លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នៃសហរដ្ឋអាមេរិកបានថ្លែងថាពិភពលោកទាំងមូល«មានការរួបរួមគ្នាប្រឆាំងនឹងការធ្វើទុក្ខទោសដោយអំពើជ្រុលនិយមប្រើហិង្សានិងអំពើភេរវកម្ម»។ លោកបានថ្លែងដូច្នេះនៅក្នុងអំឡុងសុន្ទរកថាមួយនៅថ្ងៃចុងក្រោយនៃសន្និសីទមួយនៅរដ្ឋធានីវ៉ាស៊ីនតោនដែលផ្តោតលើយុទ្ធសាស្ត្រតទល់នឹងលទ្ធិជ្រុលនិយមហិង្សា។
ក្នុងសុន្ទរកថាទៅកាន់អ្នកតំណាងមកពីប្រទេសជាង៦០ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលមួយនៅក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិកថ្លែងថា សហគមន៍អន្តរជាតិត្រូវតែមានការប្តេជ្ញាចិត្ត«ឥតងាករេ»ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ។
លោកបានថ្លែងជាថ្មីម្តងទៀតនៅក្នុងសុន្ទរកថាថ្ងៃព្រហស្បតិ៍នេះ ដោយអំពាវនាវឲ្យពិភពលោកទាំងមូលទប់ទល់នឹងអំពើជ្រុលនិយមប្រើហិង្សា ដោយលោកនិយាយថា ក្រុមជីហាត (jihadists) បានផ្សព្វផ្សាយពាក្យភូតកុហកមួយដែលថា សង្គ្រាមវប្បធម៌មួយកំពុងកើតមានឡើង។
លោកអូបាម៉ាថ្លែងទៅកាន់កិច្ចប្រជុំកំពូលនេះថា«គំនិតដែលថា បស្ចិមប្រទេសកំពុងធ្វើសង្គ្រាមប្រឆាំងនឹងសាសនាអ៊ីស្លាមនោះជារឿងភូតកុហកយ៉ាងអាក្រក់។ ហើយយើងទាំងអស់គ្នា ទោះបីប្រកាន់ជំនឿសាសនាអ្វីក៏ដោយ មានកាតព្វកិច្ចបដិសេធគំនិតបែបនេះ។»