អង្គការនយោបាយធំបំផុតចំនួនពីរនៅសាកលវិទ្យាល័យសហរដ្ឋអាមេរិក កំពុងអំពាវនាវឲ្យបិទវិទ្យាស្ថានខុងជឺទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ដោយនិយាយថា វិទ្យាស្ថានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលក្រុងប៉េកាំងទាំងនេះ ជាផ្នែកមួយនៃការប៉ុនប៉ងរបស់គណបក្សកុម្មុយនិស្តចិនដើម្បីត្រួតត្រាការនិយាយស្តីរបស់ចិននៅតាមសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។
លិខិតចំហមួយច្បាប់របស់អង្គការនយោបាយទាំងពីរនោះបានឲ្យដឹងថា សកម្មភាពរបស់ចិននៅតាមសាកលវិទ្យាល័យសហរដ្ឋអាមេរិក «បង្កឲ្យមានការគំរាមកំហែងដល់សេរីភាពនៃការសិក្សាដូចដែលយើងបានដឹងរួចទៅហើយ»។
វិទ្យាស្ថាន Athenai ដែលជាអង្គការមិនយកប្រាក់កម្រៃមួយដែលទើបតែបង្កើតឡើងក្នុងពេលថ្មីៗនេះដើម្បីផ្តោតយកចិត្តទុកដាក់លើការដាក់កម្រិតឥទ្ធិពលរបស់គណបក្សកុម្មុយនិស្តចិននៅតាមសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក គឺជាអ្នកដែលបានបោះពុម្ពផ្សាយលិខិតចំហនោះ។
បណ្ដាហត្ថលេខីលើលិខិតចំហចុះថ្ងៃទី១៣ ខែឧសភា នោះ រួមមានបណ្ដាមេដឹកនាំគណៈកម្មាធិការជាតិខាងគណបក្សសាធារណរដ្ឋនៅតាមសាកលវិទ្យាល័យនិងសមាជិកណបក្សប្រជាធិបតេយ្យនៅតាមសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិក ក៏ដូចជាក្រុមអង្គការសិទ្ធិមនុស្សដែលតំណាងឲ្យការបន្តការតស៊ូរបស់ពលរដ្ឋទីក្រុងហុងកុង ម៉ុងហ្គោលី តៃវ៉ាន់ ទីបេ វីហ្គើ និងអង្គការផ្សេងៗទៀតដែលប្រឆាំងនឹងចិន។
លោក Rory O’Connor នាយកវិទ្យាស្ថាន Athenai និងជាអនុប្រធានការអភិវឌ្ឍធនធានមនុស្សសម្រាប់គណបក្សប្រជាធិបតេយ្យសហរដ្ឋអាមេរិក បាននិយាយថា លោកមានការភ្ញាក់ផ្អើលចំពោះអង្គការសម្រាប់និស្សិតសមាជិកគណបក្សនយោបាយជាច្រើន ដែលបានរួបរួមគ្នាអំពាវនាវឲ្យបិទវិទ្យាស្ថានខុងជឺនេះ។លោកបាននិយាយទៀតថា ការណ៍នេះឆ្លុះបញ្ចាំងពីការព្រួយកង្វល់កាន់តែច្រើនឡើងក្នុងចំណោមក្រុមនិស្សិតទៅលើឥទ្ធិពលនៅឯនាយសមុទ្ររបស់គណបក្សកុម្មុយនិស្តចិន។
វិទ្យាស្ថានខុងជឺដែលត្រូវបានគាំទ្រដោយ Hanban ដែលជាទីភ្នាក់ងាររដ្ឋាភិបាលចិន ដើម្បីផ្សព្វផ្សាយវប្បធម៌និងភាសាចិនទូទាំងសកលលោក មានភាពចម្រូងចម្រាសជាយូរយារណាស់មកហើយនៅក្នុងសហរដ្ឋអាមេរិកនិងទីកន្លែងផ្សេងទៀត ដោយសារតែវិទ្យាស្ថាននេះមានចំណងទាក់ទងដ៏ជ្រាលជ្រៅជាមួយនឹងគណបក្សកុម្មុយនិស្តចិន។
នៅឆ្នាំ២០១៨ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Marco Rubio ខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋ Florida បានសរសេរថា៖
«មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប៉ុនប៉ងកាន់តែគឃ្លើនរបស់រដ្ឋាភិបាលចិនក្នុងការប្រើវិទ្យាស្ថានខុងជឺដើម្បីជះឥទ្ធិពលទៅលើស្ថាប័នអប់រំបរទេស និងការវិភាគស៊ីជម្រៅទៅលើប្រវត្តិសាស្រ្តរបស់ចិន និងគោលនយោបាយនៅពេលបច្ចុប្បន្ននេះរបស់ចិន»។
ក្រុមអ្នករិះគន់និយាយថា វិទ្យាស្ថានខុងជឺទាំងនោះ ក៏បានដាក់ការគាបសង្កត់លើសាកលវិទ្យាល័យនានាទាក់ទិននឹងព្រឹត្តិការណ៍នានា ដូចជាដំណើរទស្សនកិច្ចរបស់សម្តេច ដាឡៃ ឡាម៉ា ឬសន្និសីទស្តីពីកោះតៃវ៉ាន់ និងតាមដាននិងគំរាមកំហែងក្រុមនិស្សិតចិនដែលកំពុងសិក្សានៅបរទេសផងដែរ។ ក៏ប៉ុន្តែ ជាង១៨ខែកន្លងមកនេះ ការជជែកដេញដោលពីវិទ្យាស្ថានខុងជឺនៅតាមសាកលវិទ្យាល័យ ដែលបានផ្តោតលើសេរីភាពនៃការសិក្សា បានផ្តោតឡើងវិញលើសកម្មភាពនានា ដែលត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលចិន និងការគំរាមកំហែងទាក់ទិននឹងចារកម្មនៅតាមសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមអត្ថបទមួយស្តីពីការបិទវិទ្យាស្ថានខុងជឺ ដែលបានចុះផ្សាយក្នុងអត្ថបទមួយលើ Inside Higher Education។
ការព្យាយាមសុំអត្ថាធិប្បាយពីវិទ្យាស្ថានខុងជឺនៅក្នុងសហរដ្ឋអាមេរិក មិនបានទទួលជោគជ័យនោះទេ។
លោក Christopher Wray នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បានផ្តល់សក្ខីកម្ម កាលពីខែកក្កដា ឆ្នាំ២០១៩ ថា វិទ្យាស្ថានខុងជឺ ផ្តល់ជាមធ្យោបាយដើម្បីផ្សព្វផ្សាយអំពីរដ្ឋាភិបាលចិន ឬផ្សព្វផ្សាយអំពីការឃោសនារបស់គណបក្សកុម្មុយនិស្តចិន ដើម្បីលើកទឹកចិត្តឲ្យមានការរឹតត្បិតព័ត៌មាននិងដាក់កម្រិតទៅលើសេរីភាពនៃការសិក្សា។
វិទ្យាស្ថានខុងជឺអះអាងថា កម្មវិធីរបស់ខ្លួនមានលក្ខណៈស្រដៀងគ្នាទៅនឹងកម្មវិធីវប្បធម៌និងភាសារបស់ក្រុមប្រឹក្សាអង់គ្លេស (British Council) ឬ Alliance Francaise របស់បារាំងនៅជុំវិញពិភពលោកដែរ ប៉ុន្តែស្ថាប័នដែលឧបត្ថម្ភដោយរដ្ឋាភិបាលទាំងនោះ មិនពឹងផ្អែកលើវិទ្យាស្ថានជាម្ចាស់ផ្ទះសម្រាប់ផ្គត់ផ្គង់ថវិកាលើកម្មវិធីភាសាចិននិងកម្មវិធីផ្សេងៗទៀតនោះទេ។
លោក Caleb Max ជាសមាជិកក្រុមប្រឹក្សាភិបាលម្នាក់នៃវិទ្យាស្ថាន Athenai បាននិយាយថា បញ្ហាចម្បងគឺការណ៍ដែលគណបក្សកុម្មុយនិស្តចិន ផ្តល់ថវិកាដល់ វិទ្យាស្ថានខុងជឺ។
លោក Max បាននិយាយទៀតថា៖ «នេះមិនមែនជាការប្រឆាំងនឹងប្រជាពលរដ្ឋចិនទេ ប៉ុន្តែនេះជាការប្រឆាំងនឹងគណបក្សកុម្មុយនិស្តចិន។ យើងគួរតែលើកទឹកចិត្តឲ្យមានការបង្រៀនភាសាចិន។ យើងមិនចង់ឲ្យគណបក្សកុម្មុយនិស្តចិននៅពីក្រោយរឿងទាំងអស់នេះទេ»។
អ្នកស្រី Erica Kelly ជាប្រធានគណបក្សប្រជាធិបតេយ្យនៅតាមសាកលវិទ្យាល័យ ក្នុងរដ្ឋ Vigirnia គឺជាសមាជិកម្នាក់ដែលបានចុះហត្ថលេខាលើលិខិតចំហនោះ។ អ្នកស្រីបាននិយាយថា នៅឯសាកលវិទ្យាល័យរបស់អ្នកស្រីគឺសាកលវិទ្យាល័យ George Mason វិទ្យាស្ថានខុងជឺ បានរារាំងសាស្រ្តាចារ្យចិនមិនឲ្យបង្រៀនកម្មវិធីសិក្សាមួយចំនួន និងបានហាមប្រាមក្រុមខ្លះនៅតាមសាកលវិទ្យាល័យមិនឲ្យរៀបចំការពិភាក្សាស្តីពីបញ្ហានានាដែលរដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកថាជារឿងរសើប ដូចជាបញ្ហាទីបេ និងតំបន់ស្វ័យភាពវីហ្គើ ក្នុងខេត្តស៊ីនជាំងជាដើម។
អ្នកស្រី Kelly បាននិយាយទៀតថា៖ «ជាច្រើនលើកច្រើនសារមកហើយដែលនិស្សិតនៅសាកលវិទ្យាល័យរបស់យើងដែលជានិស្សិតមកពីសហគមន៍ទីបេ ឬសហគមន៍ជនជាតិវីហ្គើ មានអារម្មណ៍ថា មិនមានសុវត្ថិភាព និងមិនទទួលបានការស្វាគមន៍ ពីព្រោះតែវត្តមានរបស់វិទ្យាស្ថានខុងជឺនេះ។ នេះគឺដោយសារតែ សមាជិករបស់សហគមន៍វីហ្គើគិតថា នៅពេលដែលពួកគេនិយាយរិះគន់ចិនសមាជិកគ្រួសាររបស់ពួកគេនៅក្នុងប្រទេសចិនអាចមានគ្រោះថ្នាក់។ ដូច្នេះរឿងនេះប៉ះពាល់ដល់ខ្ញុំ និងចំពោះសាកលវិទ្យាល័យរបស់ខ្ញុំ ដែលខ្ញុំមានមោទនភាព។ ដោយហេតុនេះហើយ ការណ៍នេះមានសារៈសំខាន់ណាស់ចំពោះខ្ញុំ ដែលខ្ញុំត្រូវនិយាយចេញមក»។
លោក Ian Waite ដែលជាប្រធានសហព័ន្ធខាងគណបក្សសាធារណរដ្ឋនៅសាកលវិទ្យាល័យក្នុងរដ្ឋ Virginia បាននិយាយថា មុននឹងលោកចុះហត្ថលេខាលើលិខិតចំហនោះ លោកបានធ្វើឲ្យប្រាកដថា ពាក្យពេចន៍ក្នុងលិខិតនោះ បានញែកឲ្យដាច់ពីគ្នារវាងនិស្សិតជនជាតិចិននិងគណបក្សកុម្មុយនិស្តចិន ហើយលិខិតនោះមិនមានការស្អប់ខ្ពើមជនបរទេស ឬប្រកាន់ពូជសាសន៍ទេ។
លោកជឿថា ក្រុមនិស្សិតមកពីប្រទេសចិននិងជនជាតិវីហ្គើ ដែលកំពុងស្វះស្វែងសុំសិទ្ធិជ្រកកោននៅក្នុងសហរដ្ឋអាមេរិក គឺជាជនរងគ្រោះដ៏ធំបំផុតនៃវិទ្យាស្ថានខុងជឺនោះ។
លោក Waite បាននិយាយទៀតថា៖ «ដូច្នេះចំពោះខ្ញុំ លោកអ្នកដឹងច្បាស់ហើយថា មានការបែងចែកដាច់គ្នាយ៉ាងច្បាស់រវាងនិស្សិតចិន និងស្ថាប័នដែលទាក់ទិននឹងគណបក្សកុម្មុយនិស្តចិន។ វាមានសារៈសំខាន់ណាស់ក្នុងការបែងចែកឲ្យដាច់ពីគ្នាដូច្នេះ ព្រោះថាបើយើងនឹងធ្វើការថ្កោលទោសអំពីបញ្ហានេះ យើងចាំបាច់ត្រូវច្បាស់ថា គណបក្សកុម្មុយនិស្តចិននិងវិទ្យាស្ថានខុងជឺគឺជាបញ្ហាឬក៏អត់។ ឥទ្ធិពលកាន់តែទូលំទូលាយពីក្រុមនិស្សិតចិននៅតាមសាកលវិទ្យាល័យជាទូទៅជះឥទ្ធិពលវិជ្ជមានទៅលើការស្រាវជ្រាវនិងការអភិវឌ្ឍរបស់យើង»។
លិខិតចំហនោះបានថ្កោលទោសអ្នកដែលស្អប់ជនបរទេស ដែលមានខ្លឹមសារថា៖ «សកម្មភាពរបស់គណបក្សកុម្មុយនិស្តចិន បណ្តាលឲ្យមានការគំរាមកំហែងយ៉ាងខ្លាំងដល់សេរីភាពនៃការសិក្សា និងដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។ វាជាការចាំបាច់ណាស់ដែលយើងបែងចែកឲ្យដាច់ពីគ្នារវាងរបបផ្តាច់ការនេះពីប្រជាពលរដ្ឋចិន ដែលយើងត្រូវតែការពារពួកគេយ៉ាងខ្ជាប់ខ្ជួនពីសកម្មភាពស្អប់ខ្ពើមជនបរទេស ការប្រកាន់ពូជសាសន៍ និងការស្អប់ខ្ពើម។ យើងត្រូវតែធ្វើសកម្មភាពដើម្បីផ្តល់អំណាចបញ្ចេញមតិដល់អ្នកដែលត្រូវបានគេជិះជាន់សង្កត់សង្កិនជាយូរយារណាស់មកហើយ គឺជនជាតិចិន អ្នកទីក្រុងហុងកុង ម៉ុងហ្គោលី តៃវ៉ាន់ ទីបេ និងវីហ្គើ។ យើងត្រូវតែថ្កោលទោសរាល់ពាក្យពេចន៍និងមនោសញ្ចេតនាប្រឆាំងនឹងជនជាតិអាស៊ីទាំងអស់នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដែលរឿងនេះកើតមានឡើង។
ក្រុមមេដឹកនាំនិស្សិតជាច្រើនបានប្រាប់ VOA ថា និស្សិតអាមេរិកាំងជាច្រើន មិនយល់ពីឥទ្ធិពលរបស់វិទ្យាស្ថានខុងជឺនិងគណបក្សកុម្មុយនិស្តចិនទៅលើសាកលវិទ្យាល័យរបស់ពួកគេទេ។ ពួកគេក៏បាននិយាយថា ការអនុវត្តរបស់គណបក្សកុម្មុយនិស្តចិនលើទីក្រុងហុងកុង និងតំបន់ស៊ីនជាំង និងការផ្ទុះឡើងនូវជំងឺកូវីដ១៩ ក៏បានធ្វើឲ្យនិស្សិតអាមេរិកាំង ទំនងជាមិនសូវមានការពាក់ព័ន្ធជាមួយនឹងគណបក្សកុម្មុយនិស្តចិនដែរ។
លោក John Metz ប្រធានក្រុមប្រឹក្សាជាតិរបស់គណបក្សប្រជាធិបតេយ្យនៅសាកលវិទ្យាល័យអាមេរិក បាននិយាយថា៖ «ខ្ញុំគិតថា ការណ៍នេះឆ្លុះបញ្ចាំងពីការមូលមតិគ្នាកាន់តែខ្លាំងក្នុងចំណោមយុវជនរបស់គណបក្សនយោបាយទាំង២ ហើយខ្ញុំគិតថា ព្រឹត្តិការណ៍ក្នុងរយៈពេលបីបួនថ្ងៃចុងក្រោយនេះ ជាពិសេសក្នុងទីក្រុងហុងកុង បានធ្វើឲ្យមានការផ្លាស់ប្តូរ»។ កាលពីពេលថ្មីៗនេះ សមាជជាតិរបស់ប្រជាជនចិន បានអនុម័តច្បាប់សន្តិសុខជាតិទៅលើទីក្រុងហុងកុង ដែលធ្វើឲ្យប្រជាជនហុងកុងជាច្រើនមានការភ័យខ្លាចថា ច្បាប់នេះនឹងធ្វើឲ្យប៉ះពាល់ដល់នីតិរដ្ឋ សិទ្ធិមនុស្ស និងសេរីភាពរបស់ពលរដ្ឋហុងកុង។
គណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋបាននិយាយថា នេះគ្រាន់តែជាជំហានដំបូងតែប៉ុណ្ណោះ ហើយថា ពួកគេ នឹងបន្តជំរុញយុទ្ធនាការថ្នាក់មូលដ្ឋាននៅតាមសាកលវិទ្យាល័យ ជំរុញឲ្យសាកលវិទ្យាល័យនានាចាត់វិធានការម៉ឺងម៉ាត់ដើម្បីអនុវត្តតាមការអំពាវនាវរបស់លិខិតបើកចំហនោះ ហើយនិងជំរុញក្រុមនិស្សិតឲ្យកាន់តែច្រើនឡើងឲ្យទាក់ទងសមាជិកសភារបស់ពួកគេ ដើម្បីជំរុញឲ្យមានគោលនយោបាយនៅកម្រិតនីតិបញ្ញត្តិ។
គិតត្រឹមថ្ងៃទី១៥ ខែឧសភានេះ យោងតាមសមាគមអ្នកស្រាវជ្រាវជាន់ខ្ពស់ជាតិ មានវិទ្យាស្ថានខុងជឺចំនួន៨១នៅក្នុងសហរដ្ឋអាមេរិកនិងមានចំនួន៤៨០នៅទូទាំងពិភពលោក៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន