លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានជួបជាមួយលោក Adel al-Jubeir រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប៊ីសាអូឌីតនៅឯសេតវិមាន នៅពេលដែលស.រ.អា.បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យក្រុមសម្ព័ន្ធមិត្តដែលនៅមានការសង្ស័យជឿទុកចិត្តលើកិច្ចព្រមព្រៀងបរមាណូជាមួយប្រទេសអ៊ីរ៉ង់។
លោក Josh Earnest អ្នកនាំពាក្យសេតវិមានបាននិយាយថា ភាគីទាំងពីរបាននិយាយគ្នាអំពីកិច្ចព្រមព្រៀងបរមាណូកាលពីពេលថ្មីៗនេះ និងពិភាក្សាគ្នាថាតើគួរតែធ្វើបែបណាដើម្បីពង្រឹង «ភាពជាដៃគូយ៉ាងជិតស្និទ្ធ និងមានរយៈពេលយូរ» របស់ពួកគេ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Jubeir បានបញ្ចេញជាថ្មីទៀតអំពីកង្វល់របស់រដ្ឋាភិបាលលោកដែលថា ប្រទេសអ៊ីរ៉ង់នឹងប្រើប្រាក់ដែលបានមកពីការបន្ធូរបន្ថយការដាក់ទណ្ឌកម្មដើម្បីបន្តផ្តល់ប្រាក់ឱ្យដល់ក្រុមជនសកម្មប្រយុទ្ធនៅក្នុងប្រទេសនានាដូចជាប្រទេសស៊ីរី យេម៉ែន និងប្រទេសលីបង់ជាដើម។
លោក Jubeir បាននិយាយនៅក្រោយកិច្ចចរចាជាមួយលោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry ថា «យើងសង្ឃឹមថាអ៊ីរ៉ង់នឹងប្រើប្រាស់កិច្ចព្រមព្រៀងនេះដើម្បីកែលម្អស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសអ៊ីរ៉ង់ និងកែលម្អជីវភាពរបស់ពលរដ្ឋអ៊ីរ៉ង់ជាច្រើននាក់ហើយមិនប្រើប្រាស់កិច្ចព្រមព្រៀងនេះសម្រាប់ធ្វើការផ្សងព្រេងនៅក្នុងតំបន់ទេ។ ប្រសិនបើប្រទេសអ៊ីរ៉ង់ព្យាយាមធ្វើឱ្យមានការខូចខាតក្នុងតំបន់ យើងប្តេជ្ញាប្រឈមមុននឹងប្រទេសនេះជាដាច់ខាត»៕