នៅព្រឹកថ្ងៃច័ន្ទនេះ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែងពីឃុំក្នុងពន្ធនាគារ ក៏ប៉ុន្តែត្រូវដាក់ឱ្យស្ថិតក្នុងការឃុំឃាំងក្នុងផ្ទះជំនួសវិញ ដោយមិនអនុញ្ញាតឱ្យមានការប្រាស្រ័យទាក់ទងអ្នកគាំទ្រ ឬចូលរួមសកម្មភាពនយោបាយអ្វីនោះទេ។ នេះបើយោងតាមសេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញដែល VOA បានទទួល។
ក្នុងវ័យ៦៤ឆ្នាំ លោកកឹម សុខា ត្រូវបានតុលាការដោះលែងពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ និងត្រូវបានបញ្ជូនភ្លាមៗទៅគេហដ្ឋានរបស់លោកក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញវិញ ទាំងព្រឹកព្រលឹមម៉ោង៣។
ដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ចេញដោយលោកចៅក្រមគី ឫទ្ធី កាលពីថ្ងៃអាទិត្យ ទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បញ្ជាក់ថា ការសម្រេចដោះលែងលោកកឹម សុខា ឲ្យនៅក្រៅឃុំគឺដោយសារហេតុផលសុខភាពរបស់ជនត្រូវចោទ និងដើម្បីធានាឲ្យជនត្រូវចោទមានវត្តមានចំពោះមុខតុលាការ និងដើម្បីចៀសវាងការរាំងស្ទះនីតិវិធីស៊ើបសួរ។
លោកគី ឫទ្ធី ជាចៅក្រមដែលទើបប្រកាសសម្រេចបន្តឃុំខ្លួនលោកកឹម សុខា ក្នុងពន្ធនាគាររយៈពេល៦ខែទៀត កាលពីចុងខែសីហា។
ដីកាដដែលបញ្ជាក់ពីការសម្រេចរបស់ចៅក្រមក្នុងន័យដើមបន្ថែមថា៖
«ក្រៅពីលំនៅដ្ឋានដែលមានទីតាំងស្ថិតលើផ្លូវលេខ៣១៣ មិនត្រូវចេញក្រៅពីព្រំប្រទល់នៃដែនដីដែលខណ្ឌដោយផ្លូវលេខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវលេខ៦០៨ […]។ ក្នុងករណីចាំបាច់ដោយសារហេតុផលសុខភាពដែលត្រូវចាកចេញពីព្រំប្រទល់ដែនដីនេះត្រូវរាយការណ៍សុំការអនុញ្ញាតពីចៅក្រមស៊ើបសួរ ឬចៅក្រមដែលមានសមត្ថកិច្ច»។
ដីកាចេញដោយចៅក្រមគី ឫទ្ធី នោះក៏បានហាមមិនឲ្យលោកកឹម សុខា ជួបជាមួយបុគ្គលមួយចំនួនដូចជា៖
«អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងបុគ្គលដែលអាចពាក់ព័ន្ធនឹងសំណុំរឿងជនបរទេស ជាពិសេសជនបរទេសដែលអាចមានពាក់ព័ន្ធនឹងសំណុំរឿង។ ក្នុងករណីមានមន្ទិលត្រូវរាយការណ៍ជូនចៅក្រមស៊ើបសួរ ឬចៅក្រមមានសមត្ថកិច្ចដើម្បីសុំការអនុញ្ញាតទទួលជួបបុគ្គលណាមួយ។ មិនត្រូវធ្វើសកម្មភាពជួបជុំក្នុងគោលដៅនយោបាយ ឬសកម្មភាពនយោបាយផ្សេងទៀត»។
(រូបភាពដកស្រង់ពីបណ្តាញ Twitter បង្ហាញរូបលោក កឹម សុខា នៅគេហដ្ឋានរបស់លោក បន្ទាប់ពីលោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។)
ក្រោយការបញ្ជូនលោកកឹម សុខា ទៅគេហដ្ឋានរបស់លោកវិញ គេឃើញអ្នកសារព័ត៌មាន និងអ្នកគាំទ្រលោកកឹម សុខា ជាច្រើននាក់បានទៅជួបជុំគ្នានៅមុខផ្ទះរបស់លោកក្នុងខណ្ឌទួលគោក។ ប៉ុន្តែរហូតមកដល់ល្ងាចថ្ងៃច័ន្ទនេះ លោកកឹម សុខា បន្តស្ថិតក្នុងផ្ទះ ដោយមិនជួបជាមួយអ្នកសារព័ត៌មាន និងអ្នកគាំទ្រទេ។
យ៉ាងណាក្តី អ្នកស្រីម៉េង សុភារី មេធាវីមួយរូបក្នុងចំណោមមេធាវី៤រូបដែលការពារក្តីឲ្យលោកកឹម សុខា ប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅផ្ទះរបស់លោក កឹម សុខា នាព្រឹកថ្ងៃច័ន្ទនេះថា លោកកឹម សុខា មិនទាន់អាចចេញមកជួបជាមួយអ្នកសារព័ត៌មាន មន្រ្តីបក្សប្រឆាំង ឬអ្នកគាំទ្របាននៅឡើយ ដោយអ្នកស្រីអះអាងថា នេះជាបម្រាមរបស់តុលាការ។ អ្នកស្រីបន្ថែមថា តុលាការអាចចាប់លោកកឹម សុខា បញ្ជូនទៅឃុំក្នុងពន្ធនាគារវិញ ប្រសិនបើលោកកឹម សុខា បំពានបម្រាមរបស់តុលាការ។
អ្នកស្រីបញ្ជាក់ថា៖
«ការនៅក្រៅឃុំបណ្តោះអាសន្ន គឺស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនៅឡើយ។ មានន័យថា តុលាការបានដាក់កាតព្វកិច្ចមួយចំនួនឲ្យគាត់ត្រូវតែអនុវត្តតាម។ បើសិនជាមិនអនុវត្តតាមទេ គឺគេនឹងយកគាត់ទៅពន្ធនាគារវិញ[…]។ គាត់មិនអាចចេញមកជួបបងប្អូន គឺគាត់សូមថ្លែងអំណរគុណចំពោះបងប្អូនយើងទាំងអស់គ្នា ដែលបានមកជួយលើកទឹកចិត្តគាត់នៅទីនេះ។ ប៉ុន្តែគាត់អត់ទាន់អាចចេញមកជួបបាន ដោយសារជាប់លក្ខខណ្ឌមួយចំនួន បម្រាមរបស់តុលាការ»។
អ្នកស្រីម៉េង សុភារី បន្ថែមថា រហូតមកដល់ពេលនេះ លោកកឹម សុខា មិនទាន់កំណត់ពីពេលវេលាដើម្បីព្យាបាលជំងឺត្បៀតសសៃ និងជំងឺផ្សេងៗទៀតរបស់លោកនៅឡើយ។
លោកកឹម សុខា ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល១ឆ្នាំ និង១សប្តាហ៍គត់ បន្ទាប់ពីលោកត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនចេញពីក្នុងផ្ទះទាំងកណ្ដាលយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ទាំងមានអភ័យឯកសិទ្ធិ។ ការចាប់ខ្លួននោះធ្វើឡើង ក្នុងពេលបីខែ ក្រោយពីគណបក្សសង្គ្រោះជាតិរបស់លោកដណ្ដើមបានការគាំទ្រប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន កាលពីឆ្នាំ២០១៧។
តុលាការបានចោទប្រកាន់ថា លោកបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងបញ្ជូនលោកទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ឯខេត្តត្បូងឃ្មុំ។
លោកកឹម សុខា ត្រូវបានចៅក្រមបើកសវនាការក្នុងពន្ធនាគារ ដោយសម្រេចបន្តឃុំខ្លួនលោកជាបណ្តោះអាសន្នរយៈពេល៦ខែចំនួន៣ដង។ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ចៅក្រមគី ឫទ្ធី បានសម្រេចបន្តឃុំខ្លួនលោកចំនួន៦ខែទៀត ដើម្បីសាកសួរ បន្ទាប់ការឃុំខ្លួនអស់រយៈពេលជិតមួយឆ្នាំ នាពេលនោះ ជិតដល់ពេលកំណត់។
មេធាវីការពារក្តីរបស់លោកកឹម សុខា បានស្នើឲ្យតុលាការគ្រប់ជាន់ថ្នាក់ឲ្យដោះលែងកូនក្តីរបស់ពួកគេនៅក្រៅឃុំ ដើម្បីព្យាបាលជំងឺលើសឈាម ទឹកនោមផ្អែម និងជំងឺត្បៀតសរសៃ ប៉ុន្តែតុលាការទាំងនោះច្រានចោល ដោយអះអាងថា បទល្មើសរបស់លោកកឹម សុខា ជាប្រភេទបទល្មើសធ្ងន់ធ្ងរ និងថា ពន្ធនាគារមានគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាលទៅតាមសមត្ថភាពរបស់ពន្ធនាគារ។
ការដោះលែងលោកកឹម សុខា ធ្វើឡើងបន្ទាប់ពីមានការដោះលែងអ្នកជាប់ឃុំជាច្រើនរូបដែលត្រូវបានគេហៅថាជា «ចំណាប់ខ្មាំងនយោបាយ» បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ដោយគ្មានវត្តមានរបស់គណបក្សប្រឆាំង។ ការឈ្នះឆ្នោតនោះត្រូវបានសហគមន៍អន្តរជាតិធំៗជាច្រើនរិះគន់ថា ជាការបោះឆ្នោតដែលមិនត្រឹមត្រូវ និងមិនអាចទទួលយកបាន។
ថ្មីៗនេះ សហគមន៍អឺរ៉ុបដែលជាទីផ្សារនាំចេញដ៏ធំរបស់កម្ពុជា និងជាសហគមន៍ដែលផ្តល់ការអនុគ្រោះពន្ធធ្វើឲ្យកម្ពុជាចំណេញប្រមាណជិត៧០០ដុល្លារក្នុង១ឆ្នាំៗ បានព្រមានដកការអនុគ្រោះនេះ ប្រសិនបើកម្ពុជាមិនដោះលែងលោក កឹម សុខា និងមិនធ្វើឲ្យលទ្ធិប្រជាធិបតេយ្យដែលពួកគេលើកឡើងថា «កំពុងខ្ទេចខ្ទាំ» ដោយសារការបង្ក្រាបបក្សប្រឆាំង ការបង្ក្រាបសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ បានប្រសើរឡើងទេនោះ។ ក្រៅពីសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិកដែលបានផ្តល់ពន្ធអនុគ្រោះផ្សេងៗដល់កម្ពុជា ក្នុងតម្លៃប្រមាណជាជិត៣០០លានដុល្លារក្នុងមួយឆ្នាំៗ ក៏បានព្រមានដូចគ្នាផងដែរ។
កាលពីដើមខែឧសភា ក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយការឃុំខ្លួនដោយបំពាន និងអង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស បានហៅការចាប់ឃុំខ្លួនលោកកឹម សុខា ថា ជាទង្វើដែលគួរឲ្យអាម៉ាស់ និងអមនុស្សធម៌ ព្រមទាំងបានទាមទារឲ្យអាជ្ញាធរកម្ពុជាដោះលែងលោកជាបន្ទាន់។
បើទោះបីជាមានការរិះគន់ និងមានការអំពាវនាវឲ្យមានការដោះលែងលោកកឹម សុខា ក្តី ប៉ុន្តែលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលកាន់អំណាចជាង៣ទសវត្សរ៍មកហើយនោះ តែងតែប្រកាសជារឿយៗយ៉ាងដាច់អហង្ការថា លោកកឹម សុខា នឹងមិនត្រូវបានដោះលែងឲ្យនៅក្រៅឃុំនោះទេ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់អ្នកសារព័ត៌មានតាមរយៈបណ្តាញសង្គមតេលេក្រាមនៅថ្ងៃច័ន្ទនេះថា ការដោះលែងលោកកឹម សុខា មិនមែនធ្វើឡើងដោយសាររងសម្ពាធពីអន្តរជាតិនោះទេ។
លោកសរសេរក្នុងន័យដើមថា៖
«ករណីជនត្រូវចោទកឹម សុខា បាន និងកំពុងស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ។ ដូច្នេះការដោះលែង ឬមិនដោះលែងជនត្រូវចោទ គឺជាឆន្ទានុសិទ្ធិរបស់តុលាការទាំងស្រុង មិនមានការលូកដៃពីមជ្ឈដ្ឋានខាងក្រៅណាមួយឡើយ»។
លោកអ៊ា សុផល សាស្ត្រាចារ្យផ្នែកកិច្ចការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental រដ្ឋកាលីហ្វ័រញ៉ា និងជាអ្នកវិភាគគោលនយោបាយ ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិក ឬអ៊ីមែលថា ការដោះលែងលោកកឹម សុខា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន បង្ហាញពីការវិវឌ្ឍជាវិជ្ជមានតិចតួចសម្រាប់កម្ពុជា។ លោកបន្ថែមថា ការបន្តឃុំខ្លួនលោកកឹម សុខា មិនមានប្រយោជន៍ណាមួយសម្រាប់អាជ្ញាធរកម្ពុជានោះទេ។
លោកបញ្ជាក់ក្នុងន័យដើមថា៖
«ការដាក់នរណាម្នាក់ឲ្យនៅក្រៅឃុំ និងនៅក្រោមការឃុំខ្លួនក្នុងផ្ទះ គឺប្រសើរជាងការដាក់ឃុំក្នុងពន្ធនាគារ។ ជាមេរៀន ខ្ញុំគិតថា ការបន្តឃុំខ្លួនលោកកឹម សុខា ក្នុងពន្ធនាគារតាមទំនើងចិត្ត គឺវាគ្មានប្រយោជន៍ណាមួយសម្រាប់អាជ្ញាធរទេ ចំណែកឯការដោះលែងលោកកឹម សុខា គឺគ្មានខាតបង់ណាមួយទេ ដូច្នេះពួកគេដោះលែងគាត់»។
ចំណែកលោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លើកឡើងថា ការដោះលែងលោកកឹម សុខា ធ្វើឡើងដោយសាររដ្ឋាភិបាលកម្ពុជាបារម្ភពីមហន្តរាយដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាអន្តរជាតិ។ លោកបន្ថែមថា ការដោះលែងលោកកឹម សុខា ឲ្យនៅក្រៅឃុំមិនមែនជាយុត្តិធម៌សម្រាប់លោកនោះទេ។
លោកបញ្ជាក់តាមន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«វិធីតែមួយគត់ដែលយុត្តិធម៌នឹងត្រូវបានផ្តល់ឲ្យ គឺនៅពេលការចោទប្រកាន់ប្រឆាំងលោកកឹម សុខា ត្រូវបានដកចេញដោយគ្មានលក្ខខណ្ឌ ការរំលាយគណបក្សសង្គ្រោះជាតិត្រូវបានផ្លាស់ប្តូរ ហើយសិទ្ធិនយោបាយរបស់លោកកឹម សុខា និងមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន១១៧នាក់ផ្សេងទៀត ត្រូវបានស្តារឡើងវិញយ៉ាងពេញលេញ។ ថ្វីបើមានក្តីរំភើបទាក់ទងនឹងការដោះលែងនៅថ្ងៃនេះក៏ដោយ ក៏យើងនៅតែស្ថិតក្នុងផ្លូវយ៉ាងឆ្ងាយពីការស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទិ្ធមនុស្សនៅកម្ពុជានៅឡើយ»។
ការដោះលែងលោកកឹម សុខា ប្រធានបក្សជំទាស់ នៅពេលព្រឹកព្រហាមថ្ងៃច័ន្ទនេះ ធ្វើឡើងមិនប៉ុន្មានសប្តាហ៍ក្រោយការដោះលែងសកម្មជន មន្ត្រី និងអតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិ១៥រូប និងក្រោយការទទួលជ័យជម្នះដ៏ត្រចះត្រចង់របស់បក្សកាន់អំណាចក្នុងការបោះឆ្នោតជាតិ ដែលគ្មានគូប្រជែងដ៏សំខាន់។
កាលពីសប្តាហ៍កន្លងទៅ គណបក្សដឹកនាំរបស់លោកហ៊ុន សែន បានប្រកាសពីសមាសភាពគណៈរដ្ឋមន្ត្រី និងការដឹកនាំប្រទេសរយៈពេល៥ឆ្នាំទៅមុខទៀត ដោយបក្សតែមួយទាំងក្នុងសភានិងរដ្ឋាភិបាល៕