លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានថ្លែងថាស.រ.អាមានសេចក្តីសន្យាដ៏«ម៉ឺងម៉ាត់»ចំពោះសន្តិសុខនៃ សម្ព័ន្ធមិត្តនៅក្នុងឈូងសមុទ្រពែកស៍ ហើយនឹងពិចារណាអំពីការប្រើកម្លាំងយោធា បើសិនជាប្រទេសទាំងនេះមានការគម្រាមកំហែង។
លោកអូបាម៉ាបានទទួលមេដឹកនាំ និងមន្រ្តីជាន់ខ្ពស់ពីក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែកស៍ ហៅកាត់ថា GCC ដែលមានប្រទេស ៦ ជាសមាជិកនៅក្នុងសន្និសីទកំពូលមួយនៅដំណាក់ប្រធានាធិបតីនៅ Camp David ស្ថិតនៅខាងជើងក្រុង វ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍។ មេដឹកនាំទាំងនេះមានរួមរាជទាយាទ និង រាជទាយាទរងនៃប្រទេសអារ៉ាប៊ី សាអូឌីត អេមៀរនៃប្រទេសគុយវ៉ែត ប្រទេសកាតា និងមន្រ្តីជាន់ខ្ពស់ពីប្រទេសបារ៉ែន អូម៉ង់ និងអារ៉ាប់រួម។
លោកប្រធានាធិបតីថ្លែងនៅក្រោយកិច្ចប្រជុំថា លោកបាន«បញ្ជាក់យ៉ាងច្បាស់»នៅក្នុងកិច្ចចរចាថា ស.រ.អានឹងគាំទ្រប្រទេសដៃគូនៃក្រុមប្រឹក្សា GCC «ប្រឆាំងនឹងការវាយប្រហារពីខាងក្រៅ» ហើយពិចារណាអំពី «ការប្រើគ្រប់មធ្យោបាយដែលប្រទេសទាំងអស់មានរួមទាំងកម្លាំងយោធា»ផង។
មេដឹកនាំនៃប្រទេសឈូងសមុទ្រពែកស៍ បានមកចូលរួមក្នុងសន្និសីទកំពូល ដើម្បីចង់បានការធានាពីលោកប្រធានាធិបតីថាស.រ.អានឹងមានសេចក្តីសន្យាពេញលេញចំពោះសន្តិសុខរបស់ពួកគេ។
ប្រទេសទាំងនេះមានសេចក្តីបារម្ភថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយរវាងគូប្រជែងធំរបស់ខ្លួនគឺអ៊ីរ៉ង់ ជាមួយប្រទេសមហាអំណាចពិភពលោកធំៗនឹងបន្ធូរទណ្ឌកម្មពីបស្ចឹមប្រទេស ហើយនឹងធ្វើឲ្យ អ៊ីរ៉ង់ក្លាយទៅជាប្រទេសមានអំណាចគឃ្លើនជាងមុនមួយនៅក្នុងតំបន់៕