ស្ថានភាពរស់នៅរបស់លោក អ៊ុក ទូច បានផ្លាស់ប្តូរចាប់តាំងពីឧបទ្ទវហេតុគប់ស្បែកជើងដាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពាក់កណ្តាលខែឧសភា។ ពលរដ្ឋខ្មែរអាមេរិកាំងរូបនេះដែលគេមិនសូវស្គាល់ពីមុនមកបានត្អូញត្អែរថាលោកត្រូវប្រយ័ត្នប្រយែងក្នុងការរស់នៅនិងការធ្វើដំណើរ ហើយមានបញ្ហាក្នុងគ្រួសារ និងលទ្ធភាពប្រឈមមុខនឹងការកាត់ទោសនៅតុលាការសហព័ន្ធ នៅរដ្ឋធានីវ៉ាស៊ីនតោន។
លោក អ៊ុក ទូច អាយុ ៧១ ឆ្នាំ រស់នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា បានគប់ស្បែកជើងម្ខាងសំដៅលោក ហ៊ុន សែន ប៉ុន្តែមិនបានត្រូវចំលោកទេ ខណៈលោកនាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយនឹងពលរដ្ឋខ្មែរដែលមកស្វាគមន៍នៅមុខសណ្ឋាគារ Willard ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១១ ខែឧសភា។ ស្បែកជើងបានហោះខុសលោក ហ៊ុន សែន បន្តិច ប៉ុន្តែបានចំដៃអ្នកឈរថតរូបជាមួយលោកនាយករដ្ឋមន្ត្រី។ នេះបើតាមរូបភាពវីដេអូដែលបង្ហោះតាមបណ្តាញសង្គម។
លោក អ៊ុក ទូច ត្រូវបានប៉ូលិសបណ្តេញចេញពីកន្លែងកើតហេតុនិងបញ្ជាឲ្យចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន។
បន្ទាប់ពីហេតុការណ៍នោះមកលោក អ៊ុក ទូច មានការប្រយ័ត្នប្រយែងជាងមុន ក្នុងការធ្វើដំណើរទៅណាមកណា ឬសូម្បីតែនៅផ្ទះសម្បែង។ លោកបានព្យាយាមរក្សាភាពស្ងប់ស្ងាត់។
លោក អ៊ុក ទូច បានបញ្ជាក់ប្រាប់វីអូអេ តាមទូរស័ព្ទថា៖ «ខ្ញុំរាល់ថ្ងៃរឿងសន្តិសុខចេះតែគិតខ្លះដែរ ដូចដឹងស្រាប់ហើយពួកផ្តាច់ការ វាមានលុយមានអំណាចចង់ធ្វើអ្វីយើងក៏បាន»។
នោះគឺជាការវាយប្រហារសំដៅលើរាងកាយលោក ហ៊ុន សែន ជាលើកទី ១ ដោយពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក។ លោក អ៊ុក ទូច ពន្យល់ពីកត្តាជំរុញឲ្យលោកគប់ស្បែកជើងលើលោក ហ៊ុន សែន ថា គឺដោយសារការខឹងសម្បារនឹងការដឹកនាំផ្តាច់ការរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា ដែលមានដូចជាការរំលាយលទ្ធិប្រជាធិបតេយ្យ វិធីដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងវៀតណាម ដែលលោកចាត់ទុកថាយកដីខ្មែរដូរនឹងដីខ្មែរដោយមិនបានចំណេញអ្វី និងការរំលោភសិទ្ធិមនុស្សនានានិងការធ្វើទុក្ខបុកម្នេញអ្នករិះគន់រដ្ឋាភិបាលនិងកម្មករជាដើម។
លោក អ៊ុក ទូច បញ្ជាក់ថា លោកមិនស្តាយក្រោយទេចំពោះទង្វើរបស់លោកទេ ហើយក៏នឹងមិនសុំទោសលោក ហ៊ុន សែន ដូចអតីតអ្នកគាំទ្រគណបក្សប្រឆាំងមួយចំនួនក្នុងពេលកន្លងមកដែរ៖
«ឲ្យខ្ញុំសុំទោសយ៉ាងម៉េច។ ខ្ញុំអត់មានទៅសម្លាប់អ្នកណាដូចហ៊ុន សែនផង។ ខ្ញុំអត់មានដែលបំផ្លាញជាតិ អត់ដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ ឲ្យខ្ញុំសុំទោសឃាតករយ៉ាងម៉េច? មានតែហ៊ុន សែនទេដែលត្រូវមកសុំទោសខ្ញុំ។ ខ្ញុំអត់ដែលចាប់អ្នកណាដាក់គុក។ ដូចលោក រ៉ុង ឈុន គ្រាន់តែគ្នាទៅមើលព្រំដែនចាប់គ្នាដាក់គុកដែរ។ ហើយមនុស្សបែបនេះឲ្យ ខ្ញុំសុំទោសយ៉ាងម៉េច?»។
ទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅរដ្ឋធានីវ៉ាស៊ីនតោនលើកនេះ គឺដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសរវាងសហរដ្ឋអាមេរិកនិងអាស៊ាន ពីថ្ងៃទី ១២ ដល់ ១៣ ខែឧសភា ដែលកម្ពុជាគឺជាប្រធានអាស៊ានប្តូរវេន។ លោក ហ៊ុន សែន ត្រូវបានការពារសន្តិសុខយ៉ាងតឹងរ៉ឹង ដែលសូម្បីអ្នកសារព័ត៌មាន VOA មិនត្រូវបានអនុញ្ញាតឲ្យទៅក្បែរសណ្ឋាគារដែលលោកស្នាក់នៅទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានទម្លាប់យកឱកាស ធ្វើដំណើរក្រៅប្រទេស ដើម្បីជួបជាមួយនឹងសហគមន៍ខ្មែរនៅប្រទេស ដែលលោកធ្វើទស្សនកិច្ចដើម្បីថ្លែងប្រាប់ពួកគេពីស្ថានភាពនយោបាយនិងសេដ្ឋកិច្ចក្នុងប្រទេស។ នៅលើកនេះលោកបានចេញមកក្រៅសណ្ឋាគារជួបអ្នកគាំទ្រដោយផ្ទាល់បន្ថែមលើកម្មវិធី ដែលមានអ្នកមកឈរហែរហមស្វាគមន៍នៅថ្ងៃដែលលោកមកដល់ភ្លាមៗ និងកម្មវិធីសំណេះសំណាលនៅសណ្ឋាគារមួយផ្សេងទៀត ដែលមានអ្នកចូលរួមជាង២០០០នាក់។
លោក អ៊ុក ទូច ស្ថិតនៅក្នុងក្រុមពលរដ្ឋខ្មែរអាមេរិកាំងដែលធ្វើដំណើរមកពីរដ្ឋកាលីហ្វញ៉ា ដើម្បីស្វាគមន៍លោក ហ៊ុន សែន ដែលរៀបចំដោយកូនប្រុសរបស់លោកឈ្មោះ គួ ឆាយ ដែលជាអាជីវករធូរធាមួយរូបក្នុងទីក្រុងឡុងប៊ិច និងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។
ប្រពន្ធរបស់លោក អ៊ុក ទូច ដែលស្នើសុំមិនឲ្យបញ្ចេញឈ្មោះនិងសុំឲ្យហៅថាជា «ម៉ែអាឆាយ» បានថ្លែងប្រាប់វីអូអេថា អ្នកស្រីមិនបានដឹងពីការតាំងចិត្តរបស់ស្វាមីក្នុងការមករដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចោលស្បែកជើងដាក់លោក ហ៊ុន សែនទេ។ ការពិតអ្នកស្រីបែរជាខឹងគាត់ដែលមកជួបលោក ហ៊ុនសែន តាមការរៀបចំរបស់កូនប្រុស ដោយអ្នកស្រីរំឭកថាបានខឹងនឹងស្វាមីរហូតដល់ចង់ប្តឹងលែងលះផងដែរ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំខឹងនឹងគាត់ដែលទៅចូលជាមួយនឹងពួកកុម្មុយនិស្ត»។ អ្នកស្រីយល់ថា លោកហ៊ុនសែនចង់ធ្វើអ្វីជាសិទ្ធិរបស់គាត់ ពីព្រោះគាត់ជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ហើយវាជាអកុសលរបស់ពលរដ្ឋកម្ពុជាដែលមានមេដឹកនាំដូចនេះ។
លោក អ៊ុក ទូច និងក្រុមគ្រួសារបានមកដល់សហរដ្ឋអាមេរិកក្នុងខែកញ្ញា ឆ្នាំ ១៩៨៨ ដោយចេញពីជំរុំតាមបណ្តោយព្រំដែនកម្ពុជាថៃ។ ពេលមកដល់ដំបូងលោកស្នាក់នៅរដ្ឋ Tennessee រយៈពេល ១ ខែមុនពេលផ្លាស់មកនៅទីក្រុងសាន់តាអាណា និងចុងក្រោយនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា។
លោកហ៊ុន សែនបានថ្លែងថា លោកមិនប្តឹងផ្តល់នៅតុលាការទេដោយទុកលទ្ធភាពឲ្យអាជ្ញាធរអាមេរិកដោះស្រាយតាមច្បាប់។ ប៉ុន្តែលោកបានព្រមានដល់អ្នកនយោបាយគណបក្សប្រឆាំងថា អាចនឹងមានហេតុការណ៍អាក្រក់លើពួកគេ បើសិនជាពួកគេចាត់ទុកថាជាសេរីភាពនៃការបញ្ចេញមតិ។
ក្រោយពីហេតុការណ៍នោះ មានភ្នាក់ងារនៃកងកម្លាំងការពារប្រតិភូបរទេសរបស់សហរដ្ឋអាមេរិក ចំនួន ៣ នាក់ ដែលមានប្រុស ២ នាក់ និងស្រីម្នាក់ បានចុះទៅដល់ផ្ទះលោក អ៊ុក ទូច កាលពីថ្ងៃទី ១៩ ខែឧសភា ដើម្បីសាកសួរចម្លើយលោកជិតមួយម៉ោង ពីមូលហេតុនៃការវាយប្រហារនោះ។ នេះបើតាមការអះអាងរបស់លោក អ៊ុក ទូច ប្រាប់វីអូអេខេមរភាសា។
វីអូអេបានទាក់ទងទៅការិយាល័យអង្គភាពប៉ូលិសការពារថ្នាក់ដឹកនាំបរទេសនៅដើមខែកក្កដានេះប៉ុន្តែមិនទាន់មានចម្លើយនៅឡើយពីការស៊ើបអង្កេត និងបទចោទប្រកាន់នៅឡើយទេ។ ការឆែកមើលនៅគេហទំព័ររបស់តុលាការរដ្ឋធានីវ៉ាស៊ីនតោន ក៏មិនទាន់មានឯកសារបណ្តឹងពាក់ព័ន្ធនឹងការវាយប្រហារនេះដែរ។
លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បានថ្លែងប្រាប់វីអូអេក្នុងពេលកន្លងមកពីការបើកការស៊ើបអង្កេតលើករណីគប់ស្បែកជើងនេះ។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់បំផុតលើសុវត្ថិភាព និងសន្តិសុខរបស់អ្នកការទូតទាំងអស់ និងឥស្សរជនដែលមកបំពេញការងារនៅអាមេរិក។
វីអូអេបានទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន នៅដើមខែកក្កដានេះ ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។
យ៉ាងណាក៏ដោយលោក អ៊ុក ទូច អះអាងថា លោកមិនសូវយល់ដឹងពីច្បាប់របស់សហរដ្ឋអាមេរិកទេ។ លោកអះអាងការពារខ្លួនថា ទង្វើរបស់លោកមិនបានបង្ករបួសស្នាមដល់អ្នកណាម្នាក់ឡើយ។
លោក អ៊ុក ទូច បន្ថែមថា មន្ត្រីប៉ូលិសបានប្រាប់លោកថា លោកប្រហែលជាអាចត្រូវឡើងតុលាការនៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីប្រឈមមុខនឹងការកាត់ទោស ដោយសារតែបទល្មើសកើតឡើងនៅទីនោះ។ ប៉ុន្តែមិនទាន់បញ្ជាក់ពីបទចោទអ្វីនៅឡើយទេ។
លោក អ៊ុក ទូច ថ្លែងថា លោកមិនរួញរាទេ ប៉ុន្តែគ្រាន់តែមានបញ្ហាជីវភាពខ្លះក្នុងការរៀបចំអ្នកច្បាប់ការពារលោក៖ «ខ្ញុំក្រអត់លុយ ត្រូវខ្ចីលុយគេ។ បើឡើងតុលាការក៏ឡើងចុះ បើរឿងវាអ៊ីចឹងទៅហើយ»។
គណបក្សប្រឆាំងដែលនៅសហរដ្ឋអាមេរិកក៏បានសម្តែងការភ្ញាក់ផ្អើល ដែលអ្នកមកស្វាគមន៍លោកហ៊ុន សែន ប៉ុន្តែបែរជាយកឱកាសនោះវាយប្រហារលោកទៅវិញ។
លោក រិទ្ធី អ៊ុង ប្រធានគណបក្សសង្គ្រោះជាតិអាមេរិក បានបញ្ជាក់ប្រាប់វីអូអេកាលពីថ្ងៃសុក្រសប្តាហ៍មុនថា គណបក្សរបស់មិនទទួលស្គាល់និងគាំទ្រទង្វើហិង្សាណាមួយឡើយ ប៉ុន្តែបានសម្តែងសមានចិត្តយល់ដល់ទឹកចិត្តឈឺចាប់របស់ពលរដ្ឋខ្មែរអាមេរិកាំង ចំពោះការដឹកនាំរបស់លោក ហ៊ុន សែន។
លោក រិទ្ធី អ៊ុង បានបន្ថែមថា៖ «យើងយល់អំពីកំហឹងរបស់ប្រជាពលរដ្ឋខ្មែរដែលបានភៀសខ្លួនមកនៅប្រទេសគេនៅប្រទេសសេរី ហើយមានការឈឺចាប់ចំពោះការវិវត្តនៅប្រទេសកម្ពុជា។ អ៊ីចឹងហើយបានគាត់យកកំហឹងទាំងប៉ុន្មាន យកកំហឹងគប់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីព្រោះលោក ហ៊ុន សែន គឺជាអ្នកគ្រប់គ្រងប្រទេសទាំងមូលជាង៣០ឆ្នាំមកហើយ»។
លោក រិទ្ធី អ៊ុង បានបដិសេធចោលចេតនាណាមួយក្នុងការភ្ជាប់ទង្វើរបស់លោក អ៊ុក ទូច ទៅនឹងគណបក្សសង្គ្រោះជាតិ ហើយលោកសង្ឃឹមថា ករណីនេះនឹងបញ្ចប់ដោយមិនមានការដាក់ទោសធ្ងន់ធ្ងរទេ៖
«ចំពោះយើងនៅសហរដ្ឋអាមេរិកនេះ ខ្ញុំជឿជាក់ថាវាមិនមែនជាទោសអ្វីធ្ងន់ធ្ងរទេ ពីព្រោះនេះជាបុគ្គលទល់នឹងបុគ្គលអំពើហិង្សាដោយខ្លួនគាត់ផ្ទាល់ ហើយជាការខឹងផ្ទាល់ចំពោះថ្នាក់ដឹកនាំ ហើយយើងក៏ឃើញហើយនៅប្រទេសយើងសហរដ្ឋអាមេរិកនេះ ប្រជាពលរដ្ឋគេមានសិទ្ធិទិតៀន។ គេមានសិទ្ធិក្នុងការធ្វើបាតុកម្មប្រឆាំងនឹងប្រមុខរដ្ឋរបស់គេផ្ទាល់»។
ច្បាប់របស់សហរដ្ឋអាមេរិកសម្រាប់ការពារមន្ត្រីបរទេស ដែលបានផ្សាយលើគេហទំព័ររបស់មហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ Cornell កំណត់ថា ជនណាដែលមានចេតនាប៉ុនប៉ង ឬបានបំភិតបំភ័យ បង្ខំ គំរាមកំហែង ឬយាយីរំខានមន្ត្រីបរទេសឬភ្ញៀវផ្លូវការក្នុងពេលបំពេញការងារ គឺអាចត្រូវរងការពិន័យជាទឹកប្រាក់ ឬដាក់ពន្ធនាគាររហូតដល់ ៦ ខែ ឬ ពិន័យផងនិងដាក់ពន្ធនាគារផង បើសិនជាជននោះ រួមគ្នាប្រព្រឹត្តជាមួយនឹងគូកនពីរនាក់ ឬច្រើនជាងនេះ។
បើទោះបីជាផ្លូវច្បាប់អាចនឹងមានលក្ខណៈធូរស្រាល ប៉ុន្តែទំនាក់ទំនងគ្រួសាររបស់លោក អ៊ុក ទូចកំពុងតែមានជួបបញ្ហាផងដែរ។ នេះបើតាមការអះអាងរបស់លោក អ៊ុក ទូច និងអ្នកស្រីភរិយា។
លោក អ៊ុក ទូច បានបន្ថែមថា៖«រឿងកូនគេមិនពេញចិត្តខ្ញុំទេ ដែលខ្ញុំធ្វើអ៊ីចឹង គេមិនដែលខលទាក់ទងខ្ញុំទេ»៕