កាលពីថ្ងៃពុធ សមាជិកសភានៅក្នុងប្រទេសប៉ាគីស្ថានបានអនុម័តសេចក្តីព្រាងច្បាប់ថ្មីប្រឆាំងនឹងការរំលោភសេពសន្ថវៈ ដែលនឹងជំរុញឱ្យមានការកាត់ទោសឆាប់រហ័សនិងការផ្តន្ទាទោសធ្ងន់ធ្ងរ ដែលក្នុងនោះរួមមានទាំងការគ្រៀវដោយប្រើសារធាតុគីមីផងដែរ ចំពោះជនចាប់រំលោភ។
ច្បាប់នេះ គឺជាការឆ្លើយតបទៅនឹងការរិះគន់ជាសាធារណៈប្រឆាំងនឹងការកើនឡើងកាលពីពេលថ្មីៗនេះនូវហេតុការណ៍ចាប់រំលោភស្ត្រីនិងកុមារនៅក្នុងប្រទេសប៉ាគីស្ថាន និងការទាមទារកើនឡើងឱ្យមាននូវការទប់ស្កាត់អំពីឧក្រិដ្ឋនេះប្រកបដោយប្រសិទ្ធភាព។
ច្បាប់នេះ តម្រូវឱ្យរដ្ឋាភិបាលបង្កើតតុលាការពិសេសនៅទូទាំងប្រទេសប៉ាគីស្ថាន ដើម្បីពន្លឿនការកាត់ទោសជនសង្ស័យចាប់រំលោភ និងធ្វើការសម្រេចលើរឿងក្តីរំលោភផ្លូវភេទ «ឱ្យបានលឿនក្នុងរយៈពេល ៤ ខែ»។
នៅក្រោមច្បាប់នេះ បញ្ជីជនចាប់រំលោភដែលជាប់ទោសនៅទូទាំងប្រទេសក៏នឹងត្រូវរៀបចំរក្សាទុក ផងដែរ ដោយមានការជួយជ្រោមជ្រែងពីអាជ្ញាធរជាតិផ្នែកប្រព័ន្ធទិន្នន័យនិងការចុះបញ្ជី (National Database and Registration Authority)។
អត្តសញ្ញាណជនរងគ្រោះនឹងត្រូវបានការពារ ហើយក្រុមពិសេសប្រឆាំងនឹងការចាប់រំលោភនឹងត្រូវបង្កើតឡើងដើម្បីផ្ដល់ការពិនិត្យផ្នែកវេជ្ជសាស្ត្រជូនជនរងគ្រោះនៅក្នុងអំឡុងពេលប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីហេតុការណ៍ចាប់រំលោភកើតឡើង។
អ្នកដែលត្រូវបានរកឃើញថាមានទោសក្នុងបទឧក្រិដ្ឋចាប់រំលោភជាក្រុមនឹងត្រូវកាត់ទោសប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត ហើយសម្រាប់ជនដែលប្រព្រឹត្តិបទល្មើសនេះម្តងហើយម្តងទៀត ជននោះអាចត្រូវគ្រៀវដោយប្រើសារធាតុគីមី។
សកម្មជនសិទ្ធិមនុស្សនានាបានស្វាគមន៍ច្បាប់ថ្មីនេះ ក៏ប៉ុន្តែបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការធ្វើឱ្យប្រសើរឡើងនូវការការពារសន្តិសុខនិងការផ្តន្ទាទោស ដើម្បីធានាឱ្យមានយុត្តិធម៌សម្រាប់ជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទនេះ៕