ក្រុមមន្ត្រីខាងថាមពលមកពីប្រទេសផលិតប្រេងធំៗនៅក្នុងពិភពលោក លើកលែងតែប្រទេសអ៊ីរ៉ង់ចេញ បានជួបប្រជុំគ្នានៅក្នុងប្រទេស Qatar ធ្វើការចរចាអំពីលទ្ធភាពនៃការរក្សាកម្រិតផលិតកម្មឲ្យនៅដដែល ដើម្បីទប់ទល់នឹងតម្លៃប្រេងទាបជាប្រវត្តិសាស្ត្រដែលឧស្សាហកម្មនេះបានជួបប្រទះកាលពីពេលថ្មីៗនេះ។
ក្រុមអ្នកតំណាងមកពីប្រទេសផលិតប្រេងយ៉ាងតិចណាស់១៥ ដោយរួមបញ្ចូលទាំងប្រទេសអារ៉ាប៊ី សាអូឌីតនិងប្រទេសរុស្ស៊ីផងដែរ បានប្រជុំគ្នាកាលពីថ្ងៃអាទិត្យនៅក្នុងក្រុង Doha ដើម្បីពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងទប់នឹងការចុះតម្លៃប្រេង ដែលបានធ្វើឲ្យក្រុមប្រទេសដឹកជញ្ជូនប្រេងទៅលក់ឯក្រៅប្រទេសខាតបង់ប្រាក់ចំណូលរាប់ពាន់លានដុល្លារមកហើយ។
សេចក្តីព្រាងកិច្ចព្រមព្រៀងគ្នាមួយ អំពាវនាវដល់ក្រុមប្រទេសផលិតប្រេងឲ្យកម្រិតផលិតកម្មនៅត្រឹមកម្រិតក្នុងខែមករារហូតដល់ខែតុលា។ គោលដៅរបស់ពួកគេគឺដំឡើងតម្លៃប្រេងដែលបានចុះពី១០០ដុល្លារក្នុងមួយធុងកាលពីពាក់កណ្តាលឆ្នាំ២០១៥ ដល់ក្រោម៣០ដុល្លារក្នុងមួយធុងកាលពីខែមករា។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ប្រទេសអារ៉ាប៊ី សាអូឌីតបាននិយាយថាខ្លួននឹងមិនគាំទ្រដល់ការបង្កកផលិតកម្មទេ ប្រសិនបើប្រទេសអ៊ីរ៉ង់មិនយល់ព្រមនឹងផែនការនេះទេនោះ។
កាលពីពេលមុននេះ ប្រទេសអ៊ីរ៉ង់បាននិយាយថាខ្លួននឹងបញ្ជូនបេសកជនម្នាក់ទៅកាន់ការប្រជុំនោះ តែនៅទីបញ្ចប់មិនបានបញ្ជូនគណៈប្រតិភូទៅទេ។
អ៊ីរ៉ង់បានបង្កើនផលិតកម្មប្រេងចាប់តាំងពីមានការលុបចោលការដាក់ទណ្ឌកម្មនៅក្រោយមានកិច្ចព្រមព្រៀងបរមាណូមួយជាមួយក្រុមប្រទេសមហាអំណាច៕