លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ថាលោកនឹងអញ្ជើញទៅទស្សនាក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុន នៅចុងខែនេះហើយលោកនឹងក្លាយទៅជាមេដឹកនាំអាមេរិកាំងទីមួយដែលអញ្ជើញទៅកាន់ក្រុងនេះ ដែលនៅទីនោះយន្តហោះចម្បាំងអាមេរិកាំងមួយគ្រឿងបានទម្លាក់គ្រាប់បែកបរមាណូទីមួយរបស់ពិភពលោកកាលពីឆ្នាំ១៩៤៥ នៅក្នុងសង្គ្រាមលោកលើកទីពីរ។
ក្នុងរយៈពេល៧ទសវត្សរ៍មកហើយ ប្រធានាធិបតីអាមេរិកាំងបានចៀសវៀងមិនអញ្ជើញទៅទស្សនាក្រុង Hiroshima និងក្រុង Nagasaki ទេដែលនៅទីនោះគ្រាប់បែកបរមាណូទីពីរបានត្រូវទម្លាក់នៅពេលបីថ្ងៃបន្ទាប់មក។ ការមិនទៅទស្សនាទីនោះគឺចៀសវៀងមិនឱ្យមានអារម្មណ៍ថា ទស្សនកិច្ចមួយបែបនេះអាចត្រូវយល់ឃើញថា ជាការសុំអភ័យទោសអំពីមហន្តរាយដែលបណ្តាលមកពីអាវុធទាំងនេះ។
សេតវិមានបាននិយាយថា លោក អូបាម៉ា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចក្នុងក្រុង Hiroshima ជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe នៅទីបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកពីថ្ងៃទី២១ដល់ថ្ងៃទី២៨ខែឧសភា នៅក្នុងប្រទេសវៀតណាមនិងប្រទេសជប៉ុន។
លោក Ben Rhodes ដែលជាទីប្រឹក្សារបស់លោកអូបាម៉ាបានបដិសេធអំពីលទ្ធភាពដែលថាលោកអូបាម៉ានឹងសុំអភ័យទោសអំពីការទម្លាក់គ្រាប់បែកបរមាណូនៅក្នុងក្រុង Hiroshima និងក្រុង Nagasaki។
លោក Rhodes បាននិយាយថា លោកប្រធានាធិបតី«នឹងមិនពិនិត្យមើលជាថ្មីអំពីសេចក្តីសម្រេចចិត្តក្នុងការប្រើប្រាស់គ្រាប់បែកបរមាណូនៅទីបញ្ចប់នៃសង្គ្រាមលោកលើកទីពីរទេ។ លោកនឹងផ្តល់ទស្សនៈវិស័យសម្រាប់ពេលអនាគតដោយផ្តោតការយកចិត្តទុកដាក់លើអនាគតរួមគ្នារបស់យើង»ជាមួយប្រទេសជប៉ុន៕