សាក្សីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា នួន ជា មានការទាក់ទងជាប្រចាំជាមួយនឹង ឌុច អតីតប្រធានមន្ទីរ ស-២១ ឬ គុកទួលស្លែង។
ការបង្ហាញនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីបងធំទី២នៃរបបកម្ពុជាប្រជាធិបតេយ្យបដិសេធការទទួលខុសត្រូវលើគុកទួលស្លែងនិងប្រកាសថា គាត់មិនមែនជាមេកើយបញ្ជាលើ ឌុច នោះទេ។
លោក សូត្រ ទឿង ដែលធ្លាប់ធ្វើជាកងការពាររបស់នួន ជា បានអះអាងក្នុងអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃនេះថា គាត់បាននាំសំបុត្រ និងឯកសារពីនួន ជា ទៅឲ្យឌុច និងយកសំបុត្រ និងឯកសារពី ឌុច ទៅឲ្យនួន ជា វិញ។
លោកបានឆ្លើយតបនឹងសំណួររបស់សហព្រះរាជអាជ្ញារងអន្ដរជាតិ លោក ដែល លីហ្ស៊ាក់ (Dale Lysak) តាមរយៈជំនួយពីអ្នកបកប្រែ។
«ឯកសារនោះដាក់ក្នុងស្រោមសំបុត្រ។ មានសរសេរជូនទៅឌុច ពីតា នួន ជា»។
លោក សូត្រ ទឿង អាយុ ៦២ ឆ្នាំ មកពីខេត្តរតនគិរី។ គាត់បានចូលធ្វើបដិវត្តន៍បែបកុម្មុយនិស្ដជាមួយពួកខ្មែរក្រហមនៅឆ្នាំ១៩៦៨ នៅភូមិភាគឥ្ឍសាន និងក្រោយមកត្រូវតែងតាំងឲ្យធ្វើជាកងការពារ ឬអង្គរក្សរបស់នួន ជា។
សាក្សីដដែលនេះធ្វើការជាអ្នកនាំសាររវាងនួន ជា និងឌុច ចាប់ពីថ្ងៃទី ១៥ សីហា ឆ្នាំ១៩៧៧ ក្នុងអំឡុងប្រមាណជាមួយឆ្នាំ។ នេះបើយោងតាមចម្លើយរបស់សាក្សីទៅកាន់សហចៅក្រមស៊ើបអង្កេតដែលបង្ហាញដោយសហព្រះរាជអាជ្ញារងអន្ដរជាតិ។
កាលពីម្សិលមិញ នួន ជា បានស្នើឲ្យអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមច្រានចោលសក្ខីកម្មដែលឌុច លាតត្រដាងជាប់ពាក់ព័ន្ធនឹងរូបគាត់។
សាក្សីរូបនេះបានឆ្លើយសំណួររបស់លោកស្រី ទី ស្រ៊ីនណា មេធាវីមួយរូបតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី លោកសូត្រ ទឿង បានលើកឡើងថា គាត់មិនដែលបានឃើញនួន ជា និង ឌុច ជួបគ្នាទល់មុខនោះទេ។ ជាមួយគ្នានោះ សូត្រ ទឿង ក៏បានបញ្ជាក់ថា គាត់បានរស់នៅដោយការភ័យខ្លាចក្នុងសម័យខ្មែរក្រហម។ គឺភ័យខ្លាចចំពោះការប្រព្រឹតិ្តខុសនឹងមាគ៌ារបស់អង្គការ និងភ័យខ្លាចចំពោះការចាប់ខ្លួនយកទៅសម្លាប់ចោល៕