ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បីថ្ងៃ​មុន​កោះ​ប្រជុំ​សភា​ថ្ងៃដំបូង គណបក្ស​សង្គ្រោះជាតិ​ប្រកាស​ពហិការ


មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​គឺលោក​សម រង្ស៊ី និង​លោក​​កឹម សុខា​​ប្រកាស​ពហិកា​កិច្ច​ប្រជុំ​សភា​ថ្ងៃដំបូង។​
មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​គឺលោក​សម រង្ស៊ី និង​លោក​​កឹម សុខា​​ប្រកាស​ពហិកា​កិច្ច​ប្រជុំ​សភា​ថ្ងៃដំបូង។​
នៅ​សល់​តែ​បីថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​ការ​បើក​សម័យ​ប្រជុំ​រដ្ឋ​សភា​ដំបូង​និតិកាល​ទី​៥​ក្រោម​ព្រះ​រាជ​អធិបតី​ភាព​របស់​ព្រះ​មហា​ក្សត្រ​នឹង​ចាប់​ផ្តើម។​ នៅ​ថ្ងៃ​សុក្រ​នេះ​ គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ជំហរ​ចុង​ក្រោយ​ថា​ នឹង​មិន​ចូល​រួម​ប្រជុំ​សភា​ដំបូង​តាម​ការ​កោះ​អញ្ជើញ​ពី​ព្រះ​មហា​ក្សត្រ​ទេ ​ដរាប​ណា​ការ​ទាមទារ​របស់​ខ្លួន​មិនទាន់​ត្រូវ​បាន​ដោះ​ស្រាយ។

គណបក្ស​សង្គ្រោះ​ជាតិ​មក​ទល់​ពេល​នេះ​នៅ​តែ​ប្រកាន់​ជំហរ​តឹង​រឹង​ដដែល ​ដោយ​ទាមទារ​ឲ្យ​រដ្ឋា​ភិបាល​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត​គណៈ​កម្មការ​ស្វែង​រក​ការណ៍​ពិត​មួយ​ ក្រោយ​ពី​ការ​បោះ​ឆ្នោត ​ក៏​ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​គណបក្ស​ប្រជាជន​ទាត់ចោល។​

ក្នុង​ពេល​ដែល​វិបត្តិ​នយោបាយ​នៃ​គណបក្ស​គូជម្លោះ​ទាំងពីរ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ទាន់​បាន​ដោះ​ស្រាយ​ផងនោះ​ ​ព្រះ​មហា​ក្សត្រ​បាន​ចេញ​ព្រះ​រាជសារ​មួយ​ថ្វាយ​អ្នក​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​ទាំង​១២៣​រូប​ឲ្យ​ចូល​រួម​បើក​សម័យ​ប្រជុំ​ដំបូង​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​នេះ។​

លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​ក្នុង​អង្គ​សន្និសីទកា​សែត​នៅ​ថ្ងៃ​សុក្រ​នេះថា ​ជំហរ​ចុង​ក្រោយ​របស់​គណបក្ស​របស់​លោក​គឺ​មិន​ចូល​រួម​ប្រជុំ​សភា​ នៅ​ថ្ងៃ​ទី​២៣​ខាង​មុខ​នេះ​ទេ​ ដរាប​ណា​មិន​ទាន់​អាច​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​បាន។​

លោក​មាន​ប្រសាសន៍​ថា​ ការ​សម្រេច​មិន​ចូល​រួម​ប្រជុំ​សភា​នេះ​មិន​ត្រូវ​ចាំបាច់​តក់​ក្រហល់​ទេ ​ពី​ព្រោះ ​រដ្ឋធម្ម​នុញ្ញ​មាត្រា​៦២​បាន​ចែង​ថា​ ការ​ប្រជុំ​សភា​ដំបូង​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​៦០​ថ្ងៃ​ក្រោយ​ពេល​បោះ​ឆ្នោត​ មិន​មែន​ក្រោយ​ថ្ងៃ​បោះឆ្នោត​ទេ។​ លោក​បាន​បន្ត​ថា​ បើ​គិត​ពី​ថ្ងៃ​ដែល​គ.ជ.ប.​ប្រកាស​កាល​ពី​ថ្ងៃទី​៨​ខែ​កញ្ញា។ ​អញ្ចឹង​ការ​បើក​សម័យ​ប្រជុំ​ដំបូង​ត្រូវ​ធ្វើ​ឡើង​៦០​ថ្ងៃ​ ក្រោយ​ពេល​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ។​

លោក​និយាយថា៖​ «អញ្ចឹង​យើង​ត្រូវ​ថែម​៦០​ថ្ងៃ​ក្រោយ​ថ្ងៃ​៨​កញ្ញា​ មិន​មែន​៦០​ថ្ងៃ​ក្រោយ​២៨​កក្កដា​នោះ​ទេ។​ អញ្ចឹង​វា​មិន​ត្រូវ​តក់​ក្រហល់ទេ ​ដោយ​សារ​មាន​រឿង​ មាន​បញ្ហា​ដែល​យើង​ជជែក​ មាន​ប្រធាន​បទ​នៃ​ការ​ចរចា​ដែល​បន្ត»។​

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​កិច្ច​ចរចា​គ្នា​ចំនួន​ពីរ​ថ្ងៃ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ និង​ថ្ងៃ​អង្គារដើម​សប្តាហ៍​នេះ។​ ក៏ប៉ុន្តែ​ការ​ចរចា​នេះ​មិន​ដឹង​ថា ​នឹង​ចាប់​ផ្តើម​ឡើង​វិញ​នៅ​ពេល​ណា​ទេ។​

លោកសម រង្ស៊ី​បាន​និយាយ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ចង់​ឲ្យ​មាន​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល​ដើម្បី​អ្វីមួយ​ដែល​គណបក្ស​នេះ​បាន​ហៅ​ថា «​ដើម្បី​ឲ្យ​មាន​តុល្យភាព​នៃ​អំណាច»។

លោក​និយាយ​ថា៖ ​«គណបក្ស​សង្គ្រោះជាតិ​សុំ​ស្នើ​បន្ត​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​ ពី​ព្រោះ​កុំ​ឲ្យ​គណបក្ស​ប្រជាជន​និយាយ​ថា​ យើង​ឈប់​ចរចា ​យើង​មិន​ចង់​ចរចា​ យើង​ផ្អាក​ការ​ចរចា។ ​អត់​ទេ ​យើង​ត្រូវ​ចារ​ចា​គ្នា​បន្ត​ទៅ​ទៀត»។

ក្នុង​ការ​ចរចា​កាល​ពី​ដើម​សប្តាហ៍​នេះ ​គណបក្ស​គូជម្លោះទាំង​ពីរ​បាន​អះអាង​ថា ​ជិត​រក​ចំណុច​ត្រូវ​រ៉ូវ​គ្នា​ហើយ​ តែ​មិន​បាន​បញ្ជាក់​ថា​ ចំណុច​ត្រូវ​រ៉ូវ​គ្នា​នោះ​មាន​អ្វី​ខ្លះ​ទេ។​

គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រាង​គ្នា​ថា ​នឹង​បង្កើត​យន្តការ​កែ​ទម្រង់​គ.ជ.ប.​ទាំង​សមាស​ភាព​ និង​និតិវិធី​បោះ​ឆ្នោត។

លោកកឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​បញ្ជាក់​ថា ​គណបក្ស​របស់​លោក​នៅ​តែ​បន្ត​ការ​ទាម​ទារ​រក​យុត្តិធម៌ ដូច​ជាការ​ទាម​ទារ​ឲ្យ​បង្កើត​គណៈ​កម្មការ​ស្វែង​រក​ការណ៍​ពិត​សម្រាប់​ការ​បោះឆ្នោត។​

លោក​និយាយ​ថា៖​ «វា​អាច​នឹង​មាន​ នៅពេល​ដែល​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ លោក​មិន​ព្រម​ទទួល​យក​បាន ​គឺ​អាស្រ័យ ​ដូច​ខ្ញុំ​បាន​ជម្រាប​ខាង​ដើម។ ​យើង​គោរព​ឆន្ទៈប្រជា​ពលរដ្ឋ​ បើ​ប្រជាពលរដ្ឋ​ថា​ដាច់​ខាត​មិន​មាន​ដោះ​ស្រាយ​អ្វី​លោក​ទាម​ទារ​ធ្វើ​បាតុកម្ម​យើង​និង​ដើរ​តាម​ឆន្ទៈរបស់​ប្រជា​ពលរដ្ឋ»។​

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​មួយ​ដោយ​បាន​បញ្ជាក់​ថា​ បេក្ខ​ជន​ជាប់​ឆ្នោត​ទាំង​៦៨​រូប​និង​ចូល​រួម​ប្រជុំ​នៅ​ថ្ងៃ​ទី​២៣​ខាង​មុខ​នេះ។​

ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​មិន​ចូល​រួម​ប្រជុំ​សភា​ជា​លើក​ដំបូង​នោះ​ ព្រះ​អង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​ សមាជិក​គណៈ​កម្មការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​កូដកម្ម​អត់​អាហារ​មាន​រយៈ​ពេល​យូរ​ (មិន​កំណត់​ ថ្ងៃ)នៅ​វត្ត​ភ្នំ​ ​បន្ទាប់​ពី​ព្រះ​អង្គ​ត្រូវ​បាន​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ធ្វើ​កូដកម្ម​តម​អត់ហារនៅ​ពី​មុខ​ព្រះ​បរម​រាជ​វាំង។​

ព្រះ​អង្គមាន​បន្ទូល​ថា ​ការ​ធ្វើ​កូដកម្ម​អត់​អាហារ​នេះ​គឺ​ដើម្បី​ឲ្យ​ប្រទេស​ជាតិ​ចៀសវាង​នូវ​វិបត្តិ​សង្គ្រាម​ និង​ឲ្យ​គណបក្ស​នយោបាយ​ស្រុះ​ស្រួល​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG