ្នាក់ក្រោមជាតិ តាំងពីក្រោយការរំលាយគណបក្សប្រឆាំង នៅចុងឆ្នាំ ២០១៧។
គណបក្សនយោបាយចំនួន ១២ បានចូលរួមប្រកួតក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ ២០១៧ ប៉ុន្តែមានតែគណបក្សធំពីរទេ ដែលទទួលបានសំឡេងប្រហាក់ប្រហែលគ្នា គឺគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រជាង ៥០ ភាគរយ និងគណបក្សសង្គ្រោះជាតិទទួលបានសន្លឹកឆ្នោតជិត ៤៤ ភាគរយ។
នៅក្នុងសៃវៀននយោបាយ គណបក្សប្រជាជនកម្ពុជាមានប្រៀបតាំងពីធនធានមនុស្សហិរញ្ញវត្ថុ និងប្រព័ន្ធគ្រប់គ្រងរដ្ឋតាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន។ ចំណែកលំហសម្រាប់គណបក្សនយោបាយខ្លះហាក់ចង្អៀត។ ដូច្នេះហើយបានជាគណបក្សនយោបាយ ដែលមិនកាន់អំណាចខ្លះបានចងសម្ព័ន្ធភាពនឹងគ្នានិងរិះរកយុទ្ធសាស្ត្រឃោសនា ដែលអាចធានាឲ្យពួកគេទទួលបានអាសនៈខ្លះនៅក្នុងឃុំ-សង្កាត់ទាំង ១.៦៤៦។
ក្នុងនេះមានសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ដែលបានបង្កើតឡើងកាលពីចុងឆ្នាំ ២០២០ ដោយរួមបញ្ចូលអ្នកនយោបាយជើងចាស់និងជើងថ្មី។ ក្នុងចំណោមនោះ មានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ និងគណបក្សខ្មែរតែមួយរបស់លោក កែម រិទ្ធិសិត។
គណបក្សនៅក្នុងសម្ព័ន្ធភាពនេះគ្រោងនឹងប្រើយុទ្ធសាស្ត្រដាក់សមាសភាពបេក្ខជនឈរឈ្មោះចម្រុះគឺ បើនៅក្នុងឃុំ-សង្កាត់ណាដែលមានសមាជិកក្រុមប្រឹក្សាស្រាប់ គឺផ្តល់អាទិភាពឲ្យគណបក្សនោះបន្តឈរឈ្មោះទាំងស្រុង។ ប៉ុន្តែនៅក្នុងឃុំ-សង្កាត់ណាដែលមិនទាន់មានទេ គឺត្រូវដាក់បេក្ខជនចម្រុះក្នុងបញ្ជីតែមួយ ដោយមានការឯកភាពគ្នាតាមកូតា។
លោក ម៉ម សូណង់ដូ ប្រធានសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ បានពន្យល់បន្ថែមប្រាប់វីអូអេថា៖ «យើងគិតឃើញថា បើយើងឈរម្នាក់ឯង គឺពិបាកនឹងធ្វើឲ្យសមាជិកគណបក្សផ្សេងទៀត បោះឆ្នោតឲ្យយើង បើគេអត់ឃើញមានឈ្មោះសមាជិកគណបក្សណាមួយ នៅក្នុងបញ្ជីហ្នឹង»។
លោក ម៉ម សូណង់ដូ ដែលជាម្ចាស់គ្រប់គ្រងវិទ្យុសំបុកឃ្មុំ មានជំនឿថា គណបក្សរបស់លោកចូលរួមការប្រកួត ប្រកបដោយការជឿជាក់ជាងលើកមុន បន្ទាប់ពីលោកទទួលបានបទពិសោធន៍ខ្លះ តាមរយៈការបម្រើការងារនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់មួយ ដែលរដ្ឋាភិបាលកម្ពុជាបានបង្កើតឡើង ក្រោយការបោះឆ្នោតជាតិនៅឆ្នាំ ២០១៨ សម្រាប់គណបក្សនយោបាយ ដែលមិនបានឈ្នះអាសនៈនៅក្នុងរដ្ឋសភា។
លោក ម៉ម សូណង់ដូ បានពន្យល់ថា៖ «សំខាន់បំផុតអនុញ្ញាតឲ្យយើងឃើញថ្នាក់ក្រោមជាតិយកច្បាប់ទៅអនុវត្តដោយរបៀបណាសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល។ រឿងហ្នឹងយើងដឹងច្រើនមែនទែន។ យើងភ្លឺភ្នែកមែនទែន។ យើងដឹងដំណើរការរបស់រាជរដ្ឋាភិបាលថា ចំណុចខ្សោយនិងចំណុចខ្លាំងយ៉ាងម៉េច។ ចំណុចនេះសំខាន់មែនទែន»។
ក្នុងចំណោមគណបក្សសម្ព័ន្ធនេះ គឺមានតែគណបក្សខ្មែររួបរួមជាតិរបស់លោក ញ៉ឹក ប៊ុនឆៃ អតីតឧត្តមសេនីយ៍នៃចលនាតស៊ូរាជានិយមហ៊្វុនស៊ីនប៉ិច និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យទេ ដែលទទួលបានអាសនៈក្រុមប្រឹក្សាសរុបចំនួន ២៥ នៅក្នុងថ្នាក់ឃុំ។
អ្នកដែលត្រៀមខ្លួនចូលរួមប្រកួតមួយទៀត គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានគោលការណ៍ផ្តោតខ្លាំងលើការពង្រឹងកម្លាំងស្នូលនៅថ្នាក់ក្រោមជាតិ។ ក្នុងឆ្នាំ ២០១៧ គណបក្សនេះឈ្នះបានអាសនៈចំនួន ៥ នៅខេត្តចំនួន ៣ គឺខេត្តកំពង់ធំ កំពត និងព្រះវិហារ។
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ មានសារៈសំខាន់ណាស់ ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។
លោក យ៉ង សាំងកុមារ បានបញ្ជាក់ប្រាប់វីអូអេថា៖ «អីចឹងសម្រាប់ការបោះឆ្នោតនៅឆ្នាំ ២០២២ នេះ គឺយើងនឹងចូលរួមប្រកួតក្នុងការបោះឆ្នោត ដោយយើងធ្វើការត្រៀមខ្លួនជាជំហានៗ។ ជំហានទី១ យើងគ្រោងរៀប ១០០ ឃុំ បន្ទាប់មក ជំហានបន្ទាប់ យើងពង្រីកបណ្តើរៗទម្រាំដល់ពេលការប្រកួតការបោះឆ្នោត»។
យ៉ាងណាក៏ដោយ លោក យ៉ង សាំងកុមារ បានត្អូញត្អែរពីការលំបាកក្នុងការជ្រើសរើសបេក្ខជនឲ្យឈរឈ្មោះនៅថ្នាក់មូលដ្ឋាន៖ «ការលំបាកត្រង់ថា ប្រជាពលរដ្ឋយើងដែលមានសមត្ថភាព ដែលចង់ឈរឈ្មោះ ជាពិសេសយុវជនយុវនារីគាត់រស់នៅក្នុងការភ័យខ្លាច ភ័យខ្លាច ដោយសារភាពរើសអើងនយោបាយតាមភូមិឃុំ តាមមូលដ្ឋាន សូម្បីតាមទីក្រុងក៏អីចឹងដែរ»។
ក្រៅពីគណបក្សដែលធ្លាប់បានចូលរួមប្រកួតក្នុងពេលកន្លងមក គឺសៃវៀនប្រកួតនៅឆ្នាំក្រោយអាចនឹងមានលក្ខណៈកកកុញជាងមុន ដោយសារតែមានគណបក្សនយោបាយថ្មីៗជាច្រើន បានកើតឡើង នៅក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ។ គណបក្សខ្លះត្រូវបានបង្កើតឡើងដោយមន្ត្រីនៃអតីតបក្សប្រឆាំង និងអ្នកខ្លះជាសកម្មជនយូរហើយ បើទោះបីជាពួកគេមិនសូវមានឈ្មោះបោះសំឡេងក៏ដោយ។
គណបក្សឯកភាពជាតិខ្មែរ ដែលទើបបង្កើតនៅចុងឆ្នាំ ២០២០ បានថ្លែងថា គណបក្សនេះនៅកំពុងស្ទាបស្ទង់លំហរនយោបាយ មុននឹងសម្រេចចូលរួមប្រកួត ដោយសារតែមានការរឹតត្បិតក្នុងពេលចុះប្រមូលកម្លាំងគាំទ្រ និងពិបាកធ្វើសកម្មភាព និងការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលសមាសភាពថ្នាក់ក្រោមជាតិហាក់មិនទាន់បែងចែកដាច់គ្នាចេញពីគណបក្សកាន់អំណាច។
លោក អ៊ុន ជឹម អនុប្រធានគណបក្សឯកភាពជាតិខ្មែរ បានបញ្ជាក់ប្រាប់វីអូអេថា៖ «បំណងរបស់យើងចង់ចូលរួមបោះឆ្នោត ដើម្បីឲ្យមានប្រជាធិបតេយ្យ ប៉ុន្តែបើក្នុងស្ថានភាពមួយអាប់អួរ ហើយមិនទាន់បើកចំហរឲ្យមានប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានថ្នាក់ខេត្តជាចំហរដូចថ្នាក់លើទេ ក៏យើងត្រូវតែពិចារណាឡើងវិញដែរ»។
គណបក្សនេះបានចាប់ដៃជាមួយនឹងគណបក្សថ្មីមួយទៀត គឺគណបក្សបំណងពលរដ្ឋ ដើម្បីពង្រឹងកម្លាំងផងដែរ។
គណបក្សបំណងពលរដ្ឋដែលទើបបានចុះឈ្មោះផ្លូវការនៅឆ្នាំ ២០១៩ ក៏បង្ហាញបំណងចូលរួមប្រកួតដែរប៉ុន្តែនៅស្ទាក់ស្ទើរនៅឡើយ។
លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ បានបញ្ជាក់ប្រាប់វីអូអេថា ការណ៍នេះដោយសារតែសិទ្ធិសេរីភាពរងការរឹតត្បិតខ្លាំង និងការអនុវត្តច្បាប់ដែលមានស្តង់ដារពីរលើអ្នករិះគន់រដ្ឋាភិបាល ដែលបានធ្វើឲ្យប៉ះពាល់ដល់ការស្វែងរកតំណាងគណបក្សឈរឈ្មោះ នៅថ្នាក់មូលដ្ឋានផងដែរ។
លោក អ៊ិត សារម្យ បានបន្ថែមថា៖ «យើងឃើញរូបភាពខ្លះវាដូចជាចេតនាមួយ រដ្ឋាភិបាលមើលឃើញប្រជាពលរដ្ឋរបស់ខ្លួនហ្នឹង ជាសត្រូវជាមួយរដ្ឋាភិបាល។ ដល់ពេលណាដែលរដ្ឋាភិបាលមើលឃើញប្រជាពលរដ្ឋសម្តែងមតិ ដើម្បីសង្គមជាតិរបស់គាត់ ឬក៏ដើម្បីយុត្តិធម៌សង្គមរបស់គាត់ គាត់យកបញ្ហានេះទៅថាចង់ផ្តួលរំលំយើងមើលឃើញថា ទិដ្ឋភាពបែបនេះមានន័យថា រដ្ឋាភិបាលហ្នឹងហាក់បីដូចជាព្រួយបារម្ភខ្លួនឯង»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រោងនឹងរៀបចំការបោះឆ្នោតសាកល្បងមួយ តាមឃុំ-សង្កាត់មួយចំនួន នៅខែឧសភាខាងមុខ ដើម្បីសាកល្បងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបម្រើការបោះឆ្នោត។ គណៈកម្មាធិការរំពឹងថា ការបោះឆ្នោតក្នុងពេលខាងមុខនឹងដំណើរការលឿនជាងមុន ដោយសារតែការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដែលនឹងជួយដល់ការចុះបញ្ជីគណបក្សនយោបាយ និងឈ្មោះបេក្ខជនបោះឆ្នោតការរាយការណ៍លទ្ធផលឆ្នោត និងការបញ្ជូនទិន្នន័យ។
លោក ឌឹម សុវណ្ណារ៉ុម អ្នកនាំពាក្យនិងជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ប្រាប់វីអូអេថា៖ «ដូច្នេះលទ្ធផលដែលនឹងប្រសូតចេញពីការបោះឆ្នោតសាកល្បងនេះ គឺជាមូលដ្ឋានសំខាន់ក្នុងការសម្រេចរបស់ គ.ជ.ប. ដើម្បីឈានទៅថាតើប្រើប្រាស់ប្រព័ន្ធ IT (បច្ចេកវិទ្យា) ក្នុងការបោះឆ្នោតនៅឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ដែរឬទេ»។
លោក ឌឹម សុវណ្ណារ៉ុម បានបន្ថែមថា បច្ចេកវិទ្យានេះក៏នឹងជួយបញ្ចៀសការចុះឈ្មោះបេក្ខជនស្ទួនផងដែរ៖ «ការបញ្ចៀសបានឈ្មោះស្ទួននៃបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ គឺយើងចំណេញការងារច្រើនណាស់។ កន្លងមកជា បទពិសោធន៍រាល់ពេលការចុះឈ្មោះបោះឆ្នោតម្តងៗ នៅពេលដែល គ.ជ.ប ទទួលការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនបោះឆ្នោតក្រុមការងារបច្ចេកទេសត្រូវចំណាយពេលច្រើន ក្នុងការពិនិត្យមើលបេក្ខជនមួយរូបម្តងៗ ដើម្បីធានាបានថា បេក្ខជន ១ រូបស្របទៅតាមច្បាប់ឈរតំណាងឲ្យតែ ១ គណបក្សនយោបាយ»។
បរិយាកាសឈានទៅការបោះឆ្នោតនៅឆ្នាំក្រោយនេះ ស្របពេលដែលស្ថានភាពរបស់គណបក្សសង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា គឺនៅមិនទាន់ច្បាស់លាស់នៅឡើយ និងក្នុងពេលដែលក្រុមអ្នកការពារសិទ្ធិមនុស្សវាយតម្លៃថា រដ្ឋាភិបាលកំពុងតែបង្ក្រាបលើក្រុមអ្នកហ៊ានបញ្ចេញមតិរិះគន់។
អតីតសកម្មជននិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្តជាង ៤០ នាក់ កំពុងជាប់ឃុំឃាំង ពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាល។ បន្ថែមលើនោះ គឺមានអំពើហិង្សានយោបាយលើអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលយ៉ាងហោចណាស់មានចំនួនជាង ២០ នាក់ ត្រូវគេលួចវាយប្រហារក្នុងឆ្នាំ ២០២០ កន្លងទៅនេះ។ នេះបើតាមតួលេខរបស់គណបក្សត្រឹមដើមខែកុម្ភៈ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនីរទេសខ្លួននៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា បរិយាកាសនយោបាយនាពេលបច្ចុប្បន្នមិនអំណោយផលឲ្យមានការបោះឆ្នោត ដោយសេរីនិងត្រឹមត្រូវទេ ដោយសារតែវាផ្តល់ប្រៀបទៅគណបក្សកាន់អំណាច។
លោក អេង ឆៃអ៊ាង បានបន្ថែមថា៖ «តាំងតែពីរបបហ៊ុនសែនរំលាយគណបក្សសង្គ្រោះជាតិឆ្នាំ ២០១៧ ហើយរៀបចំការបោះឆ្នោតក្លែងក្លាយនៅឆ្នាំ ២០១៨ មក គឺស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជាកំពុងមានវិបត្តិនិងកំពុងតានតឹង គឺបរិយាកាសនយោបាយពោពេញទៅ ដោយការចាប់ចងការគំរាមកំហែងការបំភិតបំភ័យ»។
គណបក្សសង្រ្គោះជាតិបានឈ្នះអាសនៈក្រុមប្រឹក្សាចំនួន ៥.០០៧ នៃតំណែងក្រុមប្រឹក្សាចំនួន ១១.៥៧២ ក្នុងនោះគ្រប់គ្រងឃុំនិងសង្កាត់ចំនួន ៤៨៩ នៃឃុំ-សង្កាត់សរុបចំនួន ១.៦៤៦ កាលពីក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងខែមិថុនា ឆ្នាំ ២០១៧។ ប៉ុន្តែគណបក្សកាន់អំណាចបានចោទប្រកាន់ថា អតីតបក្សប្រឆាំងនេះបានស្វែងរកជំនួយពីបរទេសក្នុងការប៉ងផ្តួលរំលំរដ្ឋាភិបាល ហើយបានប្រើប្រាស់ប្រព័ន្ធតុលាការ ដែលខ្លួនគ្រប់គ្រងរំលាយចោលនៅចុងឆ្នាំនោះ។
គណបក្សកាន់អំណាចអះអាងថា អតីតបក្សប្រឆាំងអត់មានលទ្ធភាពវិលមកប្រកួតប្រជែងវិញបានទេដោយសារតុលាការកំពូលបានរំលាយនិងបិទផ្លូវតវ៉ា។ រីឯមេដឹកនាំមានពិរុទ្ធភាពមិនទាន់បានទទួលទោស។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបន្ថែមថា៖ «អីចឹងលទ្ធភាពនៃការវិលមកវិញអត់មានទេ ដោយសារគាត់កំសាកមិនហ៊ានជាប់គុក។ តាមការអះអាងរបស់គាត់ប្រាប់សកម្មជនរបស់គាត់ គឺគាត់សុខចិត្ត។ គាត់ក្លាហានឲ្យសកម្មជនរបស់គាត់ជាប់គុកជំនួសគាត់»។
លោក សុខ ឥសាន បានថ្លែងដោយចំអកថាគណបក្សកាន់អំណាចសោកស្តាយ ដែលបាត់ដៃគូដែលខ្លាំង ប៉ុន្តែគណបក្សមួយមិនមែនតំណាងឲ្យប្រជាធិបតេយ្យទេ៖
«យើងមានការសោកស្តាយហើយការសោកស្តាយ ដោយសារបាត់ដៃគូដ៏មានសក្តានុពលនោះឯង ហើយមូលហេតុដែលបាត់ គឺខ្លួនគាត់ធ្វើឲ្យបាត់ខ្លួនគាត់ ដោយសារនយោបាយមិនអនុវត្តទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដោយសារគាត់ប្រើល្បិចកលដើម្បី ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដូចដែលតុលាការកំពូលលោកបានធ្វើការវិនិច្ឆ័យ ដោយមានទឡ្ហីករនិងពិរុទ្ធភាពច្បាស់លាស់ ហើយមិនអាចប្រកែកបានទេ»។
យ៉ាងណាក៏ដោយ អតីតគណបក្សប្រឆាំងព្រមានថា បើគណបក្សកាន់អំណាចនៅតែបន្តរៀបចំការបោះឆ្នោតដោយមិនបានស្តារលទ្ធិប្រជាធិបតេយ្យ មិនលើកកម្ពស់សិទ្ធិមនុស្សឡើងវិញ និងបើកឱកាសឲ្យគ្រប់គណបក្សនយោបាយចូលរួមដោយសេរីទេ គឺលទ្ធផលឆ្នោតនេះនឹងមិនមានតម្លៃនៅលើឆាកអន្តរជាតិទេ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា៖ «ដូចរាល់ថ្ងៃនេះ ទោះបីជាគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន កំពុងតែកាន់អំណាចបានមែនពិត ប៉ុន្តែតម្លៃមុខមាត់របស់គាត់នៅលើឆាកអន្តរជាតិ អត់មានតម្លៃទេ។ វាមានតម្លៃតែជាមួយនឹងប្រទេសចិនកុម្មុយនីស្ត ប្រទេសយួន ប្រទេសលាវ ប្រទេសសៀម ដែលដឹកនាំដោយ ប្រាយុទ្ធ ចាន់អូចា តែប៉ុណ្ណឹង។ ប៉ុន្តែជាមួយលោកខាងលិច គឺគេមិនឲ្យតម្លៃគាត់ទេ គឺមានតែគេដាក់ទណ្ឌកម្ម មានតែគេថ្កោលទោស មានតែគេគាបសង្កត់»។
លោក អេង ឆៃអ៊ាង ស្នើឲ្យគណបក្សនយោបាយមិនកាន់អំណាច ត្រូវរួបរួមគ្នាទាមទារឲ្យបរិយាកាសនយោបាយ វិលទៅរកដូចមុនពេលរំលាយគណបក្សសង្គ្រោះជាតិនៅឆ្នាំ ២០១៧ ដោយអនុញ្ញាតឲ្យមេដឹកនាំអតីតគណបក្សប្រឆាំងបានធ្វើនយោបាយឡើងវិញ និងផ្លាស់ប្តូរច្បាប់គណបក្សនយោបាយ ដែលអនុញ្ញាតឲ្យតុលាការរំលាយគណបក្សនយោបាយមួយចោល ប្រសិនបើថ្នាក់ដឹកនាំ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ៕