នៅថ្ងៃសុក្រនេះ រដ្ឋភាគីទាំង១៥៨ បានព្រមព្រៀងគ្នាតាំងចិត្តធ្វើឱ្យពិភពលោកគ្មានគ្រាប់មីនប្រឆាំងនឹងមនុស្ស បើទោះបីជាពិភពលោកកំពុងជួបប្រទះ នឹងវិបត្តិហិរញ្ញវត្ថុក៏ដោយ។
រដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងនឹងមនុស្សបានបញ្ចប់កិច្ចប្រជុំលើកទី១១ នៅល្ងាចនេះ ដោយប្រកាសតាំងចិត្តជាថ្មីក្នុងការជម្នះបញ្ហាប្រឈមនឹងគ្រាប់មីនប្រឆាំងនឹងមនុស្សដែលនៅសេសសល់។
លោក ប្រាក់ សុខុន ដែលជាប្រធានកិច្ចប្រជុំនោះបានថ្លែងប្រាប់សន្និសីទព័ត៌មានបន្ទាប់ការបញ្ចប់កិច្ចប្រជុំលើកទី១១នេះថា រដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងនឹងមនុស្ស ឯកភាពគ្នាតាំងចិត្តសម្រេចឱ្យបានក្នុងការធ្វើឲ្យពិភពលោកមួយគ្មានគ្រាប់មីនប្រឆាំងមនុស្ស ទោះបីជាមានការលំបាកខាងហិរញ្ញវត្ថុក្តី។
លោក ប្រាក់ សុខុន បានបន្ថែមថា រដ្ឋភាគីអនុសញ្ញាបានស្រង់យកភាពខ្លាំងនៃអតីតកាលនៃចលនានេះ ដើម្បីធ្វើការតាំងចិត្តស្មើដៃគ្នាចំពោះអនាគត។ រដ្ឋភាគីអនុសញ្ញានៅតែយកចិត្តទុកដាក់លើការបញ្ឈប់ការឈឺចាប់ និងការរងគ្រោះថ្នាក់ដោយសារគ្រាប់មីនប្រឆាំងនឹងមនុស្ស។
លោកប្រាក់ សុខុន បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យគោរពកិច្ចសន្យារបស់ខ្លួនក្នុងការជួយគាំទ្រគោលដៅនៃអនុសញ្ញា។ លោក ប្រាក់ សុខុន បានថ្លែងថា រដ្ឋាភិបាលនូវ៉ែលហ្សេឡង់បានផ្តល់ប្រាក់ជាងមួយលានដុល្លារអាមេរិកដើម្បីបោសសម្អាតមីននៅភាគពាយ័ព្យនៃកម្ពុជាសម្រាប់ឆ្នាំ២០១២។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ប្រទេសហូឡង់បានផ្តល់ប្រាក់ ១៥លានអឺរ៉ូ និងអូទ្រីសចំនួន ១,៩លានអឺរ៉ូដល់អង្គការសហប្រជាជាតិសម្រាប់ការដោះមីន និងជួយជនរងគ្រោះដោយសារគ្រាប់មីន។
លោកស្រី នីកូល ហុហ្គ (Nicole Hogg) ប្រធានគណៈកម្មាធិការកាកបាតក្រហមអន្តរជាតិ បានត្អូញត្អែរនៅក្នុងសន្និសីទព័ត៌មានថា ការបោសសម្អាតមីនរបស់រដ្ឋមួយចំនួនមានសភាពយឺតយ៉ាវណាស់។
«អ្នករស់រានមានជីវិតពីគ្រាប់មីនជាច្រើននាក់បន្តជួបប្រទះនឹងការប្រឈមដោយការលំបាកជាច្រើន។ ការតាំងចិត្តបន្ថែមទៀតតម្រូវឲ្យមាន ហើយជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ»។
លោក ស្ទីវ ហ្គោស (Steve Goose) ប្រធានគណៈប្រតិភូនៃកិច្ចប្រជុំលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស បានលើកទឹកចិត្តដល់បណ្តាលប្រទេសទាំងនោះឲ្យចូលរួមនៅក្នុងអនុសញ្ញានេះ ខណៈដែលប្រទេសភូមាកំពុងសិក្សាអនុសញ្ញានេះ និងសហរដ្ឋអាមេរិក នឹងត្រួតពិនិត្យមើលគោលនយោបាយគ្រាប់មីនរបស់ខ្លួន។
«សហគមន៍អន្តរជាតិត្រូវតាំងចិត្តធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីអនុវត្តការហាមប្រាមដ៏ជាក់លាក់មួយលើអាវុធនេះ និងឃើញ ការលុបបំបាត់អាវុធនេះពីផែនដី»។
ក្នុងកិច្ចប្រជុំនេះ ប្រទេសហ្វាំងឡង់បានប្រកាសចូលជារដ្ឋភាគីទី១៥៩ នៃអនុសញ្ញា។ ប្រទេសចំនួន១៥ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះដែរតែមិនចូលជារដ្ឋភាគីនៃអនុសញ្ញានេះដូចជាប្រទេសចិន សហរដ្ឋអាមេរិក និងភូមា៕