អង្គការជំនួយមនុស្សធម៌មួយរបស់អាមេរិកាំង បានព្រមានក្នុងរបាយការណ៍ថ្មីរបស់ខ្លួនថា ប្រសិទ្ធិភាពជំនួយរបស់អាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនៅជុំវិញពិភពលោកប្រហែលជាអាចរាំងស្ទះ ដោយសារមានការពឹងផ្អែកខ្លាំងលើក្រុមអ្នកធ្វើការងាររបស់អាមេរិក ហើយដែលអាចនឹងធ្វើឱ្យគាំងដល់ការរីកលូតលាស់នៃសមត្ថភាពមន្ត្រីក្នុងប្រទេសទទួលជំនួយក្នុងការដោះស្រាយតម្រូវការនិងបញ្ហានៅក្នុងមូលដ្ឋានរបស់ពួកគេ។
អង្គការអុកស្វាមអាមេរិកាំងបានស្នើឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ធនធានមនុស្សក្នុងប្រទេសដែលទទួលជំនួយដើម្បីធានាបាននូវប្រសិទ្ធិភាពក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងជួយឲ្យបណ្តាប្រទេសទាំងនោះម្ចាស់ការបានលើគម្រោងអភិវឌ្ឍន៍នានា ព្រមទាំងមានលទ្ធភាពធ្វើការអភិវឌ្ឍប្រទេសដោយខ្លួនឯងបាន។
នៅក្នុងរបាយការណ៍ថ្មីមួយដែលពិនិត្យមើលប្រសិទ្ធិភាពនៃជំនួយរបស់សហរដ្ឋអាមេរិក ហើយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន គឺនៅមុនពេលដែលមេដឹកនាំពិភពលោកគ្រោងនឹងមកជួបប្រជុំគ្នាពីថ្ងៃទី២០ដល់២២ខែកញ្ញានេះ ក្នុងបូរីញូវយ៉កដើម្បីពិនិត្យមើលការវិវត្តនានាទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រនោះ អង្គការអុកស្វាមអាមេរិកាំងបានគូសបញ្ជាក់ថា ការគាំទ្រដល់ការកសាងសមត្ថភាពរបស់ប្រទេសទទួលជំនួយ គឺជួយឱ្យមាននូវតម្រូវការពីក្នុងប្រទេសនោះមកវិញ ជាជាងអ្វីដែលកំណត់ដោយម្ចាស់ជំនួយ ជួយកាត់បន្ថយបាននូវការពឹងផ្អែកមកលើបុគ្គលិកនិងប្រព័ន្ធរបស់សហរដ្ឋអាមេរិក ហើយអាចជួយបង្កើនបាននូវការប្រើប្រាស់រចនាសម្ព័ន្ធក្នុងប្រទេសទាំងនោះផងដែរ។
លោក Gregory Adams នាយកខាងប្រសិទ្ធិភាពជំនួយនៃអង្គការអុកស្វាមអាមេរិកាំងបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃច័ន្ទថា៖
“យើងនិយាយជាច្រើនអំពីការវិនិយោគលើសមត្ថភាពរបស់អ្នកទទួលជំនួយ ឱ្យពួកគេអាចធ្វើកិច្ចការបានដោយខ្លួនឯង។ ប៉ុន្តែជានិច្ចកាល យើងមិនផ្តល់ជំនួយរបស់យើងតាមរបៀបមួយដែលធ្វើឱ្យងាយស្រួលសម្រាប់ពលរដ្ឋទាំងនោះទេ។ ជាច្រើនលើកច្រើនសារ យើងផ្តល់មូលនិធិដល់អ្វីដែលយើងគិតថា អ្នកក្រក្នុងប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការ ជាជាងចំណាយពេលស្តាប់អ្វីដែលជនក្រីក្រនិងរដ្ឋាភិបាលគេនិយាយ”។
របាយការណ៍នោះបានគូសបង្ហាញនូវគោលគំនិតដែលទទួលបានមកពីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងទីភ្នាក់ងារជំនួយរបស់អាមេរិកនៅប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រុមប្រតិកម្មរហ័ស បានសម្តែងការស្វាគមន៍ចំពោះការស្នើឡើងដោយបញ្ជាក់ថា វាស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។
“យើងជឿជាក់ថា យើងដឹងថា យើងមានការពិសោធថា ភាគីដៃគូមិនដឹងថា អ្វីដែលយើងចង់បានទេ មានតែប្រទេសជាម្ចាស់ផ្ទះនៃភាគីដៃគូហ្នឹងគឺដឹងថា យើងចង់បានអ្វី ហើយយើងមានសមត្ថភាពប៉ុណ្ណាដែលទទួលបានការជួយឧបត្ថម្ភពីភាគីប្រទេសដៃគូ ហើយជាបទពិសោធន៍របស់កម្ពុជាគឺកម្ពុជាទទួលបានពិសោធន៍យ៉ាងជាក់ស្តែង ហើយពិតប្រាកដទៀតថា យើងមានកំហុសច្រើន ប៉ុន្តែមិនមែនជាច្រើនណាស់ណាទេ គឺមានមួយចំនួនរវាងភាគីដៃគូដែលគាត់ផ្តល់ជំនួយទៅតាមអ្វីដែលភាគីដៃគូចង់បាន ប៉ុន្តែប្រាស់ចាកពីអ្វីដែលកម្ពុជាទាំងលទ្ធភាពទាំងសមត្ថភាពដែលកម្ពុជាមានគឺសមត្ថភាពក្នុងការអនុវត្តនូវផែនការដើម្បីឆ្លើយតបពីផលប្រយោជន៍និងការចង់បានរបស់ប្រទេសកម្ពុជា"។
លោកផៃ ស៊ីផាន បញ្ជាក់បន្ថែមថា មន្ត្រីកម្ពុជានាពេលបច្ចុប្បន្នមានសមត្ថភាពគ្រប់គ្រាន់ដោយសារមន្រ្តីទាំងអស់នោះទទួលបានការអប់រំមកពីខាងក្រៅស្រុក ហើយស្គាល់វប្បធម៌របស់ខ្លួនឯង។
កម្ពុជានៅតែជាប្រទេសមួយដែលពឹងផ្អែកយ៉ាងខ្លាំងលើជំនួយអភិវឌ្ឍន៍ពីប្រទេសម្ចាស់ជំនួយ ដោយថវិកាពីជំនួយបរទេសគ្របដណ្តប់ប្រហែលជាពាក់កណ្តាលនៃការចំណាយរបស់រដ្ឋាភិបាលក្នុងមួយឆ្នាំៗ។ សម្រាប់ឆ្នាំ២០១០នេះ សហរដ្ឋអាមេរិកផ្តល់ប្រាក់ជំនួយចំនួន៦៨,៥លានដុល្លារដល់កម្ពុជាសម្រាប់គម្រោងអភិវឌ្ឍន៍នានា។
លោកយ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានសម្តែងការស្វាគមន៍ចំពោះគំនិតដែលបានលើកឡើង ប៉ុន្តែបានស្នើឱ្យមានការបន្តតាមដានជាប់ជាប្រចាំចំពោះការអនុវត្តដែលដឹកនាំដោយរដ្ឋាភិបាលដើម្បីធានាឱ្យបាននូវប្រសិទ្ធិភាពជំនួយនេះ។
“ជារួមគឺខ្ញុំគាំទ្រគំនិតថា ឱ្យប្រទេសទទួលជំនួយ ឱ្យគាត់មានភាពជាម្ចាស់ទៅលើគម្រោងកម្មវិធី ហើយនិងការប្រើប្រាស់លុយជំនួយ ប៉ុន្តែខ្ញុំគិតថា ប្រទេសម្ចាស់ជំនួយរួមទាំងសហរដ្ឋអាមេរិកផងដែរ មិនគួរគប្បីឱ្យមូលប្បទានប័ត្រសទៅប្រទេសទទួលជំនួយទេ។ តួយ៉ាង ដូចជាប្រទេសកម្ពុជាជាដើមនេះ ដោយពុំមានការតាមមើលថា តើការប្រើប្រាស់ថវិកាជំនួយរបស់ខ្លួនហ្នឹងបានត្រឹមត្រូវប៉ុណ្ណា បានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងប្រទេសភាគច្រើន ជាពិសេសប្រជាពលរដ្ឋក្រីក្រដែលត្រូវការឱ្យសិទ្ធិរបស់គាត់ត្រូវបានគេបំពេញជូន”។
ចំណែកឯគណបក្សប្រឆាំងវិញបានសម្តែងការស្វាគមន៍ដោយប្រយ័ត្នប្រយែង។
លោកយឹម សុវណ្ណ អ្នកតំណាងរាស្រ្តនិងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បានបញ្ជាក់ប្រាប់វីអូអេដោយទទួលស្គាល់ថា មានមន្ត្រីរដ្ឋាភិបាលខ្លះមានសមត្ថភាពបំពេញការងារ ប៉ុន្តែលោកបានព្រមានថា កន្លងមកមានអំពើពុករលួយបានកើតមានឡើងក្នុងពេលអនុវត្តគម្រោងដែលផ្តល់ដោយប្រទេសម្ចាស់ជំនួយ ដែលទាមទារឱ្យមានការចូលរួមតាមដានមើលឱ្យបានដិតដល់ បើរដ្ឋាភិបាលយកមកអនុវត្តដោយខ្លួនឯងដើម្បីធានាថា ជំនួយបានទៅដល់ដៃប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។
“ជាការណ៍ពិតណាស់ត្រូវតែមានការពិភាក្សាជាមួយប្រជាពលរដ្ឋដើម្បីឱ្យដឹងពីតម្រូវការជាក់ស្តែង ពីព្រោះថា មានគម្រោងមួយចំនួនគឺថា គឺជាគម្រោងដែលយកទៅគឺបានផលប្រយោជន៍ទៅលើប្រជាពលរដ្ឋតិចតួចណាស់ មានគម្រោងខ្លះគឺបម្រើទៅលើគណបក្សនយោបាយខ្លួន បម្រើទៅលើផលប្រយោជន៍របស់បក្ខពួកខ្លួន ដែលធ្វើឱ្យមានឧបសគ្គដល់ការអភិវឌ្ឍសេដ្ឋកិច្ចទូលំទូលាយនៅក្នុងប្រទេសយើង ដូច្នេះហើយត្រូវតែមានការសិក្សាឱ្យបានច្បាស់លាស់ ហើយត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសគឺអ្នកតំណាងរាស្រ្ត ដើម្បីធានាថា សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនោះគឺជាសេចក្តីត្រូវការពិតប្រាកដមែនគឺអ្វីដែលប្រជាពលរដ្ឋចង់បានមែន ហើយវាធានាផលប្រយោជន៍ធ្លាក់ទៅលើប្រជាពលរដ្ឋក្រីក្រពិតប្រាកដមែន។ តែបើយើងធ្វើដោយគ្មានការចូលរួមពីប្រជាពលរដ្ឋ ហើយចេះតែកំណត់តាមតែចិត្ត ពេលនោះគឺថា វានឹងមានទំនាស់ផលប្រយោជន៍។ នៅទីបំផុត អ្នកដែលក្រពិតប្រាកដមិនបានទទួលផលពីគម្រោងទាំងអស់នោះទេ”។
របាយការណ៍ដដែលបានទទូចឱ្យសហរដ្ឋអាមេរិកកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធការងារនិងបុគ្គលិករបស់សហរដ្ឋអាមេរិក ដោយសារតែមានហេតុផលមួយចំនួន ក្នុងនោះគឺមានការចំណាយច្រើន មិនមានភាពស្ថិតស្ថិរបានយូរ មានការភាន់ច្រឡំក្នុងការទទួលខុសត្រូវទៅតាមតម្រូវការរបស់ប្រទេសទទួលអំណោយ ហើយដូចជាករណីប្រទេសកម្ពុជាមានការលើកឡើងពីការចំណាយពេលយូរក្នុងការត្រូវឆ្លងកាត់ពីអ្នកទទួលការងារធ្វើមួយក្រុមទៅអ្នកទទួលការងារធ្វើបន្តទៀត ហើយបានបណ្តាលឱ្យមានការរារាំងដល់ការច្នៃប្រឌិត ឬក៏ភាពបត់បែនដែលអង្គការក្នុងស្រុកអាចមាន។
ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជានៅពុំទាន់បានឃើញរបាយការណ៍នោះនៅឡើយទេ ហើយពុំអាចធ្វើអត្ថាធិប្បាយបានឡើយ ប៉ុន្តែរបាយការណ៍នោះក៏បានបញ្ជាក់ថា ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) កំពុងមានដំណើរការកំណែទម្រង់មួយដល់ប្រព័ន្ធលទ្ធកម្ម និងការអនុវត្តការងាររបស់ខ្លួនដែលមានគោលដៅជួយឱ្យមានភាពម្ចាស់ការពីប្រទេសទទួលជំនួយ ដែលមានដូចជាផ្តល់ការគាំទ្រធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធលទ្ធកម្មនិងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបង្កើនការប្រើប្រាស់ប្រព័ន្ធដែលមាននៅក្នុងបណ្តាប្រទេសនោះជាដើម៕