ពួកប៉ាឡេស្ទីនបានបាញ់កាំជ្រួចរាប់សិបទៅលើប៉ែកខាងត្បូងប្រទេស អ៊ីស្រាអែល ហើយពួកអ៊ីស្រាអែលបានឆ្លើយតបវិញដោយធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់ កាហ្សា មួយថ្ងៃបន្ទាប់ពីមានការប៉ះទង្គិចគ្នាដ៏ប្រល័យនៅព្រំប្រទល់រវាងប្រទេស អ៊ីស្រាអែល និងតំបន់ កាហ្សា។
មន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា ការបាញ់កាំជ្រួចនោះបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់៧នាក់រងរបួស ដោយរួមទាំងជនវ័យ១៩ឆ្នាំម្នាក់ ដែលរងរបួសធ្ងន់ ដោយសារតែសំបកកាំជ្រួចនោះបានធ្លាក់ចំរថយន្តក្រុងមួយគ្រឿង។ ចំណែកខាងព្រំដែនប៉ាឡេស្ទីនវិញ ក្រុមមន្ត្រីនិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលបានសម្លាប់ខ្មាន់កាំភ្លើងអស់យ៉ាងហោចណាស់ចំនួនពីរនាក់។
អំពើហិង្សាចុងក្រោយបង្អស់នេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីអ៊ីស្រាអែលបានលុកលុយចូលតំបន់កាហ្សា ដែលបានបង្កឲ្យមានការវាយប្រហារគ្នា។ អ៊ីស្រាអែលបានឲ្យដឹងថា មន្ត្រីយោធាម្នាក់ត្រូវបានសម្លាប់ហើយម្នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារនោះ។ មន្ត្រីប៉ាឡេស្ទីនបានរាយការណ៍ថា មនុស្ស៧នាក់ត្រូវបានសម្លាប់ ដោយរួមទាំងមេដឹកនាំក្រុម ហាម៉ាស ដែលត្រូវបានគេកំណត់អត្តសញ្ញាណថា Nour Baraka ផងដែរ។
យោធាអ៊ីស្រាអែលបានផ្តល់ព័ត៌មានលម្អិតមួយចំនួនអំពីបេសកកម្មរបស់ខ្លួននៅក្នុងតំបន់ កាហ្សា ប៉ុន្តែបានលើកឡើងថា ខ្លួនពុំមានគោលបំណងនឹងសម្លាប់ឬចាប់ពង្រត់ភេរវជនទេ គឺគ្រាន់តែដើម្បីពង្រឹងសុវត្ថិភាពរបស់អ៊ីស្រាអែលប៉ុណ្ណោះ៕