«កិច្ចចរចាសន្តិភាព» រវាងសហរដ្ឋអាមេរិក និងពួកតាលីបង់ ដែលរៀបចំដោយប្រទេសប៉ាគីស្ថាន បានចាប់ផ្ដើមនៅថ្ងៃចន្ទនេះនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីជំរុញឲ្យមានដំណោះស្រាយនយោបាយសម្រាប់សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោក Mohammad Faisal អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន បានបញ្ជាក់សារជាថ្មីថា រដ្ឋាភិបាលប៉ាគីស្ថាន រួមជាមួយនឹងសហគមន៍អន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងទៀត ប្ដេជ្ញានាំសន្តិភាព និងការផ្សះផ្សាដល់ប្រទេសអាហ្វហ្គានីស្ថាន ដែលញាំញីដោយសារសង្គ្រាម។
លោក Faisal បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសសង្ខេបមួយមុនពេលការចរចាសន្តិភាពចាប់ផ្ដើមនៅក្នុងរដ្ឋធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួមយ៉ាងដូច្នេះថា៖ «កិច្ចពិភាក្សាកំពុងធ្វើឡើងនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។ យើងសង្ឃឹមថា ការចរចានេះនឹងបញ្ចប់ការបង្ហូរឈាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងនាំសន្តិភាពមកកាន់តំបន់»។
លោក Zalmay Khalilzad អ្នកតំណាងពិសេសសហរដ្ឋអាមេរិកសម្រាប់ការផ្សះផ្សាក្នុងប្រទេសអាហ្វហ្គានីស្ថាន បានដឹកនាំក្រុមគណៈប្រតិភូសហរដ្ឋអាមេរិកចូលរួមកិច្ចចរចានេះ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ប៉ាគីស្ថានមួយរូបដែលដឹងអំពីដំណើរវិវឌ្ឍនេះ ដែលបានប្រាប់ VOA កាលពីថ្ងៃអាទិត្យម្សិលមិញ។
មន្ត្រីដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះនេះ បាននិយាយថា រដ្ឋាភិបាលប៉ាគីស្ថានបានសម្របសម្រួលការពិភាក្សានេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump សរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan កាលពីដើមខែនេះ ឲ្យជួយសហការនាំពួកតាលីបង់មកកាន់តុចរចាសន្តិភាព។
លោក Zabihullah អ្នកនាំពាក្យក្រុមតាលីបង់ បានបញ្ជាក់ប្រាប់ VOA អំពីការចូលរួមចរចារបស់ខ្លួនជាមួយមន្ត្រីអាមេរិកនៅថ្ងៃចន្ទនេះ ប៉ុន្តែបានបន្ថែមថា អ្នកតំណាងមកពីប្រទេសអេមីរ៉ាតអារ៉ាប់រួម ប៉ាគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីត ក៏ចូលរួមនៅក្នុងការពិភាក្សានេះផងដែរ៕