ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​រដ្ឋាភិបាល​ចាប់​ផ្តើម​ប្រកាស​ទ្រព្យ​សម្បតិ្ត​ដើម្បី​ទប់​ស្កាត់​អំពើ​ពុករលួយ


សកម្មជន​ធ្វើ​យុទ្ធនាការ​​​​​នៅភ្នំពេញ​ប្រឆាំង​អំពើ​ពុករលួយ​
សកម្មជន​ធ្វើ​យុទ្ធនាការ​​​​​នៅភ្នំពេញ​ប្រឆាំង​អំពើ​ពុករលួយ​

ភ្នំពេញ៖ ក្រុមមន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​នៅ​ថ្ងៃសុក្រ​នេះ​ថា​ មន្ត្រី​រាជរដ្ឋាភិបាល​ជាន់ខ្ពស់​ជាង​១០០.០០០​នាក់​កំពុង​បំពេញ​ទម្រង់​បែបបទ​នៃ​របាយការណ៍​ការប្រកាស​ទ្រព្យសម្បត្តិ​នៅក្នុង​ដំណើរការ​ធម្មតា​ដែល​ជា​វិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដ៏​រីករាលដាល​ដោយ​ចាប់ផ្តើម​ពី​ខែមករា​នេះ​ទៅ។

លោក​កែវ រ៉េមី ​អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​បាន​ថ្លែង​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា ​រាជរដ្ឋាភិបាល​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ឱ្យ​មាន​ប្រសិទ្ធភាព​ធានា​នូវ​សុវត្ថិភាព​របស់​បុគ្គល​និង​មិនឱ្យ​មាន​ការរំជើប​រំជួល​នៅក្នុង​សង្គម។

«ការប្រកាស​ទ្រព្យសម្បត្តិ​នេះ​គឺជា​វិធានការ​មួយ​ក្នុង​ការទប់ស្កាត់​អំពើ​ពុករលួយ។ ការប្រកាស​ទ្រព្យ សម្បត្តិ​នេះ​ជា​លក្ខណៈ​សម្ងាត់​លើក​ដំបូង​និង​ប្រវត្តិសាស្ត្រ​ដោយ​ធានា​នូវ​សុវត្ថិភាព​ទាំង​ខាង​ផ្លូវកាយ​ និង​ផ្លូវចិត្ត​ជូន​មន្ត្រី​ដែល​ត្រូវ​ប្រកាស​ទ្រព្យ​នោះ»។

ដំណើរការ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ​បាន​ធ្វើឡើង​ចាប់​ពីថ្ងៃទី១​ខែមករា​ដល់​ខែមិនា។ មន្ត្រី​ជាប់​កាតព្វកិច្ច​ ប្រកាស​ទ្រព្យសម្បត្តិ​មួយ​ចំនួន​បាន​ទទួល​នូវ​ទម្រង់​បែបបទ​នៃ​ការប្រកាស​ទ្រព្យសម្បត្តិ​និង​កំពុងតែ​ បំពេញ​បញ្ជី​ទ្រព្យសម្បត្តិ​របស់​គាត់។

លោក​អ៊ិត រ៉ាឌី ​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​បាន​ថ្លែងថា​លោក​បាន​បំពេញ​ទម្រង់​បែបបទ​ប្រកាស ទ្រព្យសម្បត្តិ​និង​ដាក់​ក្នុង​ស្រោម​សំបុត្រ​ចំនួន​ពីរ​ដូចគ្នា​ហើយ​បិទ​ស្រោម​សំបុត្រ​ទាំងពីរ​នោះ​ឱ្យ​ជិត ដោយ​ខ្លួន​លោក​ហើយ​យក​សំបុត្រ​នោះ​ទៅជូន​មន្ត្រី​បង្គោល​នៅក្នុង​ក្រសួង​ដែល​ជា​អ្នកប្រមូល​របាយការណ៍​ប្រកាស​ទ្រពសម្បត្តិ​ដើម្បី​យក​ទៅ​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

លោក​នូវ សុវត្ថិរ៉ូ ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា​ដំណើរការ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ​មិន មាន​លក្ខណៈ​ស្មុគស្មាញ​ទេ។

«សំបុត្រ​ដែល​យើង​បំពេញ​ហើយ​នោះ​ក្រោយ​ពី​បិទ​ហើយ​យក​ទៅដាក់​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ ក្រោយពី​ទទួល​បាន​របាយការណ៍​ប្រកាស​ទ្រព្យសម្បត្តិ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បោះត្រា​លើ​នៅត្រង់​កន្លែង​បិទ​ស្រោម​សំបុត្រ​ទីមួយ​និង​ទីពីរ។ ស្រោមសំបុត្រ​ទីមួយ​ និង​ទីពីរ​ដូច​តែគ្នា​ទេ។ ប៉ុន្តែ ​ស្រោម​មួយ​រក្សា​ទុក​នៅ​កន្លែង​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​និង​ស្រោមសំបុត្រ​មួយទៀត​ផ្ញើ ត្រឡប់មក​ឱ្យ​សាម៉ី​ខ្លួន​ទុក​នៅក្នុង​គ្រួសារ​វិញ»។

លោក​ស៊ៀង បូរ៉ាត់​ អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការប្រកាស​ ទ្រព្យសម្បត្តិ​នៅ​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃពុធ​ថាគ្មាន​នរណា​មាន​សិទ្ធិ​ហែក​ស្រោម​សំបុត្រ​ប្រកាស​ទ្រព្យ ​នេះ​មើល​ជា​ដាច់ខាត​ ប៉ុន្តែ​បើ​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ណា​ម្នាក់​មាន​ការកើន​ឡើង​ខុស​ប្រក្រតី​និង​បើមាន​ ពាក្យ​បណ្តឹង​ថា​មន្ត្រី​ណាម្នាក់​មាន​បាន​ដោយ​ការគាបសង្កត់​ជនណា​ម្នាក់​នោះ​ អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​នឹង​បើក​ស្រោម​សំបុត្រ​របស់​មន្ត្រី​នោះ​ដើម្បី​ធ្វើ​ការស៊ើប​អង្កេត។

លោក​ យឹម សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សម រង្ស៊ី ​បាន​ថ្លែងថា​លោក​ចង់​ឱ្យ​មាន​ការប្រកាស​ទ្រព្យ សម្បត្តិ​ជា​សាធារណៈ​ដើម្បី​ដឹង​ឮ​ជាទូទៅ​និង​ធានា​ឱ្យ​មាន​តម្លាភាព​និង​ការទទួលខុស​ត្រូវ​នៅក្នុង​ប្រព័ន្ធ គ្រប់គ្រង​របស់​រដ្ឋ។

«ខ្ញុំ​ជឿថា​ ការប្រកាស​ទ្រព្យសម្បត្តិ​សម្ងាត់​នេះ​មាន​ប្រសិទ្ធភាព​តិចតួច​ណាស់​ ព្រោះ​ការប្រកាស​មិន សាធារណៈ​នេះ​បើក​ផ្លូវ​ឱ្យ​មាន​ការរំលោភ​អំណាច​និង​ការទំនាស់​ផលប្រយោជន៍។ បើ ​(អាជ្ញាធរ)ចង់​ចាប់​ អ្នកណា​មួយ ​ឬ ​មិនចង់ ​វា​ស្រេច​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ»។

លោក​កែវ រ៉េមី​ អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​បាន​ថ្លែង​ថា​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​តម្រូវ​ឱ្យ​មន្ត្រី​ជាប់​កាតព្វកិច្ច​គ្រប់រូប​ប្រកាស​ទ្រព្យសម្បត្តិ​ជា​សម្ងាត់។

«ក្នុង​ច្បាប់​គេ​ប្រកាស​ទ្រព្យសម្បត្តិ​ជា​សម្ងាត់​ ហើយ​បើយើង​ប្រកាស​ទ្រព្យសម្បត្តិ​ជា​សាធារណៈ​វា​ជា​រឿងមួយ​ខុស​ច្បាប់»។

រដ្ឋសភា​ បាន​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នេះ​កាលពី​ឆ្នាំ២០១០​ ដែល​តម្រូវ​ឱ្យ​មន្ត្រី​ជាប់​ពន្ធនាគារ​ ដល់​ទៅ​១៥ឆ្នាំ​ បើ​តុលាការ​បាន​រកឃើញ​ទោស​កំហុស​របស់​មន្ត្រី​ណាម្នាក់​ពីការ​ទទួល​សំណូក។

អង្គការ​តម្លាភាព​អន្តរជាតិ ​(Transparency International) ​បាន​និយាយ​ថ្មីៗ​នេះ​ថា​ប្រទេស​កម្ពុជា​បាន​ស្ថិត​នៅក្នុង​លំដាប់​ថ្នាក់​ទី១៥៤​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៧៨​ដែល​បាន​ប្រពឹត្ត​អំពើ​ពុករលួយ​យ៉ាង​ខ្លាំង៕

XS
SM
MD
LG