ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួយ​បរទេស​ផ្តោត​លើ​ការ​អភិវឌ្ឍ​តំបន់​អនាធិបតេយ្យ​នៅ​អាហ្វ្រិក


តំបន់​អនាធិបតេយ្យមួយ​នៅ​ទ្វីប​អាហ្វ្រិក។
តំបន់​អនាធិបតេយ្យមួយ​នៅ​ទ្វីប​អាហ្វ្រិក។

វ៉ាស៊ីនតោន៖​ ក្រុម​សកម្មជន​កំពុង​រកវិធីជួយ​អ្នក​តាំង​ទី​លំនៅ​ក្នុង​តំបន់​អនាធិបតេយ្យ នៅ​ទ្វីប​អាហ្វ្រិក​ដែលមាន​ចំនួន​កើន​ឡើង​ តាម​រយៈ​អង្គ​ការ​ក្នុង​ស្រុក​ និង​កម្ម​វិធីសេដ្ឋកិច្ច​។​ កិច្ចការ​នេះ​ បានប្តូរពី​សកម្មភាព​កាល​ពី​មុន​ៗ​នៅ​អាហ្វ្រិក​ ដែល​បាន​ផ្តោត​ទៅ​លើការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិមនុស្ស​ និង​តំបន់​ជនបទ​។

អ្នក​តាំង​ទី​លំនៅ​ម្នាក់នៃតំបន់​អនាធិបតេយ្យ​ គីប៊ើរ៉ា (Kibera)​ ក្នុង​ទី​ក្រុង​ណៃរ៉ូប៊ី ​ប្រទេស​កេនយ៉ា​ បាន​ណែ​នាំ​ខ្លួន​ឯង​ នៅ​ក្នុងខ្សែ​វីដេអូ​របស់សកម្ម​ជន​ នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​។ អ្នក​តាំង​ទី​លំនៅ​នេះ​ថ្លែងថា៖

«ខ្ញុំ​ឈ្មោះ ​ចូសិប ចេមបា (Joseph Djemba)​។ ខ្ញុំ​កើត​នៅ​ក្នុង​គ្រួសារ​មួយ​មាន​សមាជិក​១១​នាក់​។ ដូច្នេះ​ ដោយសារតែយើងមាន​សមា​ជិក​ច្រើន​ ​អ្នក​គ្រប់​គ្នា​ត្រូវ​ចេញ​ទៅ​ស្វែង​រក​របរ​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួន​ឯង បន្ទាប់​ពីរ​មរណៈភាព​របស់​ឪពុក​ខ្ញុំ​។ ​ដូច្នេះ ​នោះ​ហើយ​គឺជា​របៀប​ដែលខ្ញុំបានមក​នៅតំបន់​គីប៊ើរ៉ា​»។

ខ្សែ​វីដេអូ​ខ្លី​នេះ ​ត្រូវ​បាន​ចេញ​ផ្សាយកាល​ពី​ឆ្នាំ​មុន​ ស្រប​ជា​មួយ​នឹងសៀវភៅ​មួយ​ក្បាល​ ដែល​មាន​ចំណង​ជើង​ថា «តំបន់​អនាធិបតេយ្យយ៉ាង​ធំ​ល្វឹង​ល្វើយ» ​ឬ​ហៅ​ថា​ «Megaslumming»។ លោក អាដាម ផាសុនស៍ (Adam Parsons)​ អ្នក​និពន្ធ​សៀវភៅ​នេះ ​បាន​ពន្យល់​ថា ​ដោយ​សារការ​ធ្លាក់ចុះសេដ្ឋកិច្ចនៅ​ទូ​ទាំង​ពិភព​លោក ​នា​ពេល​បច្ចុប្បន្ន​នេះ ​ស្ថាន​ភាព​រស់​នៅដ៏​លំបាក​ នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​ កំពុង​តែយ៉ាប់យ៉ឺន​ខ្លាំង​ឡើង​ថែម​ទៀត​។ លោក​ ផាសុនស៍​មាន​ប្រសាសន៍​ថា៖

«នៅ​ក្នុង​ដំណាក់​កាលលូត​លាស់​ខ្លាំង​ មនុស្ស​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ ​មិន​បានទទួលផល​ប្រយោជន៍ពី​កំណើនធន​ធានសកល​លោក​ទេ ​ហើយនៅ​ក្នុងដំណាក់​កាលក្ស័យ​ធន​ នាសព្វ​ថ្ងៃ​នេះវិញ គឺ​ជន​ក្រី​ក្រ​រង​ផល​ប៉ះ​ពាល់​មិន​ស្មើគ្នា​ ដោយបាន​បាត់​បង់ឱកាស​រក​ប្រាក់​ចំណូល​ និងការគាំ​ទ្រពី​រដ្ឋា​ភិបាល»។

លោក ផាសុនស៍ ក៏​ជា​អ្នកកែ​សម្រួលនៃគេហទំព័រឈ្មោះ ​«ការ​ចែក​រំលែកប្រភព​ធន​ធានពិភព​លោក» ​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​អង់​គ្លេសដែរ​។​ ពេល​ថ្មីៗនេះ ​លោកបាន​សរសេរអត្ថបទមួយ​ដែល​មានចំណង​ជើងថា​ «រឿង​និទាន​ចំនួន​៧​ស្តី​ពីតំបន់អនាធិបតេយ្យ»​ ដែល​បាន​អះ​អាងប្រឆាំង​ទៅនឹង​ទស្សនៈ​ដែល​ថា ​តំបន់​អនាធិបតេយ្យជា​ប្រភព​នៃ​បទ​ឧក្រិដ្ឋ​កម្ម​ អំពើ​ហិង្សា​ និង​ភាពអស់​សង្ឃឹម​។ ​បច្ចុប្បន្ន​ ក្រុម​ផ្តល់​ជំនួយ​អន្តរ​ជាតិ ​CHF ​ដែល​មាន​មូល​ដ្ឋាន​នៅសហ​រដ្ឋ​អាមេរិក​ កំពុង​ប្រើប្រាស់​មូល​និធិ​បាន​មក​ពីមូល​និធិ​ ​ប៊ៀល និង​ម៉េលីនដាហ្គេត (Bill and Melinda Gates Foundation) ដើម្បី​ជួយអ្នក​តាំង​ទី​លំនៅ​ក្នុង​តំបន់​អនាធិបតេយ្យ​ នៅ​ប្រទេស​ហ្គា​ណា (Ghana)។ លោក​ស្រី សានឌ្រីន ខាប៉េលេ ម៉ាណូអេល (Sandrine Capelle-Manuel) នាយក​ប្រចាំ​ប្រទេស​ ​ពន្យល់អំពីអក្សរ​កាត់​ស្តី​ពី​គម្រោង​នា​ពេល​បច្ចុប្បន្ន​ ដែល​ឲ្យ​ឈ្មោះថា ​ស្កេល​អាប់ ​(Scale-Up)។ លោក​ស្រី​ម៉ាណូអេលបន្ត​ថា៖

«ស្កេលអាប់ ជា​អក្ស​រ​កាត់​របស់​ឃ្លាថា​ សហគមន៍អនាធិបតេយ្យ​ដើម្បីសម្រេច​បាន​នូវ​បរិស្ថានអាច​រស់​នៅបានជា​មួយនឹងដៃ​គូរ​នៅ​ក្នុង​ទី​ក្រុង​ (Slum Communities Achieving Livable Environments with Urban Partners)»។

លោក​ស្រី ពន្យល់​ថា​ បុគ្គលិកផ្តល់​ជំនួយធ្វើជាកតាលីករ ក្នុង​ការ​រៀប​ចំវេទិកា​ ជួយលើកទឹកចិត្តឲ្យ​មាន​ការ​ពិភាក្សាជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន​ និង​ញ៉ាំង​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​ ដើម្បី​ធ្វើឲ្យហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រសើរ​ឡើង​។ លោកស្រី ​មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធអាច​បង្កើនថ្លៃ​ជួល​ក៏​ដោយ​ អ្នក​តាំង​ទីលំ​នៅក្នុង​តំបន់​អនាធិបតេយ្យអាវិន័រ (Avenor)​ ​ នៅ​ទី​ក្រុង​អាក្រា (Accra) កំពុង​ត្រូវ​បាន​លើក​ទឹក​ចិត្តឲ្យ​ម្ចាស់ផ្ទះ​របស់​ពួក​គេ​កសាងប្រព័ន្ធអនាម័យ​ថ្មី​ៗ​។ លោក​ស្រី​ថ្លែង​ថា៖

«ក្នុង​ចំណោមផ្ទះ​ចំនួន​៤០០​ខ្នង​ ​មានផ្ទះតែ​មួយខ្នង​គត់ ​ដែលមាន​បង្គន់​អនាម័យ​ ហើយ​សម្រាប់​អ្នក​តាំង​ទី​លំនៅចំនួន៩​ពាន់​នាក់ផ្សេង​ទៀត ​មាន​បង្គន់​សាធារណៈតែ​មួយ​ ដែលត្រូវ​បាន​កសាង​ក្នុង​ឆ្នាំ​១៩៥៨​ ដែល​នេះ​គ្រាន់​តែ​ជា​ការ​ផ្តល់​គំនិតស្តី​ពី​សភាព​ការណ៍​នេះ»។

វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ក៏​ត្រូវ​បាន​ផ្តល់សម្រាប់​ការ​ងារជាក់​លាក់​មួយ​ចំនួន​ ដូច​ជាការ​ជួស​ជុលទូរស័ព្ទ​ដៃ​ជា​ដើម។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ លោក​ស្រី​ខាប៉េលេ ម៉ាណូអេល ថ្លែងថា ជា​ទូ​ទៅ សកម្ម​ជនផ្តល់​ជំនួយ​ដល់​ជន​ក្រី​ក្រ​បំផុត​របស់​ពិភព​លោក​ ​បាន​ផ្តោត​ទៅ​លើ​ការ​ជំរុញ​ឲ្យ​ពួក​គេ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​សិទិ្ធ​សេរីភាព​របស់​ពួក​គេ ​ជា​ជាងជួយ​ពួក​គេឲ្យ​ផ្លាស់​ប្តូរ​ស្ថានភាព​រស់នៅ​ដោយ​ខ្លួន​ឯង​។ លោក​ស្រី​ ម៉ាណូអេ​ល បន្ត​ថា៖

«អ្វី​ដែល​យើង​អាច​ចាត់​ទុកវិធី​សាស្រ្ត​តស៊ូ​មតិ​ដ៏​ហួស​សម័យ គឺ​និយាយថា​ ​នោះ​គឺជា​សិទ្ធិរបស់អ្នក ដែល​អាច​ជាប្រភេទ​យន្តការ​មួយដ៏​តឹង​ចិត្ត ​ដោយ​សារ​តែសិទ្ធិ​នោះនឹង​មិនផ្លាស់​ប្តូរ​ជីវិត​របស់​អ្នក​តាំង​ទី​លំនៅ​ក្នុង​តំបន់​អនាធិបតេយ្យ ដោយ​សារ​ការយល់​ដឹង​អំពី​សិទ្ធិ​របស់​គេ​នោះ​ឡើយ​»។

លោក​ស្រី​ថ្លែង​ថា​ ការ​ផ្លាស់​ប្តូរ​មួយ​ទៀត​គឺ​ការ​ប្តូរ​ជំនួយពី​តំបន់ជនបទ​ មក​ឲ្យតំបន់អនាធិបតេយ្យ​នៅ​ក្នុង​ទី​ក្រុង​ធំ​ទៅ​វិញ​។ លោក​ស្រី​មាន​ប្រសាសន៍​ថា៖

«អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ​ច្រើន​ទសវត្សរ៍​មក​ហើយ ​ដែល​ម្ចាស់​ជំនួយបាន​វិនិយោគទៅ​លើ​ការ​គិត​គូរ​ពី​ការ​អភិវឌ្ឍ​នៅ​តាម​ជន​បទ​ គេជឿថា ការ​ធ្វើ​បែប​នេះ​អាច​បញ្ឈប់​ ឬ​កម្រិត​លំហូរនៃ​អ្នក​ជនបទ​ចូល​ក្នុង​ទី​ក្រុង​ ប៉ុន្តែ​វា​មិនអាច​ធ្វើ​ទៅ​បាន​។ ឱកាស​សេដ្ឋកិច្ច​មិន​មែន​នៅតាមតំបន់​ជន​បទ​នោះ​ឡើយ​ ឱកាស​ទាំង​នោះស្ថិតនៅ​ក្នុង​ទី​ក្រុង​»។

ទី​ភ្នាក់​ងារអង្គការ​សហ​ប្រជាជាតិ បាន​ប៉ាន់​ស្មាន​ថា ​មាន​ប្រជាពលរដ្ឋជាង​៨០០​លាន​នាក់​ រស់​នៅ​តាម​តំបន់​អនាធិបតេយ្យក្នុង​ទី​ក្រុង នៅ​ទូ​ទាំង​ពិភព​លោក​ ដោយជិត​ពីរ​ភាគបីនៃអ្នក​ទាំង​នោះ​នៅ​ក្នុង​អនុ​តំបន់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក​៕

ប្រែសម្រួល​ដោយ លី សុខឃាង

XS
SM
MD
LG