ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្ញៀវទេសចរ​ជាង​៥លាន​នាក់​ធ្វើ​ដំណើរ​កម្សាន្ត​ទូទាំង​ប្រទេស​កម្ពុជា​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រយៈ​ពេល​បី​ថ្ងៃ


ក្រុមអ្នកស្ម័គ្រ​ចិត្តរាំ​របាំប្រពៃណីខ្មែរ​ក្នុង​ពិធី​បុរាណ​ចូល​ឆ្នាំ​ប្រពៃ​ណីជាតិ​ខ្មែរ​នៅ​ទី​ក្រុង​សៀមរាប​ក្នុង​ ​ថ្ងៃ​ ​ទី១៤​ខែ​មេសា​ឆ្នាំ​២០១៨។​ (ប៉ូច រាសី/VOA)
ក្រុមអ្នកស្ម័គ្រ​ចិត្តរាំ​របាំប្រពៃណីខ្មែរ​ក្នុង​ពិធី​បុរាណ​ចូល​ឆ្នាំ​ប្រពៃ​ណីជាតិ​ខ្មែរ​នៅ​ទី​ក្រុង​សៀមរាប​ក្នុង​ ​ថ្ងៃ​ ​ទី១៤​ខែ​មេសា​ឆ្នាំ​២០១៨។​ (ប៉ូច រាសី/VOA)

​លោក​ ​គង់ សុភារៈ​ ​ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ ​និង​ព័ត៌មាន​ ​នៃ​ក្រសួង​ទេសចរណ៍​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​អង្គារនេះ​ថា​ ​កំណើន​នៃ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​កម្សាន្ត ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ ​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុនៗ​ ​ដោយសារ​ស្ថានភាព​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​កម្ពុជា​មាន​ការ​​អភិវឌ្ឍ​ច្រើន។

របាយការណ៍​មួយ​ ​របស់ក្រសួង​ទេស​ចរណ៍​បង្ហាញ​ពី​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរ​ជាតិ​ ​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទូទាំង​ប្រទេស​កម្ពុជា​ក្នុងពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​រយៈ​ពេល​៣​ថ្ងៃ​ ​មាន​ចំនួន​ជាង​៥លាន​នាក់។​ ​តួលេខ​នេះ​មានការ​កើន​ឡើង​ប្រមាណ​ជា​១លាន​នាក់​ ​បើ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ ​ធ្វើ​ដំណើរ​កំសាន្ត​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ ​កាល​ពី​ឆ្នាំ​២០១៧។

ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិជាង​៥លាន​នាក់​ ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​ទេសចរ​នា​នា​ក្នុង​ប្រទេស​កម្ពុជាអំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​រយៈពេល​៣ថ្ងៃ។​ ​ចំនូន​នេះ​មាន​ការ​កើន​ឡើង​ជាង​២០ភាគ​រយ​ ​បើ​ធៀប​នឹង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិឆ្នាំ​២០១៧។​ ​នេះ​បើ​តាម​របាយការណ៍​ដែល​ចេញ​ដោយក្រសួង​ទេសចរណ៍។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

​របាយការណ៍ស្តីពី​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​កម្ពុជា​ ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ​ពីថ្ងៃទី​១៤​ ​ដល់​ថ្ងៃទី១៦​ ​ខែ​មេសា​នេះ​ ​បញ្ជាក់​ថា​ ​ស្ថិតិ​ភ្ញៀវ​ទេសចរ​ជាតិដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅទូទាំង​ប្រទេស​កម្ពុជា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ​មាន​ចំនួន​ជាង​៥លាន​១សែន​នាក់​ ​(៥,១១២,៩៦៩នាក់)​ ​ចំណែក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​ជិត​៩​ម៉ឺន​នាក់​ ​(៨៨,១៩១នាក់)។​ ​ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរ​ជាតិ​ដែល​បាន​ចូល​រួម​ទស្សនា​ដំណើរ​កម្សាន្ត អង្គរ​សង្រ្កាន្ត​ខេត្ត​សៀមរាប​មាន​ចំនួន​ជិត​២​លាន​នាក់។​

លោក​ ​គង់ សុភារៈ​ ​ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ ​និង​ព័ត៌មាន​ ​នៃ​ក្រសួង​ទេសចរណ៍​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​អង្គារនេះ​ថា​ ​កំណើន​នៃ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​កម្សាន្ត ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ ​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុនៗ​ ​ដោយសារ​ស្ថានភាព​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​កម្ពុជា​មាន​ការអភិវឌ្ឍ​ច្រើន។​

លោក​បញ្ជាក់​ថា៖​

«មធ្យោបាយ​នៃ​ការ​ធ្វើ​ដំណើរ​វា​មាន​ការ​ងាយ​ស្រួល​ ​ជាពិសេស​គឺ​ផ្លូវ​ថ្នល់ហេដ្ឋា​រចនាសម្ព័ន្ធ​ហ្នឹង​ ​គឺ​ភ្ញៀវ​គាត់​អាច​ទៅ​ដល់​គោលដៅ​ទេសចរណ៍​ដែល​អាច​ទៅ​លេង​បាន​ ទី១។​ ​ទី២​ទៀត​យើង​ឃើញ​ថា​នៅ​តាម​រមណីយដ្ឋាន​ជាច្រើន​គឺតែងតែមានការ​ផ្សព្វផ្សាយ ​ដោយ​មាន​ការ​ចូលរួម​មើល​អី​អញ្ចឹង ដល់​អញ្ចឹង​គាត់​ដឹងពី​គោលដៅ​ទេសចរណ៍​ច្រើន​ដែល​ធ្វើ​ដំណើរ​ទៅ​ ​ដល់​ពេល​អញ្ចឹង​យើង​ឃើញ​ថា​កំណើន​ហ្នឹង​វា​មានការ​កើនឡើងដែរ​»។​

ក្រៅ​ពី​ដំណើរ​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា​ ​គេ​ឃើញ​ប្រជាពល​រដ្ឋ​កម្ពុជា​ជាច្រើន​ ​ក៏​បាន​ចាកចេញ​ពី​ប្រទេស​ ​ដើម្បី​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។​ ​ទោះយ៉ាង​ណា​ ​លោក​ ​គង់ សុភារៈ​ ​បញ្ជាក់​ថា​ ​លោក​មិន​ទាន់​មាន​តួលេខ​ស្តីពី​ប្រជាពល​រដ្ឋ​កម្ពុជា​ធ្វើ ​ដំណើរ​កម្សាន្ត​ទៅ​កាន់​បរទេស​ ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ​នៅ​ឡើយ។​

អ្នកស្រី​ ​ឆាយ ស៊ីវលីន​ ​ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃអង្គារ​នេះ​ថា ការ​កើន​ឡើង​នៃ​ទេសចរ​ជាតិ​ និង​អន្តរជាតិធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ប្រទេស​ ​បាន​បង្ហាញ​ពីភាព​វិជ្ជមាន​ច្រើន​ក្នុង​វិស័យ​ទេសចរណ៍។​ ​អ្នកស្រី​បន្ថែម​ថា​ ​ការ​កើនឡើង​វិស័យ​នេះ​ ​ធ្វើ​ឲ្យកម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​កាន់តែ​ច្រើន​ ​និង​បង្ហាញ​ថា​ ​កម្ពុជា​គួរ​តែ​យកចិត្តទុក​ដាក់​ឲ្យ​បាន​ខ្ពស់​ក្នុង​ការ​ពង្រឹង​វិស័យ​នេះ​ ​ឲ្យ​កាន់​តែ​មាន​ភាព​រីកចម្រើន។

អ្នកស្រី​បន្ថែមថា​ ​ដើម្បី​ឲ្យ​វិស័​យ​ទេសចរណ៍​កម្ពុជា​មាន​ភាព​ទាក់ទាញ​ ​និង​លូតលាស់​កាន់​តែ​ខ្លាំង នោះ​រដ្ឋាភិបាល​ ​និង​ប្រជាពលរដ្ឋ​ត្រូវ​អនុវត្ត​លើការ​ពង្រឹង​ធនធាន​មនុស្ស​ ​សេវាកម្ម​ ​និងអភិវឌ្ឍន៍​លើ​តំបន់​ទេសចរណ៍​ជាដើម។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«យើង​ឃើញ​លំហូរ​ចូលនៃ​ភ្ញៀវ​ទេសចរ​កាន់តែ​មាន​ការ​កើនឡើង​ ​ក្នុង​នោះ​ទាមទារ​ឲ្យ​មាន​ការ​ទទួល​គេ តើ​យើង​មាន​សមត្ថភាព​ប៉ុណ្ណា​ដែល​យើងទទួល​គេ?​ ​អញ្ចឹង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ហ្នឹង​គឺជា​ការ​មួយសំខាន់​ខ្លាំង​ណាស់។​ ​ទី២ទៀត​អភិវឌ្ឍន៍​ទៅ​លើ​តំបន់​ទេស​ចរណ៍​ ​អភិវឌ្ឍន៍​ទៅ​លើ​ផលិតផល​ទេសចរណ៍?​ ​ហ្នឹង​ជា​កត្តា​មួយ​សំខាន់​មែនទែន។​ ​យើង​មាន​តំបន់​ទេសចរណ៍​ហើយ យើង​មិន​អភិវឌ្ឍន៍​ឲ្យ​ទៅ​ជា​កន្លែង​មួយ​ទាក់ទាញ ហេដ្ឋា​រចនា​សម្ព័ន្ធ​យើង​មិន​សូវ​ជា​ជាប់​លាប់​ ​ហើយ​និង​ផលិត​ផល​ទេសចរ​ដែល​យើង​ត្រូវ​យក​មក​បម្រើ​គេ​ហ្នឹង»។​

បើ​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ដដែល​ ​បាន​ឲ្យដឹង​ទៀតថា​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ដល់​ចំនួន​ជាង​៥លាន​នាក់​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរឆ្នាំ​២០១៨​នេះ​ គឺ​មានន័យថា​កម្ពុជា​មាន​កំណើន​ដល់ទៅ​ចំនួន​២៣​ភាគ​រយ​ ​បើ​ធៀប​នឹង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​កាលពី​ឆ្នាំ២០១៧​ ​មាន​ចំនួន​ជាង​៤លាន​នាក់៕

XS
SM
MD
LG