គណបក្សកម្លាំងជាតិដែលជាគណបក្សថ្មីមួយបង្កើតឡើងដោយអតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិបានស្នើឱ្យរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់ការធ្លាក់ចុះតម្លៃសត្វចិញ្ចឹមក្នុងស្រុកជាបន្ទាន់ និងរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគុណភាពសាច់បង្កកដែលនាំចូលពីក្រៅប្រទេស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិដែលបានស្នើសុំទៅរដ្ឋាភិបាល ចុះថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា គណបក្សកម្លាំងជាតិទទួលបាននូវការត្អូញត្អែររបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលជាអ្នកចិញ្ចឹមសត្វក្នុងស្រុកពាក់ព័ន្ធនឹងការធ្លាក់ចុះយ៉ាងគំហុកតម្លៃសត្វចិញ្ចឹមក្នុងស្រុកនៅលើទីផ្សារ ដូចជាសត្វក្របី គោ និងសត្វជ្រូករស់ជាដើម។
គណបក្សកម្លាំងជាតិលើកឡើងថា ការធ្លាក់ចុះនេះបានធ្វើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលជា អ្នកចិញ្ចឹមសត្វ រួមទាំងកសិដ្ឋានចិញ្ចឹមសត្វគ្រប់ប្រភេទនៅក្នុងស្រុក ប្រមាណ ៩០% រងគ្រោះខាតបង់ប្រាក់យ៉ាងធ្ងន់ធ្ងរ ប្រឈមមុខនឹងការបោះបង់មុខរបរចិញ្ចឹមសត្វរស់ក្នុងស្រុកតែម្តង។
គណបក្សបានស្នើរដ្ឋាភិបាលកម្ពុជាត្រូវមានវិធានការជាក់លាក់ជាបន្ទាន់ ដើម្បីទប់ស្កាត់ការធ្លាក់ចុះយ៉ាងគំហុកតម្លៃសត្វចិញ្ចឹមក្នុងស្រុកនៅលើទីផ្សារ ដោយត្រូវរឹតបន្តឹងការអនុវត្តច្បាប់ ពិសេសបង្កើនវិធានការត្រួតពិនិត្យគុណភាពសាច់បង្កកនាំចូលពីក្រៅប្រទេសតាមបទដ្ឋានស្តង់ដារបច្ចេកទេស ឬ (GAP Standard) ដែលជាវិធានការដ៏សំខាន់សម្រាប់ទប់ទល់ការខាតបង់ប្រាក់យ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់ទៅមុខទៀតរបស់ប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វ រួមទាំងកសិដ្ឋានចិញ្ចឹមសត្វគ្រប់ប្រភេទនៅក្នុងស្រុក។
លោក រ៉ុង ឈុន ទីបឹ្រក្សាគណបក្សកម្លាំងជាតិ និងជាអតីតអនុប្រធានគណបក្សភ្លើងទៀន ថ្លែងថា ការធ្លាក់ចុះតម្លៃសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋដូចជាសត្វជ្រូក គោ ក្របី និងគ្មានទីផ្សារនេះ បណ្តាលមកពីរដ្ឋាភិបាលមិនបានគិតគូររកទីផ្សារ ហើយថែមទាំងនាំចូលសាច់បង្កកគ្មានគុណភាពជាច្រើន ដោយសេរីមកពីក្រៅប្រទេស។ ការណ៍នេះលោកជំរុញឱ្យរដ្ឋាភិបាលត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ចំពោះករណីនេះ។
លោកប្រាប់វីអូអេថា៖ «សុំឱ្យរដ្ឋាភិបាលកម្ពុជា ជាពិសេសលោកនាយករដ្ឋមន្រ្តីត្រូវតែមានវិធានការបន្ទាន់ធ្វើម៉េច ត្រូវពិនិត្យឡើងវិញទាក់ទងនឹង[ការ]នាំសាច់បង្កកចូលមកនេះ។ បើសិនជាយើងគិតឱ្យវាមានការនាំចូលបានត្រឹមត្រូវ ពេលនោះអ្នកចិញ្ចឹមសត្វនៅក្នុងស្រុកក៏ត្រូវមានតម្លៃទីផ្សារឡើងវិញផងដែរបាទ»។
កត្តាចម្បងដែលបណ្តាលឱ្យធ្លាក់ថ្លៃយ៉ាងគំហុកនៅលើទីផ្សារ គឺដោយសារការនាំសាច់បង្កកចូលពីក្រៅប្រទេសគ្មានគុណភាព និងគ្មានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវតាមបទដ្ឋានស្តង់ដារបច្ចេកទេស ឬសមស្របតាមបទដ្ឋានអនុវត្តកសិកម្មល្អ (GAP Standard) រួមទាំងការឃុបឃិតប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីពាក់ព័ន្ធមួយចំនួន ហើយថែមទាំងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់ប្រជាពលរដ្ឋ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ។
អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ប្រាប់វីអូអេតាមរយៈប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃពុធនេះថា ក្រសួងនិងភាគីពាក់ព័ន្ធទាំងអស់កំពុងតែសហការគ្នាក្នុងការដោះស្រាយ។ កញ្ញាបដិសេធមិនអត្ថាធិប្បាយអ្វីលើសពីនេះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននៅឡើយទេ។ ប៉ុន្តែលោកធ្លាប់បញ្ជាក់ប្រាប់វីអូអេថា រដ្ឋាភិបាលកំពុងរៀបចំកែសម្រួលអនុក្រឹត្យលេខ ១៧ ដោយតម្រូវឱ្យការនាំចូលសាច់សត្វគ្រប់ប្រភេទ ទាំងសាច់បង្កក ស្រស់ ក្លាស្សេ ឬប្រឡាក់អំបិល ត្រូវមានលិខិតអនុញ្ញាតនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយរដ្ឋាភិបាលនឹងទុករយៈពេល ៣ ទៅ ៤ ខែ សម្រាប់ផ្សព្វផ្សាយដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសដើម្បីឱ្យធុរជន អាចមានពេលគ្រប់គ្រាន់ ដើម្បីរៀបចំទិសដៅអាជីវកម្ម និងដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត។
លោកបន្តថា ការនាំចូលសាច់បង្កកក៏ត្រូវបំពេញលក្ខខណ្ឌបន្ថែមមួយចំនួនទៀត ដូចជាអ្នកនាំចូលត្រូវមានឃ្លាំងត្រជាក់ដើម្បីរក្សាសាច់ត្រឹមត្រូវ និងនាំចូលបានតែតាមច្រកកំណត់មួយចំនួនប៉ុណ្ណោះ។
បើតាមលោក មាស សុខសេនសាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដែលជាស្ថាប័នក្រោមក្រសួងសេដ្ឋកិច្ចសង្ឃឹមថា វិធានការថ្មីនេះនឹងរឹតត្បិតបន្ថែមនូវការនាំ សាច់បង្កកចូលពីបរទេស៕
វេទិកាបញ្ចេញមតិ