ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃអង្គារនេះ បានបើកកិច្ចប្រជុំពិភាក្សាគ្នាមួយ ក្នុងគោលបំណងរកវិធីសាស្ត្រស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីកម្ពុជាបានរងគ្រោះដោយទឹកជំនន់ នៅក្នុងរយៈពេលជាងពីរខែកន្លងទៅនេះ។
ទឹកជំនន់នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រមាណជាង២៤៧នាក់ ហើយបានធ្វើឲ្យប៉ះពាល់មនុស្សជាងមួយលានប្រាំសែននាក់ ខាតបង់ថវិកាចំនួនជាងពីររយហាសិបមួយលានដុល្លារសហរដ្ឋអាមេរិក ខួចខាតដំណាំស្រូវជាងពីរសែនហិកតា ប៉ះពាល់ដល់ដំណាំស្រូវជាងបួនសែនហិកតា ខួចខាតផ្លូវលំជាងបីពាន់គីឡូម៉ែត ផ្លូវជាតិជាងមួយពាន់គីឡូម៉ែត។
លោក យឹម វណ្ណដា អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា រដ្ឋាភិបាលកម្ពុជា កំពុងតែស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ទាំងផ្លូវថ្នល់ ដំណាំស្រូវ និងទំនប់ទឹក។ លោកបានមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញ ចាប់ផ្តើមស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ នៅតាមខេត្តទាំងដប់ប្រាំបី បន្ទាប់ពីបានរងគ្រោះដោយទឹកជំនន់។
«ធ្វើផ្លូវ ធ្វើផ្លូវ និងធ្វើទំនប់ទឹក វាទៅជាមួយគ្នា។ ពិសេសអាមួយ ធ្វើផ្លូវវាលិចទឹកតែម្តង ហើយក្រោយមក យើងធ្វើផ្លូវប្រភេទស្រាល ហើយនិងទំនប់ទឹក និងប្រភេទស្រាលៗអីច្ចឹងទៅ។ ចាំតាអាធ្ងន់ ព្រោះថាឥឡូវវាស្រាលអី វាចាំបាច់»។
ប្រទេសកម្ពុជា បានទទួលរងគ្រោះដោយទឹកជំនន់ ពីទន្លេមេគង្គ និងជំនន់ពីទឹកភ្លៀង កាលពីចុងខែ និងបានបណ្តាលឲ្យខេត្តចំនួនដប់ប្រាំបី ទទួលរងនូវផលប៉ះពាល់។
លោក ម៉ៅ ហាក់ អគ្គនាយករងទទួលបន្ទុកបច្ចេកទេស និងជាប្រធាននាយកដ្ឋានជលសាស្ត្រ នៃក្រសួងធនធានទឹក បាននិយាយថា ស្ថានភាពទឹកទន្លេមេគង្គ និងទន្លេសាប បានចាប់ផ្តើមស្រកហើយ។ លោកបានបញ្ជាក់ថា ត្រង់ទន្លេចតុមុខ ទឹកបានស្រក មកត្រឹមដប់ម៉ែត្រសែសិបបី គឺទាបជាងកម្រិត ដែលយើងត្រូវប្រុងប្រយ័ត្ន។
«ទឹកចាប់ផ្តើមស្រកដោយសារអាកាសធាតុ ទីមួយគឺទឹកទន្លេមេគង្គ នៅឯខាងទន្លេមេគង្គលើហ្នឹង បានស្រកតាំងពីដើមខែមកម៉្លេះ។ ឯមួយទៀត វាភ្លៀងនៅរាជធានីភ្នំពេញនេះ ក៏មានការថយចុះ អីចឹងសកម្មភាពអាកាសធាតុទាំងអស់នេះ គឺស្ថិតនៅអាកាសធាតុទន្លេមេគង្គ ទន្លេហ្នឹងស្រកចុះហើយ។»
ប្រទេសកម្ពុជា មិនបានអំពាវនាវស្វែងរកជំនួយទេ តែប្រទេសចិននៅតែនាំមុខគេក្នុងការផ្តល់ជំនួយដោយស្ម័គ្រចិត្ត មកដល់ប្រទេសកម្ពុជា ដែលរងគ្រោះដោយទឹកជំនន់ បន្ទាប់មកមានប្រទេសជប៉ុន សាធារណកូរ៉េ សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនផ្សេងទៀត៕